30 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា​ការ​មិន​អើពើ​វិវាទ​ការងារ​កម្មករ​ណាហ្គា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​មិន​អើពើ​ពី​សំណាក់​លោក ហ៊ុន សែន និង​ក្រសួង​ការងារ​លើ​បញ្ហា​ដែល​កើតមាន​រវាង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) នឹង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​កម្ពុជា​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ តុលា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​បញ្ហា​នេះ​បន្ត​កើតមាន និង​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។ ផ្ទុយទៅវិញ គ្រាន់តែ​បង្ហាញ​ពី​ការ​គាបសង្កត់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា​អាច​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​អន្តរាគមន៍​លើ​ករណី​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​របស់​កម្មករ ដែល​ស្ថិត​ក្រោម​ការ​មើល​ការ​ខុសត្រូវ​របស់​ខ្លួន​សព្វថ្ងៃ​នេះ ប៉ុន្តែ​ដោយសារ​ក្រសួង​អសមត្ថភាព ទើប​បញ្ហា​នេះ​កើតមាន​ឡើង និង​បន្ត​អូស​បន្លាយ​ពេល​ដោយ​គ្មាន​ដំណោះស្រាយ​បែប​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​ដែល​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជិះជាន់​កម្មករ​និយោជិត ដោយ​ការ​បង្ក្រាប និង​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ​សព្វថ្ងៃ​នេះ គឺ​មាន​តែ​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ខណៈ​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី​ប្រទេស​លោក​សេរី ដូចជា​សហគមន៍​អឺរ៉ុប និង​អាមេរិក ជាដើម តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP នឹង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​គ្មាន​ដំណោះស្រាយ ខណៈ​ក្រសួង​ការងារ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​បាន​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន ដោយ​ប្រើ​ច្បាប់​ដើម្បី​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​បំភ្លឺ​អំពី​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា ចំពោះ​បញ្ហា​ដែល​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កន្លងមក មិនមែន​ជា​ការ​ព្រងើយ​កន្តើយ​របស់​ក្រសួង​នោះ​ឡើយ ប៉ុន្តែ​ដោយសារ​ភាគី​ទាំង​សងខាង​ចរចា​មិន​ត្រូវ​គ្នា ខណៈ​ក្រសួង​មិន​អាច​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​ត្រូវតែ​យល់ព្រម​តាម​អ្នក​ផ្សះផ្សា​វិវាទ​នេះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន រួម​មាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​ជំហរ​គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

ចាប់តាំងពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​ចេញ​តវ៉ា​ទាមទារ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក កម្មករ​និយោជិត​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​កម្ពុជា​រហូត​មក ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន ការ​បង្ក្រាប​ដោយ​ហិង្សា ដូចជា​ការ​វាយដំ​ទៅ​លើ​កម្មការិនី​រហូត​ធ្វើ​ឱ្យ​រលូត​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស