30 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ រំលោភ​គោលការណ៍​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជិត ១០០​ស្ថាប័ន រិះគន់​ថា ការ​ចោទប្រកាន់​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ គឺ​រំលោភ​បំពាន​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​គោលការណ៍​មន្ត្រី​របស់​រដ្ឋ​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ៨៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ទំនាស់​ដីធ្លី​ដ៏​រាំរ៉ៃ​រវាង​ក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) ជាមួយ​នឹង​ពលរដ្ឋ​ម្ចាស់​ដី​ដែល​ក្រុមហ៊ុន​មិន​ដោះស្រាយ​បញ្ចប់​វិវាទ​ជាមួយ​ពួកគេ​នា​ពេល​កន្លងមក។

ប្រភព​ដដែល​ត្អូញត្អែរ​ថា នៅ​ពេល​នេះ ពលរដ្ឋ​រងគ្រោះ ៣៣០​គ្រួសារ មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ក្នុង​ការ​ផ្តល់​សំណង បន្ទាប់ពី​ក្រុមហ៊ុន​បាន​បណ្តេញ​ពួកគាត់​ចេញពី​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់​នៅឡើយ​ទេ ថែម​ទាំង​បាន​ចោទ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែម​ទៀត ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៩​នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៣០​នាក់​ដែល​បាន​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

អង្គការ​សមាគម​ខាងលើ​បញ្ជាក់​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នា​ពេល​កន្លងមក​នេះ គឺ​ដោយសារតែ​សំណង​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​សន្យា​ផ្តល់​ជូន​ពួកគាត់ គឺ​មិន​ឆ្លើយតប​ទៅ​នឹង​តម្លៃ​ទីផ្សារ​ដែល​អាច​ឲ្យ​ពួកគាត់​ស្វែងរក​ទិញ​ដី​ទំហំ​ប្រហាក់ប្រហែល​គ្នា​នឹង​ដី​ដែល​ក្រុមហ៊ុន​បាន​យក​នៅ​តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​ថ្មី​នោះ​ទេ។ ជាង​នេះ​ទៀត ការ​តវ៉ា​នេះ គឺ​ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ចំពោះ​ទំហំ​ទីតាំង​ដី​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្លាប់​បាន​សន្យា​ថា នឹង​ប្រគល់​ដី​ដែល​ពលរដ្ឋ​ព្រម​ដោះដូរ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​នា​ពេល​កន្លងមក​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ស្ថិត​នៅ​ជុំវិញ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅតែ​គ្មាន​ដំណោះស្រាយ​សព្វថ្ងៃ​នេះ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ប៉ុន្តែ​ការ​សាងសង់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ក្រុមហ៊ុន​បាន​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​សំណង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ពលរដ្ឋ​សរុប​ជាង ៣០០​គ្រួសារ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ចន្លោះ​ពី ៣​ដុល្លារ​ទៅ ៨​ដុល្លារ​ក្នុង​ដី ១​ម៉ែត្រការ៉េ ខណៈ​តម្លៃ​ដី​ជាក់ស្តែង ពលរដ្ឋ​អាច​លក់​បាន​ចាប់​ពី​តម្លៃ ៨​ដុល្លារ​អាមេរិក​ក្នុង​មួយ ១​ម៉ែត្រការ៉េ។

មាត្រា​២២ នៃ​ច្បាប់​អស្សាមិករណ៍ ចែង​ថា ប្រាក់​សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ម្ចាស់​អចលនវត្ថុ ម្ចាស់​កម្មសិទ្ធិ ត្រូវ​គិត​តាម​តម្លៃ​ទីផ្សារ ឬ​ថ្លៃ​ជំនួស​នៅ​កាលបរិច្ឆេទ​នៃ​ការ​ចេញ​សេចក្ដី​ប្រកាស​ស្តីអំពី​គម្រោង​អស្សាមិករណ៍។

បន្ថែម​លើ​នេះ មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់ ហើយ​ដែល​នឹង​ដកហូត​សិទ្ធិ​ពី​ជន​ណា​មួយ​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​ត្រូវ​បាន​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្ដល់​សំណង​ជាមុន ដោយ​សមរម្យ និង​យុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស