សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី នឹងត្រូវចូលរួមសវនាការនៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញលើបណ្តឹងសុំនៅក្រៅឃុំនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ បន្ទាប់ពីកញ្ញាត្រូវបានសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់»។
សវនាការនេះធ្វើឡើងបន្ទាប់ពីកញ្ញា សេង ធារី ត្រូវសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ កាលពីពាក់កណ្តាលខែមិថុនា កន្លងទៅនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ សីហា នេះថា សំណុំរឿងរបស់កញ្ញា សេង ធារី គឺជារឿងនយោបាយ ហើយក្នុងពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងតែឡើងកម្តៅនៅពេលនេះ ក្រុមសង្គមស៊ីវិលមិនសង្ឃឹមថា កញ្ញានឹងទទួលបានសិទ្ធិនៅក្រៅឃុំ ឬមានការទម្លាក់ចោលនូវបទចោទប្រកាន់ពីតុលាការនោះទេ។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យតុលាការពិចារណាឡើងវិញលើការកាត់ទោសសកម្មជនសិទ្ធិមនុស្សរូបនេះ ដើម្បីឱ្យកញ្ញាបាននៅក្រៅឃុំ ស្របពេលដែលមជ្ឈដ្ឋានអន្តរជាតិក៏បានស្នើឱ្យមានការទម្លាក់ចោលបទចោទលើកញ្ញាផងដែរ ខណៈអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ក៏ចង់ឃើញពីលទ្ធផលនេះដែរ។
មន្ត្រីសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ប្រសិនបើតុលាការអាចទម្លាក់ចោលបទចោទលើកញ្ញា សេង ធារី នោះគឺជាឱកាសមួយបង្ហាញថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាក៏មានការប្រែប្រួល និងមានភាពប្រសើរឡើងដែរ ខណៈប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក៏អាចនឹងទទួលបានការទុកចិត្តពីពលរដ្ឋថែមទៀត។
សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនភ្លាមៗបន្ទាប់ពីតុលាការប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយយកទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបានឃុំខ្លួនកញ្ញានៅមណ្ឌលអប់រំកែប្រែទី២ ក្នុងទីក្រុងភ្នំពេញបានមួយយប់។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី បានទាមទារឱ្យផ្លាស់ប្ដូរការឃុំខ្លួនកញ្ញាពីខេត្តព្រះវិហារ មកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសក្នុងទីក្រុងភ្នំពេញវិញ។ កញ្ញាអះអាងថា ការឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ កញ្ញាមានអារម្មណ៍ឯកោណាស់ ព្រោះថាខេត្តនេះ គឺជាខេត្តដែលឆ្ងាយដាច់សង្វែងពីទីក្រុងភ្នំពេញ ដែលមានការពិបាកសម្រាប់អ្នកដែលចង់ទៅសួរសុខទុក្ខកញ្ញា។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានរិះគន់ថា បញ្ហានៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែជាបញ្ហាប្រឈមរបស់កម្ពុជា ដែលគេត្រូវរួមគ្នាដោះស្រាយ ហើយលោកចង់ឃើញរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងនយោបាយឱ្យកាន់តែទូលំទូលាយសម្រាប់ពលរដ្ឋខ្មែរទូទៅ៕