29 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ថា​តំណាង​អឺរ៉ុប​នឹង​ទៅ​ជួប​ស្វាមី​ពួកគេ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អះអាង​ថា តំណាង​សហភាព​អឺរ៉ុប សន្យា​ទៅ​ជួប​ស្វាមី​ពួកគេ​ទាំង ១៤​នាក់​ក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ព្រៃស​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ងាត់ៗ​កាលពី​ថ្ងៃទី​២២ ខែ​សីហា។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១០​នាក់ នៅ​ថ្ងៃទី​២៦ សីហា នេះ បាន​នាំគ្នា​តាមដាន​ញត្តិ​ដែល​បាន​ដាក់​ទៅ​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ ដើម្បី​ស្នើសុំ​ឱ្យ​អឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ ព្រមទាំង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។

ក្រៅពី​តាមដាន​ញត្តិ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​ធ្វើ​ពិធី​បែប​សាសនា ដោយ​មាន​ការ​អុជ​ទៀន​ធូប​អម​ជាមួយ​ផ្កាឈូក ដោយ​ស្ត្រី ៣​នាក់​ក៏​បាន​នាំគ្នា​កោរសក់​នៅ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ការ​លះបង់​សិទ្ធិ​សេរីភាព​របស់​ខ្លួនឯង។

ការ​ធ្វើ​ពិធី​បែប​សាសនា​ដោយ​មាន​កោរសក់​នេះ ក្រោយពី​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ទេរ​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ព្រៃស​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។

លោកស្រី ព្រំ ចាន់ថា ភរិយា​លោក កាក់ កុម្ភារ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​នៅ​មុខ​សហភាព​អឺរ៉ុប ថា ការ​កោរសក់​នៅ​ថ្ងៃ​នេះ​ជា​ការ​លះបង់​សិទ្ធិ​សេរីភាព​របស់​ខ្លួនឯង ដើម្បី​ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

លោកស្រី​រៀបរាប់​ថា មន្ត្រី​ពន្ធនាគារ​ប្រើ​អំពើ​ហិង្សា​លើ​ស្វាមី​ពួកគាត់​អំឡុង​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២២ ខែ​សីហា។ លោកស្រី​ចាត់ទុក​ការ​បញ្ជូន​ស្វាមី​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ងាត់ៗ​នេះ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​គ្រួសារ​ពួកគាត់​ទាំង​ផ្លូវចិត្ត និង​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ពន្ធនាគារ​ត្រពាំងផ្លុង​ឆ្ងាយ​ពិបាក​ក្រុម​គ្រួសារ​ទៅ​សួរ​សុខទុក្ខ។

ក្រោយពី​ជួបជុំ​គ្នា​ប្រហែល ១​ម៉ោង ស្ត្រី​ចំនួន ៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ជួប​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។ បន្ទាប់ពី​ជួប​តំណាង​សហភាព​អឺរ៉ុប លោកស្រី ព្រំ ចាន់ថា និយាយ​ថា មន្ត្រី​សហភាព​អឺរ៉ុប​បាន​សន្យា​ជាមួយ​ពួកគាត់​នឹង​ជួយ​អន្តរាគមន៍ ហើយ​នឹង​ទៅ​ជួប​ស្វាមី​ពួកគេ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។

លោកស្រី​បន្ត​ថា ស្វាមី​របស់​ពួកគេ​ទាំង ១៤​នាក់​ជា​បុគ្គល​ស្អាតស្អំ ប៉ុន្តែ​បែរ​ជា​ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ហើយ​ត្រូវ​ឆ្មាំ​ពន្ធនាគារ​វាយ​ទាំង​ដែល​ពួកគេ​កំពុង​ឈឺ។

បន្ទាប់ពី​កោរសក់ និង​ជួប​តំណាង​សហភាព​អឺរ៉ុប ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ស្ថានទូត​អាមេរិក ក្នុង​នោះ​ស្ត្រី ២​នាក់​ក៏​បាន​កោរសក់​លះបង់​សេរីភាព​ខ្លួនឯង​ដើម្បី​ស្វាមី។

កាលពី​ថ្ងៃទី​២២ ខែ​សីហា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ទាំង ១៤​នាក់​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ជាប់​ព្រំដែន​វៀតណាម វិញ។ ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ព្រៃស​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ដោយ​ស្ងាត់ៗ​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ចូល​ជួប​សកម្មជន​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៤​នាក់​ដែល​ជា​ស្វាមី​ស្ត្រី​ថ្ងៃ​សុក្រ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ប៉ុន្តែ​ទោស ៥​ឆ្នាំ​នេះ តុលាការ​បាន​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣​នាក់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ម្នាក់ៗ ៣​ឆ្នាំ ៨​ខែ ខណៈ​លោក កាក់ កុម្ភារ តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស