28 C
Phnom Penh

លោក ស ខេង ស្នើ​ចិន​បន្ត​គាំទ្រ​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​រក​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឲ្យ​ជួយ​បន្ត​គាំទ្រ​ការងារ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​បង្ក្រាប​មេខ្លោង​នៅ​ក្នុង​ប្រទេស​សាមី​ដែល​ពួកគេ​មាន​បណ្ដាញ​ទំនាក់ទំនង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់ ខណៈ​ពួក​ឧក្រិដ្ឋជន​ទាំងនោះ​ក៏​កំពុង​មាន​នៅ​កម្ពុជា។

លោក ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ថា ការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​ចុងក្រោយ គឺ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ភាគី​ជា​មិត្ត ព្រមទាំង​បណ្ដា​ភាគី​មិត្ត​ក្នុង​តំបន់​ទាំងអស់​ដែរ។ ដូច្នេះ ដើម្បី​ជំរុញ​ដល់​ដំណើរការ​ប្រតិបត្តិការ​នេះ​សម្រេច​បាន រដ្ឋាភិបាល​កម្ពុជា​ក៏​បង្កើត​យន្តការ​សំខាន់ៗ រួម​មាន៖

  • ការ​បង្កើត​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់
  • ក្រុម​ការងារ​ប្រតិបត្តិការ​អង្កេត និង​ស្រាវជ្រាវ
  • និង​ក្រុម​ការងារ​ត្រួតពិនិត្យ​ក្រុម​ពលករ​ហត្ថពលម្ម​បរទេស​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា កម្ពុជា​ក៏​ជា​ប្រទេស​រងគ្រោះ​ដោយសារ​ការ​ឆ្លៀត​ឱកាស​កេង​ប្រយោជន៍​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ពី​សំណាក់​ក្រុម​ជន​ទុច្ចរិត ដើម្បី​ប្រព្រឹត្ត​បទល្មើស ខណៈ​កន្លងមក ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ប្រភេទ​នេះ កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ភាគី​ចិន​ដែរ។

នាយករដ្ឋមន្ត្រី​ស្ដីទី លោក ស ខេង ស្នើ​ភាគី​ចិន​ឲ្យ​បន្ត​ជួយ​គាំទ្រ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​មេខ្លោង​នៅ​ក្នុង​ប្រទេស​សាមី​ដែល​ពួកគេ​មាន​បណ្ដាញ​ទំនាក់ទំនង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់ ខណៈ​បច្ចុប្បន្ន លោក​ថា​កម្ពុជា​កំពុង​បន្ត​ខិតខំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ពួក​ឧក្រិដ្ឋជន​ដែល​មាន​នៅ​កម្ពុជា។

ឆ្លើយតប​នឹង​សំណើ​នេះ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ចិន​បាន​ត្រៀម​ខ្លួន​ផ្ដល់​កិច្ចសហការ​តាម​សំណូមពរ​ផ្សេងៗ​របស់​ភាគី​កម្ពុជា ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​បទល្មើស ក៏ដូចជា​ជនល្មើស​ដែល​ពាក់ព័ន្ធ។

កាលពី​ពាក់កណ្ដាល​ខែ​កញ្ញា នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ខ្លួន​ជនបរទេស​អន្តោប្រវេសន៍​ជា​បន្តបន្ទាប់​ជិត ៥០០​នាក់ ក្រោយពី​ចុះ​បង្ក្រាប​រយៈពេល ៥​ថ្ងៃ នៅ​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​យុត្តិធម៌​ក៏​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ និង​ការ​សម្អាត​ប្រាក់ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស