សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសសកម្មជនសង្គម លោក នី ណាក់ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងជំងឺចិត្តទៅដើមបណ្ដឹងលោក ហេង សួរ ចំនួន ២០០លានរៀល ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដោយសម្រេចដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ ៣លានរៀល ប្រហែល ៧៥០ដុល្លារទៅកាន់តុលាការផងដែរ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ ដោយចោទពីបទ បរិហារកេរ្តិ៍ និងញុះញង់ តាមបណ្តឹងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ជុំវិញការរិះគន់ពីចំនួនតួលេខក្រុមហ៊ុនឯកជនបានបើកថ្មីដ៏ច្រើនលើសលប់ ដែលក្រសួងការងារបានចេញផ្សាយនៅពេលនោះ។
គិតចាប់តាំងពីថ្ងៃទី៥ ខែមករា មកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល ៣៥១ថ្ងៃហើយ ឬស្មើនឹង ១១ខែ ១៦ថ្ងៃ ដែលលោក នី ណាក់ ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ដូច្នេះការជាប់គុកលើកទី២ នេះ គឺមានបទល្មើសមិនរាងចាល ហេតុដូចនេះទើបតុលាការបដិសេធលើបណ្ដឹងស្នើសុំនៅក្រៅឃុំបែបនេះ។
កាលពីអំឡុងឆ្នាំ២០២០ លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារអស់រយៈពេល ១៨ខែម្តងដែរ ពីបទ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង តាមបណ្តឹងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ លោក នី ណាក់ ធ្លាប់បានអះអាងថា លោកនឹងសាងផ្នួសបួសជាព្រះសង្ឃសាងឧបនិស្ស័យក្នុងព្រះពុទ្ធសាសនាក្រោយពេលចេញពីពន្ធនាគារ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

