32.9 C
Phnom Penh

អាជ្ញាធរ​រុះរើ​តង់​កម្មករ​ឃែនធើរេន​ដែល​ដេក​យាម​មុខ​ក្រុមហ៊ុន ខណៈ​វិវាទ​មិន​ទាន់​ដោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ ឃែនធើរេន សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​សង្កាត់​ចោមចៅទី១ បាន​នាំគ្នា​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ចេញ​ពី​មុខ​ក្រុមហ៊ុន ទោះបីជា​ថៅកែ​មិនទាន់​ដោះស្រាយ​វិវាទ​ការងារ​នេះ​ចប់​ក្ដី។

អាជ្ញាធរ​សង្កាត់​ចោមចៅទី១ ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ កញ្ញា នេះ បាន​ចុះ​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ដែល​កម្មករ​បាន​នាំគ្នា​យក​ទៅ​ដេក​យាម​ខាង​មុខ​រោងចក្រ ឃែនធើរេន ក្រោម​ហេតុផល​ថា ដល់​ថ្ងៃ​ឱសានវាទ​ក្រោយពី​រដ្ឋបាល​សង្កាត់​បាន​ទុក​រយៈពេល ៧​ថ្ងៃ​ដើម្បី​ឲ្យ​កម្មករ​រុះរើ។

បើ​តាម​សេចក្ដី​ជូនដំណឹង​រដ្ឋបាល​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​បោះ​តង់​របស់​កម្មករ​នៅ​ខាង​មុខ​រោងចក្រ​នោះ បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បាត់បង់​សោភណភាព។

ក្រៅពី​ជូនដំណឹង​រុះរើ​ហើយ រដ្ឋបាល​សង្កាត់​ចោមចៅទី១ បាន​ព្រមាន​ពី​ការ​ចុះ​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេងៗ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ បើ​កម្មករ​មិន​អនុវត្ត​តាម​នោះ។

កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ ឃែនធើរេន លោកស្រី សាន់ សុផា ចាត់ទុក​ការ​ចុះ​រុះរើ​របស់​អាជ្ញាធរ​សង្កាត់​ចោមចៅទី១ ថា​ជា​ទង្វើ​មួយ​ដែល​កម្មករ​មិន​អាច​ទទួល​បាន​ឡើយ។ លោកស្រី​បន្ត​ថា កម្មករ​បោះតង់​ដេក​យាម​មុខ​រោងចក្រ​នេះ​មិន​បាន​បង្ក​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សោភណភាព​អ្វី​ឡើយ ហើយ​ការ​ដេក​យាម​មុខ​រោងចក្រ ឃែនធើរេន ដើម្បី​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទូទាត់​អត្ថប្រយោជន៍​ជូន​កម្មករ​តាម​ច្បាប់​ការងារ​តែប៉ុណ្ណោះ។

លោកស្រី សាន់ សុផា បន្ត​ថា ពួកគាត់​ទាមទារ​អត្ថប្រយោជន៍ ៥​ចំណុច ប៉ុន្តែ​រដ្ឋាភិបាល​ឲ្យ ៣​ចំណុច ដោយ​បើក​ប្រាក់​បុរេប្រទាន​ឲ្យ​កម្មករ ហើយ​នៅ​សល់​តែ ២​ចំណុច​ទៀត ថៅកែ​ត្រូវ​ដោះស្រាយ​ឲ្យ​ពួកគាត់។ លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​កម្មករ​ទាមទារ​នា​ពេលនេះ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ បើ​ថៅកែ​រត់​ចោល ឬ​បិទ​ទីតាំង ត្រូវ​ទូទាត់​ប្រាក់​ឲ្យ​កម្មករ​ចំនួន ៥​ចំណុច។

កម្មករ​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ ឃែនធើរេន ស្ថិត​នៅ​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា និង​បោះតង់​ដាក់​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រ​ជាង ៤​ខែ​ហើយ ដើម្បី​ការពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារៈ​ផ្សេងៗ​ចេញពី​រោងចក្រ និង​ទាមទារ​ឲ្យ​ថៅកែ​ចេញ​មុខ​ដោះស្រាយ​សំណង​ជូន​ពួកគេ​តាម​ផ្លូវ​ច្បាប់ ក្រោយពី​ថៅកែ​រោងចក្រ​នេះ​បិទ​ទ្វារ​រត់​ចោល​កម្មករ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដោះស្រាយ​សំណង​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែល​ត្រូវ​បាន​ថៅកែ​បិទ​ទ្វារ​អាជីវកម្ម​រត់​ចោល​ដោយ​មិន​បាន​បើក​ប្រាក់ឈ្នួល និង​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគេ។

ក្រោយ​ពី​លោក ហ៊ុន សែន បញ្ជា​នោះ ក្រសួង​ការងារ​ប្រកាស​ប្រើប្រាស់​ថវិកា​បុរេប្រទាន​របស់​រដ្ឋាភិបាល ដើម្បី​ទូទាត់​ប្រាក់​ចំនួន ៣​ចំណុច​ជូន​កម្មករ រួម​មាន​ប្រាក់ឈ្នួល​ចុងក្រោយ​ដែល​មិន​ទាន់​បាន​បើក ប្រាក់​បំណាច់​ជួស​ឲ្យ​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ រួម​ទាំង​ប្រាក់​រំឭក​អតីតភាព​ការងារ​ដែល​នៅ​សល់​មុន​ឆ្នាំ​២០១៩ ប៉ុន្តែ​កម្មករ​អះអាង​ថា ការ​ដោះស្រាយ​ត្រឹម ៣​ចំណុច​នេះ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ។

យ៉ាងណា សំណង​ចំនួន ៥​ចំណុច​ដែល​កម្មករ​រោងចក្រ ឃែនធើរេន ទាមទារ​នោះ​មាន​ចំនួន​ខ្ទង់ ៧០​ម៉ឺន​ទៅ ៨០​ម៉ឺន​ដុល្លារ ប៉ុន្តែ​សំណង​នេះ ក្រសួង​ការងារ​បាន​ដោះស្រាយ​ឲ្យ​កម្មករ​បាន​តែ ៣​ចំណុច​ប៉ុណ្ណោះ ដែល​រឿង​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​ខាតបង់​ផលប្រយោជន៍​ច្រើន​ណាស់ ទើប​ពួកគេ​បន្ត​ទាមទារ​ទៀត ខណៈ​ពួកគេ​ធ្វើការ​ក្នុង​រោងចក្រ​នេះ​ម្នាក់ៗ​ជាង ២០​ឆ្នាំ​ហើយ​នោះ។

បើ​តាម​ញត្តិ​របស់​កម្មករ​ដែល​ដាក់​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ គឺ​រោងចក្រ ឃែនធើរេន បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៧ ដែល​មាន​ថៅកែ​ធំ​ឈ្មោះ YAP FUNG KONG សញ្ជាតិ​ម៉ាឡេស៊ី ហើយ​នាយក​ក្រុមហ៊ុន​ឈ្មោះ CHHOONG WEI PIAU និង​បាន​ជំពាក់​បំណុល​កម្មករ​ចំនួន ៣២០​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស