31 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​លោក ស ខេង ជួយ​អន្តរាគមន៍​ផ្ទេរ​ស្វាមី​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​បញ្ជូន​ស្វាមី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ ដោយ​ថា​ប្ដី​របស់​ពួកគេ​ត្រូវ​បាន​អ្នកទោស​អ្នក​គ្រឿងញៀន​វាយដំ បន្ទាប់ពី​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១ កញ្ញា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច​ដែល​ស្វាមី​ពួកគេ​កំពុង​ជួប។

បើ​តាម​ខ្លឹមសារ​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បាន​រៀបរាប់​ថា ស្ថានភាព​រូប​រាងកាយ​ស្វាមី​ពួកគេ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​កន្លែង​ចង្អៀត​ណែន ខ្វះខាត​ចំណី​អាហារ ខ្វះ​អនាម័យ ដោយសារ​ខ្វះខាត​ទឹក មាន​ការ​រឹតត្បិត​ការ​ចូល​សួរ​សុខទុក្ខ មាន​ការ​រឹតត្បិត​ការ​ផ្ដល់​ចំណី​អាហារ​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ ការ​រឹតត្បិត​ទំនាក់ទំនង​គ្រួសារ និង​សាច់ញាតិ ព្រមទាំង​មាន​ការ​វាយដំ​ផង​ដែរ។

ភរិយា​របស់​លោក កាក់ កុម្ភារ គឺ​អ្នកស្រី ព្រំ ចាន់ថា ប្រាប់​អ្នក​សារព័ត៌មាន​មុខ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃទី​១ កញ្ញា នេះ​ថា មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង បាន​បើក​ដៃ​ឲ្យ​ក្រុម​អ្នកទោស​គ្រឿងញៀន​វាយ​ធ្វើបាប​ស្វាមី​ពួកគាត់​រហូត​ដល់​ទ្រុឌទ្រោម។ អ្នកស្រី​បន្ត​ថា ពួកគាត់​មាន​ក្ដី​បារម្ភ ទើប​រក​កិច្ច​អន្តរាគមន៍​ពី​លោក ស ខេង ឲ្យ​ជួយ​យក​ប្ដី​របស់​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ ឬ​បញ្ជូន​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ។

អ្នកស្រី ព្រំ ចាន់ថា បន្ត​ថា បើ​មន្ត្រី​ពន្ធនាគារ​មិន​បញ្ជូន​មក​វិញ​ទេ គ្រួសារ​ពួកគាត់​នឹង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ខណៈ​ពន្ធនាគារ​ត្រពាំងផ្លុង​នៅ​ឆ្ងាយ ហើយ​ពិបាក​ចូល​សួរ​សុខទុក្ខ និង​មិន​មាន​គ្រូពេទ្យ​អង្គការ​លីកាដូ​ដែរ។

ស្ត្រី​រូប​នេះ​ស្នើ​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រួសារ​របស់​គាត់​ដែល​ជា​អ្នកទោស​នយោបាយ​បន្ត​ទៀត ដោយ​ថា​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​កាន់តែ​ខ្លាំង។

កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២ មន្ត្រី​ពន្ធនាគារ​បាន​ផ្ទេរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់​ពី​ពន្ធនាគារ​ព្រៃស ទៅ​ឃុំ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​វិញ ក្រោយពី​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​ម្នាក់ៗ ២​ឆ្នាំ។

យ៉ាងណាក៏ដោយ បើ​តាម​ស្ត្រី​ថ្ងៃ​សុក្រ​អះអាង​ថា ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ទៅ គឺ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួច​ហើយ។

សូម​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៤​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ម្នាក់ៗ​ចន្លោះ​ពី ៣ ទៅ ៦​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស