ក្រុមអ្នកស្រឡាញ់បរិស្ថានប្រមាណជា ៣០នាក់ បាននាំគ្នាដើរដង្ហែសពព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ដើម្បីទាមទារឲ្យក្រសួងបរិស្ថានបើកឲ្យសហគមន៍ សកម្មជន និងសង្គមស៊ីវិលចូលរួមក្នុងការចុះល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជាដែលកំពុងរងការកាប់បំផ្លាញពីសំណាក់ជនល្មើស។
ការដើរដង្ហែសពព្រៃឈើរបស់យុវជនបរិស្ថាននាថ្ងៃទី២៩ កញ្ញា នេះ ចាប់ផ្ដើមចេញពីមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដោយស្លៀកពាក់ខោអាវពណ៌ស ដៃកាន់ផ្កាភ្ជាប់ជាមួយធូប និងមានមឈូស ទង់ព្រលឹង ដែលជារូបតំណាងឲ្យការកាន់ទុក្ខចំពោះការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ញត្តិទៅក្រសួងឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។
សកម្មជនការពារបរិស្ថាន កញ្ញា ភួន កែវរស្មី ដែលចូលរួមដើរដង្ហែសពព្រៃឈើ បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ ព្រៃឈើកំពុងរងនូវការកាប់បំផ្លាញខ្លាំង ស្របពេលដែលក្រសួង និងអាជ្ញាធរពាក់ព័ន្ធបន្តរឹតត្បិត និងមិនអនុញ្ញាតឲ្យយុវជន សហគមន៍ សកម្មជន និងអង្គការសង្គមស៊ីវិលចុះល្បាតព្រៃ។
កញ្ញាស្នើទៅក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បើកឲ្យសហគមន៍ សកម្មជន និងសង្គមស៊ីវិលចូលរួមក្នុងការចុះល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជាដែលកំពុងរងការកាប់បំផ្លាញពីសំណាក់ជនល្មើស។
ក្នុងយុទ្ធនាការដើរថ្មើរជើងដង្ហែសពព្រៃឈើនេះ ពួកគេបានលើកបដាដោយភ្ជាប់ជាមួយសារថា «សូមឃាត់អ្នកកាប់ កុំឃាត់អ្នកការពារ» និងស្នើសុំឲ្យជួយការពារព្រៃឈើ ដោយថាព្រៃឈើវិនាសអស់ហើយ ជាដើម។
បើតាមខ្លឹមសារញត្តិដែលពួកគេយកទៅក្រសួងបរិស្ថាននាថ្ងៃនេះ បានស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើទៀត ដោយថាការហាមឃាត់មិនឲ្យចូលទៅការពារព្រៃឈើ ជាការអនុវត្ដផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

មាត្រា២៩ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា ពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មានករណីយកិច្ចចូលរួមការពារ អភិរក្ស និងស្ដារធនធានធម្មជាតិឡើងវិញក្នុងតំបន់ការពារធម្មជាតិ។
ការធ្វើយុទ្ធនាការទាមទាររបស់ក្រុមយុវជននេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បានចេញសេចក្ដីប្រកាសហាមឃាត់អង្គការសង្គមស៊ីវិល យុវជន សហគមន៍ និងព្រះសង្ឃ ជាដើម មិនឲ្យចុះល្បាតព្រៃឈើ ជាពិសេសតំបន់ព្រៃឡង់ និងព្រៃព្រះរការ។ ការហាមឃាត់នេះ ស្របពេលមានការបន្តរកឃើញពីការបាត់បង់ និងការលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ កើតឡើងយ៉ាងអនាធិបតេយ្យ។
យ៉ាងណា មន្ត្រីក្រសួងបរិស្ថាន បានទទួលយកញត្តិរបស់ក្រុមយុវជន ប៉ុន្តែមិនទាន់បានឆ្លើយតបឡើយ។
របាយការណ៍របស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា នេះ បានរកឃើញថា កត្តាចម្បងដែលធ្វើឲ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជាបន្តកើតមាននោះ ដោយសារគ្រួសារលោក ហ៊ុន សែន ជាអ្នកកាងពីក្រោយ។
របាយការណ៍ដដែលក៏បានរំលេចពីដំណើរការនៃគ្រួសាររបស់លោក ហ៊ុន សែន ក្នុងការគ្រប់គ្រងលើក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីព្រៃឈើ ក្នុងនោះអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យបើកការស៊ើបអង្កេតលើឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ដើម្បីសម្រួលផ្លូវរកស៊ីឈើរបស់ឧកញ៉ា សឹង សំអុល ប៉ុន្តែឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន។
ចំណែកក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ វិញ ក៏ត្រូវបានគេរកឃើញថាមានមុខរបររកស៊ីជាមួយឧកញ៉ា ទ្រី ភាព តាមរយៈក្រុមហ៊ុន អឹម.ឌី.អេស និងក្រុមហ៊ុន ហេងហ៊ី អ៊ីនវេសមិន ខូ.អិល.ធី.ឌី (Heng He Investment Co,. ltd) ក្នុងការនាំឈើហុបខុសច្បាប់ទៅកាន់ប្រទេសថៃ។
ក្រៅពីរកស៊ីជាមួយឧកញ៉ា ទ្រី ភាព ហើយ លោក ហ៊ុន តូ ក៏រកស៊ីជាមួយឧកញ៉ា គិត ម៉េង ដោយសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វិស័យទេសចរណ៍ យីជា (Yee Jia Tourism Development Company) ដែលមានថៅកែជនជាតិចិន ឈ្មោះ ហ្វូ សៀន តាំង (Fu Xian Tang) ទទួលបានសិទ្ធិវិនិយោគផ្ដាច់មុខក្នុងការអភិវឌ្ឍតំបន់ឆ្នេររាមក្នុងខេត្តព្រះសីហនុ ហើយបានដណ្ដើមយកដីរបស់ពលរដ្ឋ និងកាប់ឈើខុសច្បាប់ផងដែរ៕