34 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង គ.ជ.ប ប្តឹង​លោក សុន ឆ័យ នៅ​ដើម​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្តឹង​លោក សុន ឆ័យ ជាប់​ពាក់ព័ន្ធ​ការ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ក៏​ជា​ថ្ងៃ​ដែល​តុលាការ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ជាមួយ​មេធាវី​របស់​លោក បាន​ចូល​ទៅ​តុលាការ​ភ្នំពេញ​ដើម្បី​តទល់​ជាមួយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​លោក​ពី​បទ​បរិហារ​កេរ្តិ៍។ ការ​ចំណាយ​ពេល ១​ព្រឹក​ក្នុង​ការ​បើក​សវនាការ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​បណ្តឹង​ទាំង​ពីរ​នេះ​ទេ ដោយ​អង្គ​សវនាការ​បាន​ត្រឹម​បញ្ចប់​បណ្តឹង​របស់ គ.ជ.ប ប៉ុណ្ណោះ ឯ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​ត្រូវ​បាន​លើក​មក​ជំនុំជម្រះ​នៅឡើយ​ទេ។

ក្រោយពី​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក លោក ហម ម៉េងសែ ដែល​ជា​ចៅក្រម​ជំនុំជម្រះ បាន​ថ្លែង​ថា សាលក្រម​ដែល​សម្រេច​សេចក្តី​លើ​បណ្តឹង​របស់ គ.ជ.ប នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ហើយ​នៅ​ថ្ងៃ​នោះ ក៏​ជា​ថ្ងៃ​ដែល​តុលាការ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​តាម​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លងមក លោក សុន ឆ័យ ថា​បណ្ដឹង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប ប្តឹង​រូបលោក វា​ជា​ការ​រៀបចំ​ឡើង​សម្រាប់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក​បាន​ស្នើ​តុលាការ​ឱ្យ​តម្កល់​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្ដឹង គ.ជ.ប កុំ​ចាត់ការ ដោយ​ថា​ជុំវិញ​អ្វី​ដែល​រូបលោក​បាន​លើកឡើង​បន្ទាប់ពី​ទទួល​បាន​របាយការណ៍​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​តាម​បណ្ដា​រាជធានី-ខេត្ត ដូច្នេះ​អ្វី​ដែល​រូបលោក​រិះគន់​នោះ សុទ្ធតែ​មាន​ភស្តុតាង​ច្បាស់លាស់​ទាំងអស់។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក គី តិច បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ប្រឆាំង​នឹង​លោក សុន ឆ័យ ដោយ​ក្នុង​បណ្ដឹង​នោះ លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​នោះ បាន​ទាមទារ​សំណង​ជំងឺចិត្ត​ពី​លោក សុន ឆ័យ ចំនួន ១​លាន​ដុល្លារ​អាមេរិក។

ក្រៅពី​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា លោក សុន ឆ័យ ក៏​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប្ដឹង​ទៅ​តុលាការ​ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» និង​បាន​ទាមទារ​សំណង​ពី​លោក សុន ឆ័យ ចំនួន ១​លាន​ដុល្លារ ហើយ​ត្រូវ​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​ថែម​ទៀត ប៉ុន្តែ​លោក សុន ឆ័យ ប្រកាស​ជំហរ​នឹង​មិន​សុំទោស​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស