31 C
Phnom Penh

ឧទ្ធរណ៍​សម្រេច​ឲ្យ​សកម្មជន​CNRP ១២​នាក់​និង​អតីត​មន្ត្រី​មហាផ្ទៃ​ម្នាក់​ជាប់​គុក​ម្នាក់ៗ​៣​ឆ្នាំ​៨​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង ដោយ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៣​ឆ្នាំ ៨​ខែ​ដដែល។

ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក យន់ ណារ៉ុង បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​អង្គារ ទី​១៣ កញ្ញា នេះ​ថា ត្បិត​ពេល​សវនាការ​នៅ​ថ្ងៃទី​១៦ ខែ​សីហា កន្លងទៅ ពួកគេ​បាន​បដិសេធ​ក្ដី ប៉ុន្តែ​បើ​តាម​ការ​សួរ​ដេញដោល និង​ភស្តុតាង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ រក​ឃើញ​ថា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រាកដ​មែន។

លោក​បញ្ជាក់​ថា តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៣​ឆ្នាំ ៨​ខែ។

បន្ទាប់ពី​ស្ដាប់​ចៅក្រម​ប្រកាស​សាលដីកា​រួច​ហើយ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​បាន​នាំគ្នា​ធ្វើ​ពិធី​កោរ​សក់​នៅ​មុខ​ព្រះអង្គ​ដងកើ ដោយ​ស្នើសុំ​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​បន្ទន់​ចិត្ត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​បញ្ជូន​ស្វាមី​ពួកគេ​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ។ ពួកគេ​ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​នេះ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​របស់​ពួកគេ ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់ តែ​បែរ​ជា​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ជាង ៣​ឆ្នាំ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ឆ្ងាយ​ថែម​ទៀត​ផង​ដែរ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២ ក្រោយ​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ២​ឆ្នាំ។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ចំនួន ២១​នាក់ ព្រមទាំង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ ៥ ដល់ ១០​ឆ្នាំ។ ក្នុង​ចំណោម​ជនជាប់ចោទ ២១​នាក់​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ចំនួន ១០​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​រួម​គំនិត​ក្បត់»

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់ ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ក្រោម​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ៨​ខែ​ពាក់ព័ន្ធ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស