33 C
Phnom Penh

ធនាគារ​ជាតិ​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ​អ្នក​ផ្តល់​កម្ចី​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​លើ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្តល់​កម្ចី​ខុស​ច្បាប់ ខណៈ​អង្គការ​លីកាដូ​រក​ឃើញ​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​តាម​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុស​ច្បាប់​កំពុង​ដាក់​សម្ពាធ​លើ​ស្ត្រី​ជា​អ្នក​ខ្ចី​នៅ​កម្ពុជា។

សេចក្តី​ជូនដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​ផ្តល់​ឥណទាន​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ គឺជា​សកម្មភាព​ល្មើស​ច្បាប់ ជាពិសេស​ច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

ធនាគារ​ជាតិ​នៃ​កម្ពុជា អះអាង​ថា បច្ចុប្បន្ន ជន​ខិលខូច​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ដោយ​បើក​ចំហ​ចំពោះ​ការ​ផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន ដូចជា​តាម​ប្រព័ន្ធ​អនឡាញ បណ្ដាញ​សង្គម ការ​ផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការ​បិទ​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​ជាដើម។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​នោះ​រួម​មាន​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ហើយ​គ្រឹះស្ថាន​ទាំងនេះ​ជា​គ្រឹះស្ថាន​ស្រប​ច្បាប់ និង​ផ្លូវការ​ដែល​ផ្តល់​ឥណទាន ឬ​សេវា​ផ្សេងៗ​ដល់​ក្រុមហ៊ុន សហគ្រាស និង​ឯកជន​បាន។

ធនាគារ​ជាតិ​បន្ត​ថា គ្រឹះស្ថាន​ទាំងនេះ​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ទាំងនោះ​ក៏​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការ​ផ្តល់​ឥណទាន​ក្រៅ​ផ្លូវការ​ដោយ​ខុស​ច្បាប់​គ្រប់​រូបភាព។ ធនាគារ​ជាតិ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ការ​ចាញ់បោក​តាម​រូបភាព​ណា​មួយ ឬ​ផល​លំបាក​ផ្សេងៗ​ពី​ការ​ទទួល​បាន​សេវា​ផ្តល់​ឥណទាន​ក្រៅ​ផ្លូវការ​នេះ ដោយ​ធនាគារ​ជាតិ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​តែ​សេវា​របស់​គ្រឹះស្ថាន​ណា​ដែល​ផ្លូវការ និង​ស្រប​ច្បាប់។

ក្រៅពី​ថ្កោលទោស និង​អំពាវនាវ​ហើយ ធនាគារ​ជាតិ​បញ្ជាក់​ថា ខ្លួន​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​នានា​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នក​នាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្តល់​កម្ចី​ក្រៅ​ប្រព័ន្ធ​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ច្រើន​ទៅ​ដល់​សមាជិក​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្លូវការ និង​ប៉ះពាល់​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា កម្ចី​មិន​ផ្លូវការ ឬ​ខុស​ច្បាប់​មាន​ការប្រាក់​ខ្ពស់ ហើយ​នៅ​ពេល​ដែល​អតិថិជន​គ្មាន​លទ្ធភាព​បង់​សង គឺ​ពួកគេ​តែងតែ​រង​ការ​គំរាមកំហែង និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ ហើយ​ករណី​ទាំងនេះ​បាន​កើតមាន​ឡើង​ជាច្រើន​ណាស់​មក​ហើយ។

ការ​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្រប​ពេល​ដែល​អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​ចំណងជើង​ថា «ត្រូវ​ក្លាហាន​និយាយ​ពី​ប្រាក់កម្ចី​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុស​ច្បាប់»។

របាយការណ៍​នោះ​បាន​បង្ហាញ​ថា កម្ចី​ប្រាក់​អនឡាញ​ដោយ​មាន​ការប្រាក់​ខ្ពស់ កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម ដោយ​ទាញ​អ្នក​ទាំងនោះ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារ​ប្រាក់​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ។

អង្គការ​ការពារ​សិទ្ធិមនុស្ស ក៏​បាន​ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ឆាប់​រហ័ស ដើម្បី​ធានា​យុត្តិធម៌​ស្រប​តាម​ច្បាប់​ជា​ធរមាន។

អង្គការ​លីកាដូ​ចាត់ទុក​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បាន​ស្នើ​ទៅ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​លើ​ការ​ផ្ដល់​កម្ចី​ផ្លូវការ និង​មិន​ផ្លូវការ​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្ដល់​សេវា​សង្គម​ជា​មូលដ្ឋាន​ពិតប្រាកដ ទើប​បញ្ឈប់​ការ​ផ្ដល់​កម្ចី​ខុស​ច្បាប់​ទាំងអស់​នោះ​បាន បើ​មិន​ដូច្នេះ​ទេ ការ​ផ្ដល់​ប្រាក់កម្ចី​បែប​កេងប្រវ័ញ្ច នឹង​បន្ត​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស