29 C
Phnom Penh

តុលាការ​កំពូល​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ដោយ​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​សម្រេច​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ឲ្យ​មាន​សេរីភាព ដោយ​សំអាង​ថា បើ​ធ្វើការ​ដោះលែង​កញ្ញា​រូប​នេះ នោះ​អាច​បង្ក​ចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​តម្កល់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ជា​រឿង​ត្រឹមត្រូវ។

នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម បាន​បើក​សវនាការ​សួរ​ដេញដោល​ចំពោះ​ការ​មិន​សុខចិត្ត​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ប្ដឹង​សាទុក្ខ។ ក្រោយ​ពេល​បើក​សវនាការ​ជិត ១​ម៉ោង លោក គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា​ភ្លាមៗ​ដោយ​បដិសេធ​ដោះលែង​កញ្ញា សេង ធារី ក្រោម​ហេតុផល​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​រឿង​ត្រឹមត្រូវ។

លោក គង់ ស្រ៊ីម បញ្ជាក់​ថា មូលហេតុ​ដែល​តុលាការ​មិន​ដោះលែង​កញ្ញា សេង ធារី គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ផង​ដែរ។

ការ​ប្រកាស​សាលដីកា​របស់​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បាន​បើក​សវនាការ​បណ្ដឹង​សាទុក្ខ​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល ក្រោយពី​មិន​សុខចិត្ត​ចំពោះ​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២២។

កញ្ញា សេង ធារី និង​ថ្នាក់​ដឹកនាំ ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៥០​នាក់ ត្រូវ​បាន​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦​ឆ្នាំ ខណៈ​ចន្លោះ​ពី ៥ ទៅ ៨​ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ជុំវិញ​ការ​ប្រកាស​ជំហរ​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ថ្ងៃទី​៩ វិច្ឆិកា របស់​លោក សម រង្ស៊ី។

កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បញ្ជូន​កញ្ញា​ចេញពី​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​លើ​កញ្ញា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ដើម​ខែ​សីហា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ក៏​បាន​ទទូច​ឲ្យ​លោក ហ៊ុន សែន ដោះលែង​កញ្ញា សេង ធារី មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ឃុំ​ខ្លួន និង​ដែល​អាមេរិក​ចាត់ទុក​ថា​ជា​ការ​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេតុផល​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស