40.6 C
Phnom Penh

ជនជាតិ​វៀតណាម​ជាង​២០០​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​ដោយសារ​គ្មាន​លិខិត​ឆ្លងដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​វៀតណាម ជាង ២០០​នាក់ និង​ចិន ២​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ចេញពី​កម្ពុជា ក្រោយពី​រក​ឃើញ​ថា ពួកគេ​លួច​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លងដែន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង ២២៨​នាក់ ក្នុង​នោះ​មាន​ស្រី ៥០​នាក់ និង​ជនជាតិ​ចិន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បណ្ដេញ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម និង​ចិន​ទាំង ២៣០​នាក់​ដែល​សមត្ថកិច្ច​បាន​បណ្ដេញ​ចេញ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ស្នាក់នៅ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន លើស​ទិដ្ឋាការ​កំណត់ និង​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលដៅ ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។

កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ក្រើន​រម្លឹក​ទៅ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ពិសេស​នៅ​តាម​ព្រំដែន ត្រូវ​ពង្រឹង និង​គ្រប់គ្រង​ការ​ចេញ​ចូល​របស់​ជនបរទេស។ លោក​ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដោយ​ចាប់ និង​បណ្ដេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កម្ពុជា​វិញ ហើយ​មិន​ត្រូវ​ខ្វល់​ថា​ជា​ជនបរទេស​ណា​នោះ​ទេ។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ បាន​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​ប្រសិទ្ធភាព​គ្រប់គ្រង​ជនអន្តោប្រវេសន៍។

ការ​ជំរុញ​នោះ ក្រោយពី​រក​ឃើញ​ថា ផ្នែក​មួយ​នៃ​បញ្ហា​នេះ គឺ​អាជ្ញាធរ​វៀតណាម មិន​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្លួន​ដែល​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ទោះបី​ពួកគេ​ចង់​ទៅ​វិញ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស