រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានដកតំណែង និងចាត់វិធានការច្បាប់លើអតីតនាយកសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង លោក យស ផន និងជាគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជាបច្ចុប្បន្ន ក្នុងករណីដែលអតីតគ្រូនគរបាលជាតិរូបនេះមិនព្រមប្រគល់ដីដែលខ្លួនកាន់កាប់សព្វថ្ងៃនេះជូនសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង វិញ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលជាតិនៃសាលានគរបាលជាតិភូមិភាគ១ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បើឧត្តមសេនីយ៍ យស ផន ចង់រក្សាតំណែងជាគ្រូនគរបាលជាតិបន្តទៀត ត្រូវប្រគល់ដីជូនរដ្ឋវិញ ប៉ុន្តែបើមិនប្រគល់ដីនោះមកវិញទេ ត្រូវដកចេញពីក្របខ័ណ្ឌនគរបាល ហើយប្រឈមនឹងផ្លូវច្បាប់ថែមទៀតផង។
លោកបញ្ជាក់ថា ទោះបីជាដីនោះត្រូវរដ្ឋយកវិញក៏ពិតមែន តែក្រសួងនឹងកាត់ឆ្វៀលដីមួយចំណែកប្រគល់ឲ្យលោក យស ផន ដើម្បីអាចយកទៅធ្វើផ្ទះសម្រាប់ស្នាក់នៅដែរ ប៉ុន្តែបើឧត្តមសេនីយ៍ យស ផន នៅរឹងទទឹងដោយមិនព្រមប្រគល់ដីដែលលោកយកនោះមកឲ្យរដ្ឋវិញទេ នោះឧត្ដមសេនីយ៍រូបនេះត្រូវដើរចេញពីក្របខ័ណ្ឌនគរបាល ដោយសារបានរំលោភដីសាធារណៈរបស់រដ្ឋ។
ការព្រមាននេះ ក្រោយពីនាយកសាលានគរបាលជាតិភូមិភាគ១ លោក អ៊ុក សារ៉ាយ បានបង្ហាញរបាយការណ៍ទៅលោក ស ខេង ថា ឧត្តមសេនីយ៍ យស ផន កំពុងមានទំនាស់ដីធ្លីជាមួយសាលា ដែលទំនាស់នេះបានកើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់ដោះស្រាយចប់នៅឡើយ ខណៈវិវាទនេះដោះស្រាយទាំងផ្លូវរដ្ឋបាលផង និងផ្លូវតុលាការផង។
បើតាមនាយកសាលានគរបាលជាតិភូមិភាគ១ លោក អ៊ុក សារ៉ាយ បញ្ជាក់ថា ឧត្តមសេនីយ៍ យស ផន ជាអតីតនាយកសាលា ហើយបច្ចុប្បន្នលោកជាគ្រូនគរបាលជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
សាលានគរបាលជាតិភូមិភាគ១ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២ ហើយទទួលបណ្ដុះបណ្ដាលមន្ត្រី និងសិស្សនគរបាលមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ ក្នុងនោះសាលាបានបណ្ដុះបណ្ដាលនគរបាលសរុបចំនួនជិត ៦ពាន់នាក់ហើយ (៥៨៧៦នាក់) រហូតដល់សព្វថ្ងៃនេះ។
កាលពីថ្ងៃទី១៩ ខែសីហា កន្លងមក លោក ស ខេង ក៏បានបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការម្នាក់ ដើម្បីជំរុញប្រសិទ្ធភាពកំណែទម្រង់នគរបាលជាតិ ក្រោយរកឃើញថា មន្ត្រីរូបនោះបានប្រព្រឹត្តអំពើពុករលួយដើរសន្យាលក់ក្របខ័ណ្ឌនគរបាលជាតិជាថ្នូរនឹងទទួលបានប្រាក់ក្នុងតម្លៃពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារ ដែលទង្វើនេះបានធ្វើឱ្យប៉ះពាល់មុខមាត់ក្រសួង។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអតីតនាយកសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង លោក យស ផន ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕