34 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​គាំទ្រ​មន្ត្រី UN ដែល​មិន​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​សាជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែល​នឹង​មិន​វិលត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា សាជាថ្មី ដោយសារ​មិន​បាន​ចូល​ជួប​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​ភូមា ងាក​ទៅ​រក​ការ​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើងវិញ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កញ្ញា នេះ​ថា ការ​សម្រេច​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ភូមា គឺជា​ការ​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​ទាមទារ​ឱ្យ​របប​សឹក​ភូមា បញ្ចប់​នូវ​វិបត្តិ​របស់​ខ្លួន​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន កន្លងមក គឺជា​សញ្ញា​នៃ​ការ​លើក​ទឹកចិត្ត​ឱ្យ​របប​សឹក​ភូមា អនុវត្ត​របប​ដឹកនាំ​ផ្ដាច់ការ​របស់​ពួកគេ​កាន់តែ​ខ្លាំង​ទៅវិញ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​សម្រាប់​អាស៊ាន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មាន​ការ​បែកបាក់​សាមគ្គី​ដោយសារតែ​ខ្លួន​ទៅវិញ។ ជាក់ស្តែង កិច្ចប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ត្រូវ​បាន​លើក​ពេល​ផង​ដែរ ដែល​បញ្ហា​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​ក្រោម​ការ​រៀបចំ​របស់​មេដឹកនាំ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) កាលពី​ថ្ងៃទី​៥ កញ្ញា បាន​ប្ដេជ្ញា​ថា អ្នកស្រី​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា សាជាថ្មី​ឡើយ​រហូត​ទាល់តែ​អ្នកស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ខ្លួន​កាលពី​ខែ​សីហា ឆ្នាំ​២០២២ ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ជួប​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​វិបត្តិ​នានា​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ ប៉ុន្តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី ឡើយ។

វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា បាន​កើតឡើង​ចាប់តាំងពី​របប​សឹក​ភូមា ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដណ្តើម​អំណាច​ដោយ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មក ដែល​បញ្ហា​នេះ​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​មួយ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​៩ ត្រូវ​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​វិបត្តិ​ដែល​កើត​លើ​ប្រទេស​នេះ​ក្លាយ​ទៅ​ជា​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ក្នុង​តំបន់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ចាប់តាំងពី​កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ មក គឺ​មាន​រយៈពេល ៨​ខែ​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន កម្ពុជា​មិន​អាច​ជំរុញ​ឱ្យ​របប​សឹក​ភូមា អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​របស់​អាស៊ាន​បាន ១​ចំណុច​នោះ​ទេ ហើយ​កម្ពុជា​ក៏​នៅតែ​គ្មាន​វិធានការ​ណា​មួយ​ចំពោះ​របប​សឹក​នេះ​ដែរ ទោះបីជា​របប​សឹក​នេះ​បាន​កាត់ទោស​ប្រហារ​ជីវិត​លើ​អ្នកតស៊ូ​ដើម្បី​សេរីភាព​របស់​ប្រជាជន​ភូមា​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា នៅ​ពេល​លោក​ធ្វើជា​ប្រធាន​អាស៊ាន លោក​មិន​អាច​ទុក​ឱ្យ​អាស៊ាន​នៅ​មិន​គ្រប់​ទឹក​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​ថា​អាស៊ាន​ដែល​មាន​តែ ៩​ប្រទេស​បែប​នេះ គឺជា​អាស៊ាន​មិន​គ្រប់​ទឹក ហើយ​ក៏​មិន​អាច​សម្រេច​កិច្ចការ​ផ្សេងៗ​ជា​ឯកច្ឆន្ទ​បាន​ដែរ។ លោក​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស