34 C
Phnom Penh

លោក ស ខេង៖ កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្រោយ​រក​ឃើញ​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោយ​ពេល​រក​ឃើញ​ថា​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាមរយៈ​មេខ្លោង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ និង​មាន​បក្សពួក​នៅ​កម្ពុជា​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់ ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​អំពាវនាវ​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ទទួល​សំណើ​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជាច្រើន ដោយ​អះអាង​ថា ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​ដែល​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់។

លោក ស ខេង អះអាង​ថា ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់ ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ធ្វើការ​ជួញដូរ ឬ​ផ្ទេរ​បន្ត​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ទៀត ដោយ​ពុំ​មាន​ការ​ព្រមព្រៀង​ពី​សាមី​ខ្លួន ហើយ​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ផ្សេងៗ ប្រសិនបើ​ជនរងគ្រោះ​ទាំងនោះ​មិន​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​របស់​ក្រុម​ឧក្រិដ្ឋជន​ទេ​នោះ។

លោក ស ខេង បញ្ជាក់​ថា ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ច្បាប់​ជា​ធរមាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឆបោក ជំរិត​ទារ​ប្រាក់ បទល្មើស​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់ ល្បែង​ស៊ីសង​អនឡាញ និង​អាជីវកម្ម​ផ្លូវភេទ​ផង​ដែរ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ការ​គាំពារ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​នេះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

កាលពី​ថ្ងៃទី​២៤ ខែ​សីហា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ចូល​ជួប​លោក ស ខេង ដោយ​ផ្ទាល់​ដោយ​បាន​លើកឡើង ៥​ចំណុច​ធំៗ គឺ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ការ​រៀបចំ​គ្រប់គ្រង​ពន្ធនាគារ យុត្តិធម៌​ព្រហ្មទណ្ឌ ការ​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន អំពី​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​អាទិភាព​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការងារ​សិទ្ធិមនុស្ស។

សេចក្តី​រាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ក្នុង​លិខិត​អំពាវនាវ​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​១ ខែ​មករា រហូត​ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ និង​ជួយ​សង្គ្រោះ​ជនបរទេស​ដែល​ប្រកាស​ថា​ជា​ជនរងគ្រោះ​មាន​ចំនួន ៨៧​ករណី ដែល​មាន​ជនរងគ្រោះ​ចំនួន ៨៦៥​នាក់ ខណៈ​សំណុំរឿង​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន ១៧​ករណី ដែល​មាន​ជនសង្ស័យ​សរុប​ចំនួន ៦០​នាក់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ សារព័ត៌មាន Taipei Times បាន​ចុះផ្សាយ​ថា នគរបាល​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​សន្និដ្ឋាន​ថា​មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចន្លោះ​ពី ២​ពាន់​នាក់​ទៅ ៥​ពាន់​នាក់ ត្រូវ​បាន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ជនជាតិ​ចិន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​រង​ការ​វាយ​ធ្វើបាប​តាម​មធ្យោបាយ​ផ្សេងៗ​ដោយ​អ្នក​ជួញដូរ​មនុស្ស​នៅ​ក្នុង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

ទាក់ទិន​នឹង​ការ​ជួញដូរ​មនុស្ស​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស