33 C
Phnom Penh

លោក ទៀ បាញ់ បន្ត​ចោទ​អាមេរិក​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​ករណី​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ចោទ​កម្ពុជា​ជា​បន្តបន្ទាប់​ថា​អនុញ្ញាត​ឲ្យ​ចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​រថយន្ត ១៥០​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការពារ​ជាតិ​ចិន ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ហើយ​ការ​ចោទប្រកាន់​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស គឺជា​អ្នក​ដែល​មាន​ភ្នែក​ល្អ តែ​ធ្វើ​ខ្វាក់​តែប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​កសាង​ទំនើបកម្ម​សមុទ្រ​រាម​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ព​ជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ចោទប្រកាន់​ថា​មូលដ្ឋាន​ជើងទឹក​រាម​នេះ​បាន​ដាក់​ជា​មូលដ្ឋាន​កងទ័ព​ចិន​នោះ វា​គឺជា​ការ​ញុះញង់​បង្កើត​បញ្ហា​ដល់​កម្ពុជា​ធ្ងន់ធ្ងរ។

លោក ទៀ បាញ់ បញ្ជាក់​ថា ការ​កសាង​នូវ​មូលដ្ឋាន​សមុទ្រ​រាម​នេះ គឺ​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា បូរណភាព​ទឹកដី​កម្ពុជា បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា ខណៈ​គម្រោងការ​កសាង​នេះ​បាន​ត្រៀម​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ទើប​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​ការពារ​ជាតិ​ចិន បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជា​រថយន្ត​ស៊េរី​ទំនើប​ចំនួន ១៥០​គ្រឿង ដែល​ផលិត​នៅ​ប្រទេស​ចិន និង​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ក្រោម​ហេតុផល​ថា កងទ័ព​កម្ពុជា-ចិន​ជា​បងប្អូន ស្គាល់​ចិត្ត ស្គាល់​ថ្លើម និង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា និង​ជា​ការ​ជួយ​គាំទ្រ​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ-អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផង​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ការ​រិះគន់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជុំវិញ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​គេ​កំពុង​តែ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន ស្រប​ពេល​ដែល​ចិន​បាន​ផ្តល់​អំណោយ​ជា​រថយន្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ គឺជា​រឿង​ដែល​មិន​គួរ​ឱ្យ​កើតមាន​នោះ​ទេ ព្រោះ​ថា​កម្ពុជា​គួរ​ប្រើ​ឥរិយាបថ​នយោបាយ​ការទូត​របស់​ខ្លួន​ឱ្យ​ល្អ​ទាំង​សងខាង​រវាង​មហាអំណាច​ទាំង​ពីរ​នេះ នោះ​ទើប​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា។

លោក សេក សុជាតិ លើកឡើង​ថា បើ​គេ​សង្ស័យ​ពី​មូលដ្ឋាន​យោធា​ជើងទឹក​រាម កម្ពុជា​គួរតែ​ផ្តល់​ជា​ភស្តុតាង​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​បញ្ជាក់​ទៅ​កាន់​មហាអំណាច​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​អស់​ការ​សង្ស័យ ព្រោះ​ថា​ការ​បារម្ភ​របស់​មហាអំណាច​ទាំងនោះ ក៏​មិន​បំពាន​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែរ ហើយ​ជាង​នេះ​ទៀត មូលដ្ឋាន​ជើងទឹក​រាម​ក៏​ជា​ចំណុច​រសើប​អំពី​សន្តិសុខ​ក្នុង​តំបន់​ថែម​ទៀត។

លោក​បញ្ជាក់​ថា ដោយឡែក​បើ​និយាយ​អំពី​ជំនួយ​វិញ សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​មិន​តិច​ដែរ​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រហូត​មក​ដល់​ពេលនេះ។ ជាង​នេះ​ទៀត អាមេរិក​ក៏​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បន្ថែម​ទៀត ដែល​ជា​កត្តា​មួយ​ជួយ​លើក​ស្ទួយ​ឱ្យ​កម្ពុជា​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ ប៉ុន្តែ​អ្វី​ដែល​អាមេរិក​ចង់​បាន​ពី​កម្ពុជា​នោះ គឺ​ការ​រក្សា​អព្យាក្រឹត​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការ​គោរព​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ជាក់ច្បាស់​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ដែល​គេ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​ទីនោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស