29 C
Phnom Penh

លោក ស ខេង៖ ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​សុទ្ធតែ​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សមត្ថកិច្ច​បន្ត​រក​ឃើញ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ សុទ្ធសឹងតែ​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ ខណៈ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ចាប់​បង្ខាំង​រង​ការ​គំរាមកំហែង និង​អំពើ​ហិង្សា។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២២ ថា ប្រតិបត្តិការ​ស្រាវជ្រាវ​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៨​នាក់​ជា​បន្តបន្ទាប់ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​អាវុធ​ខ្លី​ម៉ាក ZORAKI ចំនួន ១​ដើម។ លោក​បញ្ជាក់​ថា ប្រតិបត្តិការ និង​ការ​ស្រាវជ្រាវ​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ជា​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី ចេញពី​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ថា ជនរងគ្រោះ​ដែល​រំដោះ​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ត្រូវ​បាន​គេ​ចាប់​បង្ខាំង​ដោយ​ខុស​ច្បាប់ រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា ព្រមទាំង​រង​នូវ​ការ​គំរាមកំហែង​យក​ជួញដូរ​កម្លាំង​ពលកម្ម និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់​ថែម​ទៀត។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ពី​ប្រភព​អាវុធ​ខ្លី​នោះ​រហូត​ដល់​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ បាន​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​អាវុធ​ចំនួន ៣​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ ២​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​អាវុធ​មួយ​ចំនួន​បន្ថែម​ទៀត។ ករណី​នេះ លោក​ថា​កម្លាំង​ជំនាញ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ១១​នាក់ ក្នុង​នោះ​ជនជាតិ​ចិន ៩​នាក់ និង​ជនជាតិ​ខ្មែរ ២​នាក់ ព្រមទាំង​ដកហូត​បាន​អាវុធ​វែង ២​ដើម អាវុធ​ខ្លី ៤​ដើម គ្រាប់​កាំភ្លើង​ចំនួន ២៦៥​គ្រាប់ រថយន្ត ៤​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​អនុវត្ត​តាម​បណ្ដឹង​រាយការណ៍​ចូល​ប្រព័ន្ធ Hotline បាន​ស្រាវជ្រាវ​រំដោះ​បាន​ជនរងគ្រោះ​ចំនួន ៥​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី នៅ​ក្រុមហ៊ុន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង-ខេត្ត​ព្រះសីហនុ ខណៈ​បុរស​អ្នក​គ្រប់គ្រង​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​សាកសួរ។

លោក ស ខេង អះអាង​ថា ជនរងគ្រោះ និង​ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់។

កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍​ទាក់ទង​ការ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​គិត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ និង​ជួយ​សង្គ្រោះ​ជនបរទេស​ចំនួន ៨៧​ករណី ឬ​ស្មើ​ប្រមាណ ៨៦៥​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៧​ករណី​ដែល​មាន​ជនសង្ស័យ​ចំនួន ៦០​នាក់។

បើ​តាម​របាយការណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចង្អុល​បង្ហាញ​អំពី​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​ដែល​ជា​ប្រភេទ​ប្រតិបត្តិការ​ឆបោក​ទង់​ក្រហម (Red Flags Scam Operations) នៃ​ការ​ជួញដូរ​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​ការ​កើនឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស