35 C
Phnom Penh

តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ដាក់​ពន្ធនាគារ​ជាង​៣​ឆ្នាំ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នាយ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ​ជាង ៣​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ ៣​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ទាក់ទិន​នឹង ៣​បទល្មើស​តាម​ច្បាប់​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។

បទ​ចោទប្រកាន់​ទាំង ៣​បទល្មើស ក្នុង​នោះ បទ​ចោទ «បំផ្លាញ និង​គៃបំបាត់ និង​បទ​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក» រួម​ទាំង​បទ​ចោទ «មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ក្រោយពី​លោក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង។

ក្រោយពី​មាន​បញ្ជា​នេះ សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​លោក កែវ ណារុន ជាមួយ​នឹង​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ តាម​ដីកា​បង្គាប់​ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ។

ការ​ចាប់​ខ្លួន​នេះ កើតឡើង​ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ស៊ើបអង្កេត ដោយ​រក​ឃើញ​ថា អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ចាន់ឌឿន និង​លោក កែវ ណារុន និង​លោក ស៊ុំ សុជាតិ ជាប់​ពាក់ព័ន្ធ​រឿង​កាន់កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​ហាមឃាត់​ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ចាន់ឌឿន មិន​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តុលាការ​ចាត់​វិធានការ​ច្បាប់​ឡើយ ទោះបី​រក​ឃើញ​ថា​លោក​បាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ២០០០​ហិកតារ​ក៏ដោយ។

ចំណែក​លោក ស៊ុំ សុជាតិ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៤​ឆ្នាំ​ពី​បទ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​ជុំវិញ​បឹង​ទន្លេសាប​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២១។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ធ្លាប់​បាន​ថ្លែង​កន្លងមក​ថា អាជ្ញាធរ​បាន​ធ្វើ​បាប​ពលរដ្ឋ​ដែល​គ្រប់គ្រង​លើ​ដី​តែ​ពីរ ឬ​បី​ហិកតារ ស្រប​ពេល​អ្នក​មាន​ទ្រព្យ​ធន និង​មាន​អំណាច​បាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ទំហំ​រាប់​រយ​ហិកតារ។

តាម​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​តាមរយៈ​សកម្មភាព​ដែល​បាន​ចុះ​ធ្វើការ​កន្លងមក ខេត្ត​កំពង់ឆ្នាំង មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០​គ្រួសារ​ក្នុង​ស្រុក​ចំនួន​៣ មាន​ស្រុក​កំពង់លែង ស្រុក​ជលគិរី និង​ស្រុក​បរិបូណ៌ បាន​ចូល​ខ្លួន​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ជិត ៣​ពាន់​ហិកតារ​ត្រឡប់​មក​ឲ្យ​រដ្ឋ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស