ធនាគារជាតិនៃកម្ពុជា អះអាងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើធនាគារព្រីនស៍ ដើម្បីធានាថា ធនាគារពាណិជ្ជកម្មមួយនេះធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់របស់កម្ពុជា ក្រោយពីសហរដ្ឋអាមេរិក និងអង់គ្លេស រឹបអូសទ្រព្យសម្បតិ្តជាប្រាក់ឌីជីថលជាង ១៥ពាន់លានដុល្លាររបស់មហាសេដ្ឋីដើមកំណើតចិន ចេន ហ្ស៊ី (Chen Zhi)។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ឲ្យដឹងថា ក្រោយពីប្រធានក្រុមប្រឹក្សាអភិបាលសម្ពន្ធក្រុមហ៊ុនព្រីនស៍ ជួបរឿងអាស្រូវក្នុងឧស្សាហកម្មឆបោកអនឡាញ ហើយក៏ពលរដ្ឋបាននាំគ្នាសម្រុកដកលុយចេញពីធនាគារព្រីនស៍ នោះ ធនាគារជាតិនៃកម្ពុជា កំពុងចាត់វិធានការចាំបាច់នានាដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជន ពិសេសធានានូវសុវត្ថិភាពសាច់ប្រាក់អតិថិជនរបស់ធនាគារមួយនេះ។
ប្រភពដដែលអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតក្រោមវិធានការប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹង ហើយថែមទាំងមានកម្រិតសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន។ អាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យប្រាកដថា ធនាគារពាណិជ្ជកម្មមួយនេះធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់នៅប្រទេសកម្ពុជា។
យោងតាមគេហទំព័ររបស់ធនាគារព្រីនស៍ បានឲ្យដឹងថា សព្វថ្ងៃនេះ ធនាគារមានទ្រព្យសកម្មសរុបចំនួន ១០១៥លានដុល្លារអាមេរិក និងកំពុងធ្វើប្រតិបត្តិការសរុប ៣៦សាខាក្នុងប្រទេសកម្ពុជា មានបុគ្គលិកសរុបជាង ១១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាពលរដ្ឋខ្មែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា ក្រុមប្រឹក្សាអភិបាលធនាគារព្រីនស៍ ធានាថាប្រាក់បញ្ញើ និងផលប្រយោជន៍របស់អតិថិជន នៅតែមានសុវត្ថិភាពខ្ពស់។
ក្រៅពីធានាសុវត្ថិភាពប្រាក់បញ្ញើរបស់អតិថិជន ក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ បានប្រកាសការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការអនុវត្តអភិបាលកិច្ចល្អ តម្លាភាព និងការអនុលោមតាមបទបញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យធនាគារ។
ធនាគារព្រីនស៍ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលនឹងតែងតាំងក្រុមអ្នកប្រឹក្សាច្បាប់អន្តរជាតិដែលមានបទពិសោធន៍ ដើម្បីធ្វើការពិនិត្យយ៉ាងស៊ីជម្រៅលើទណ្ឌកម្មរបស់អាមេរិក និងអង់គ្លេស។
រដ្ឋអាជ្ញាអាមេរិក លាតត្រដាងលុយកខ្វក់រាប់ពាន់លានដុល្លាររបស់ប្រធានក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី (Chen Zhi) ថាត្រូវបានលាងសម្អាតក្រោមការវិនិយោគតាមរយៈរូបិយប័ណ្ណគ្រីបតូ (Cryptocurrency Investment Fraud Scheme) ដែលមានឈ្មោះថា Pig Butchering Scams ឬហៅថា កាប់ជ្រូក។
ជុំវិញបញ្ហានេះ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអះអាងកាលពីថ្ងៃទី១៦ ខែតុលា នេះថា រយៈពេល ៤ខែចុងក្រោយក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ពាន់នាក់ (៣៤០០នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ប្រតិកម្មតបជុំវិញវិធានការរបស់ក្រសួងយុត្តិធម៌អាមេរិក អំពីការរកឃើញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ពាក់ព័ន្ធនឹងឧកញ៉ា ចេន ហ្ស៊ី ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅឡើយទេរហូតដល់ពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

