27 C
Phnom Penh

លោក ស ខេង ថា​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​មហារីក​សង្គម​នាំ​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទទួលស្គាល់​ថា​ល្បែងស៊ីសង​ខុស​ច្បាប់ គឺជា​ជំងឺ​មហារីក​សង្គម​ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ប្រញាប់​ដោះស្រាយ​ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។

ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន ធ្វើឡើង​ក្រោយ​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។

លោក ស ខេង ថ្លែង​ថា ដើមចម​នៃ​ការ​ជួញដូរ​មនុស្ស​បាន​កើតឡើង​ដោយសារ​តែ​ល្បែង​ខុស​ច្បាប់ ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ លោក​ចាត់ទុក​ល្បែងស៊ីសង​ខុស​ច្បាប់​ថា​ជា​ជំងឺ​មហារីក​សង្គម ហេតុ​ដូច្នេះ​ហើយ​ទើប​កម្ពុជា​ប្រញាប់​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​ភាព​ស្មុគស្មាញ។

លោក​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ ដោយសារ​វា​នឹង​បង្ក​ជា​បទល្មើស​ផ្សេងៗ​ទៀត​ដែល​នឹង​ប៉ះពាល់​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា រដ្ឋាភិបាល​ក៏​បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ដោយ​មាន​សមាសភាព​ចំនួន ១២​នាក់។ ក្រុម​ការងារ​នេះ​ដឹកនាំ​ដោយ​លោក សុខ ផល ជា​ប្រធាន និង​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក នៅ លក្ខណា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​អនុប្រធាន។

បើ​តាម​លិខិត​ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មាន​តួនាទី​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​នៅ​ថ្នាក់​ជាតិ និង​រដ្ឋបាល​ក្រោម​ជាតិ ដើម្បី​ស្រាវជ្រាវ និង​ចាត់​វិធានការ​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុស​ច្បាប់។

ក្រៅពី​បង្ក្រាប​ល្បែងស៊ីសង​ហើយ ក្រុម​ការងារ​នេះ​ក៏​ត្រូវ​ចាត់​វិធានការ​ឱ្យ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឫសគល់​នៃ​បទល្មើស​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​បទល្មើស​សម្អាត​ប្រាក់ ព្រមទាំង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់ ដើម្បី​សហការ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ទាំងនោះ​ជា​ធរមាន។

ក្រោយពី​បង្កើត​ក្រុម​ការងារ​នេះ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ជាង ២១​នាទី​នា​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ របស់​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​រាជធានី-ខេត្ត ព្រមទាំង​មន្ត្រី​នគរបាល​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​នៅ​តាម​មូលដ្ឋាន ដោយ​ថា​បច្ចុប្បន្ន បន​ល្បែងស៊ីសង​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​អធិការ​ស្រុក ឬ​ប៉ុស្តិ៍​នគរបាល​នៅ​តាម​ឃុំ​ទាំងនោះ បែរ​ជា​មិន​អើពើ​ក្នុង​ការ​ចុះ​បង្ក្រាប​ទៅវិញ។

ក្រៅពី​បញ្ជា​ឲ្យ​បង្ក្រាប លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី-ខេត្ត ព្រមទាំង​មន្ត្រី​នគរបាល បើ​រក​ឃើញ​ថា​ពួកគេ​មិន​ទទួល​ខុសត្រូវ​លើ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ខណៈ​លោក​បាន​ទទួលស្គាល់​ថា ល្បែង​ជល់​មាន់​តាម​អនឡាញ ឡូតូ បៀរ បាន​កើតឡើង​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា ការ​រីក​រាលដាល​នៃ​ល្បែងស៊ីសង​នេះ វា​ក៏​បាន​ឈាន​ទៅ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​បទល្មើស ដូចជា​លួច ឆក់ និង​ប្លន់ ជាដើម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​ថា​បច្ចុប្បន្ន បញ្ហា​ល្បែងស៊ីសង​កំពុង​រីក​រាលដាល​ខ្លាំង​គួរ​ឱ្យ​បារម្ភ។ លោក​ថា ទីកន្លែង​ល្បែងស៊ីសង​មួយ​ចំនួន​ក៏​មាន​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​បើក ហើយ​ឈាន​យក​អាជ្ញាប័ណ្ណ​ទាំងនោះ​ទៅ​ដាក់​នៅ​តាម​ហាង​កាហ្វេ គុយទាវ និង​ទីតាំង​ផ្សេងៗ​ផង​ដែរ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​គួរ​ចាត់​វិធានការ​ត្រឹមតែ​ចុះ​បង្ក្រាប​ទេ តែ​ត្រូវ​ពិនិត្យ​មើល​ចំពោះ​អ្នក​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​បើក​លេង​ល្បែងស៊ីសង ហើយ​ត្រូវ​មាន​វិធានការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​អ្នក​ធ្វើ​ខុស​ច្បាប់ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់​នៃ​ការ​លេង​ល្បែងស៊ីសង​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស