មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី អះអាងថា ក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោកដែលស្នើសុំផ្ទេរកញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសវិញនៅឡើយទេ។
កាលពីសប្តាហ៍មុន លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសរាជធានីភ្នំពេញវិញ។ លោកបញ្ជាក់ក្នុងលិខិតនោះថា ការស្នើសុំបែបនេះ ដោយសារ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ កូនក្តីរបស់លោកនឹងត្រូវឡើងមកចូលសវនាការនៅសាលាឧទ្ធរណ៍ ខណៈពន្ធនាគារខេត្តព្រះវិហារ នៅឆ្ងាយ។
បើតាមមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី២៨ ខែសីហា នេះ ក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបសំណើរបស់លោកនៅឡើយទេ។
កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញបញ្ជូនកញ្ញាចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយការបញ្ជូននេះ សមត្ថកិច្ចមិនបានប្រាប់ពីមូលហេតុទៅមេធាវីឡើយ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពីបទ «ញុះញង់ និងរួមគំនិតក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ខណៈមន្ត្រីគណបក្សសង្គ្រោះជាតិប្រមាណ ៥០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសចន្លោះពី ៥ ទៅ ៨ឆ្នាំ។
យ៉ាងណាក៏ដោយ ការផ្ដន្ទាទោស និងឃុំខ្លួនកញ្ញា សេង ធារី ត្រូវបានសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Ed Ward J.Markey បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ រួមទាំងកញ្ញា សេង ធារី ដើម្បីបើកផ្លូវឲ្យពួកគេមានសេរីភាពឡើងវិញ និងបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ៕