មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី បង្ហាញការខកចិត្តដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារដូចតុលាការថ្នាក់ក្រោមសម្រេច និងមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ កញ្ញា នេះ បានបើកសវនាការបណ្ដឹងឧទ្ធរណ៍មេធាវីកញ្ញា សេង ធារី ដែលប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដោយមិនអនុញ្ញាតឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានលើកឡើងក្នុងបន្ទប់សវនាការដោយសម្ដែងការខកចិត្តចំពោះតុលាការជាន់ខ្ពស់ដែលមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ ដោយលោកចាត់ទុកថាជាការរំលោភសិទ្ធិកូនក្ដីធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ មិនបានឆ្លើយតបចំពោះការលើកឡើងរបស់លោក ជូង ជូងី ឡើយ។
បន្ទាប់ពីបើកសវនាការដេញដោលដោយមិនមានវត្តមានកញ្ញា សេង ធារី ជិតមួយម៉ោង ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ឹម សុផាន បានធ្វើសេចក្ដីសន្និដ្ឋានដោយស្នើទៅចៅក្រមឱ្យតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
ព្រះរាជអាជ្ញារូបនេះថា ការស្នើសុំនៅក្រៅឃុំរបស់លោក ជូង ជូងី គ្មានមូលដ្ឋានច្បាប់ជាក់លាក់ ខណៈកញ្ញា សេង ធារី ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារដោយគ្មានការព្យួរទោស។
ឆ្លើយតបនឹងព្រះរាជអាជ្ញា លោក ជូង ជូងី ថាកូនក្ដីរបស់លោកគ្មានទោសឡើយ នៅពេលដែលសាលក្រមសាលាដំបូងរាជធានីភ្នំពេញមិនទាន់ចូលជាស្ថាពរ។ លោកស្នើទៅចៅក្រមដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ ព្រោះសកម្មភាពកូនក្ដីធ្វើ ជាការសម្ដែងមតិ មិនមែនជាបទល្មើសដូចការចោទប្រកាន់របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញឡើយ។
ក្រោយពីស្ដាប់សេចក្ដីសន្និដ្ឋានព្រះរាជអាជ្ញា និងមេធាវីការពារក្ដីកញ្ញា សេង ធារី ហើយនោះ ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍សម្រេចប្រកាសសាលដីកាភ្លាមៗដោយបន្តឃុំខ្លួនកញ្ញា សេង ធារី ក្នុងពន្ធនាគារដដែល។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការសវនាការនេះ យល់ឃើញថា ការមិនបញ្ជូនកញ្ញា សេង ធារី មកតតាំងក្ដីនៅចំពោះតុលាការនេះជាការរំលោភនីតិវិធី។ លោកបន្តថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី នៅពន្ធនាគារទៀត នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជា ដោយសារសកម្មភាពរបស់កញ្ញា សេង ធារី ជាការសម្ដែងមតិ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែសីហា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ក៏បានទទូចឲ្យលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិកាំងដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃុំខ្លួន និងដែលអាមេរិកចាត់ទុកថាជាការចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។
កញ្ញា សេង ធារី និងថ្នាក់ដឹកនាំ ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ៥០នាក់ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ខណៈចន្លោះពី ៥ ទៅ ៨ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃទី៩ វិច្ឆិកា របស់លោក សម រង្ស៊ី។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញបញ្ជូនកញ្ញាចេញពីពន្ធនាគារព្រៃសរាជធានីភ្នំពេញ ទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសលើកញ្ញា៕