28.4 C
Phnom Penh

បក្ស​ឆន្ទៈ​ខ្មែរ​នឹង​មិន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ទេ​បន្ទាប់ពី​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ បន្ទាប់ពី​ខ្លួន​បាន​សម្រេច​ចិត្ត​ចូល​ជ្រកកោន​ជាមួយ​អតីត​ទ្រនំ​ចាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ឡើងវិញ។

គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក គង់ មុនីកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ ដោយសារតែ​គណបក្ស​នេះ​បាន​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ហើយ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​ចរចា​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល អំពាវនាវ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាមរយៈ​នៃ​ការ​បោះឆ្នោត ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ឱ្យ​បាន​ទូលំទូលាយ និង​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​អំណាច​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទទួល​បាន​ជោគជ័យ ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

លោក គង់ គាំ ទីប្រឹក្សា​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ចំពោះ​ការ​ទៅ​ចាប់​ដៃ​ជាមួយ​សហការី​ក្នុង​គណបក្ស​ភ្លើង​ទៀន​ឡើងវិញ ដ្បិត​លោក​មើល​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​ការ​គាំទ្រ​ធំធេង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។

លោក​អះអាង​ថា ការ​រួបរួម​គ្នា​រវាង​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន​នា​ពេល​នេះ មិន​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ឡើយ បើ​ទោះបីជា​លោក សម រង្ស៊ី ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន​ក៏ដោយ។ លោក​បន្ថែម​ថា ពលរដ្ឋ និង​អ្នក​នយោបាយ​ចង់​ឲ្យ​មាន​ការ​ប្រកួតប្រជែង និង​ចង់​ឲ្យ​មាន​ពហុ​បក្ស​ដែល​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង។

យ៉ាងណា បន្ទាប់ពី​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​អង្គារ​នេះ (ថ្ងៃទី​៤ តុលា) ព្រះមហាក្សត្រ​ក៏​បាន​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា ពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ចាប់ពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ តទៅ។ ការ​បញ្ចប់​មុខតំណែង​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​របស់​លោក ហ៊ុន សែន។

ក្រៅពី​លោក គង់ មុនីកា ក៏​មាន​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​ឲ្យ​បញ្ចប់​មុខតំណែង​ដែរ ក្នុង​នោះ​មាន​លោក អ៊ី មុយលី ចេញពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​លោក តុល ប្រាសាទ ដែល​ជា​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​មាន​ឋានៈ​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​ចាប់ពី​ថ្ងៃ​នេះ​តទៅ។

ទោះជា​បែប​នេះ​ក្តី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ តុលា នេះ​ថា ទាំង​គណបក្ស​ភ្លើង​ទៀន ទាំង​គណបក្ស​ឆន្ទៈ​ខ្មែរ សុទ្ធតែ​ជា​គណបក្ស​ដែល​បាន​ក្បត់​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ជាង​កន្លះ​ប្រទេស ដែល​គាំទ្រ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ​នៅ​ពេលនេះ គ្រាន់តែ​ជា​ការ​ជួយ​សម្របសម្រួល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​ឱ្យ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

លោក ហ៊ុន កុសល លើកឡើង​ថា ចំណែក​ស្មារតី​របស់​គណបក្ស​ទាំង​ពីរ​នេះ កុំ​ថា​ឡើយ​ដល់​ទៅ​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម​ជូន​ពលរដ្ឋ សូម្បី​បក្ស​ប្រឆាំង​ដែល​ខ្លួន​ធ្លាប់​ជា​សមាជិក ហើយ​ត្រូវ​គេ​រំលាយ​ទាំង​អយុត្តិធម៌ ក៏​ខ្លួន​មិន​ដែល​រក​យុត្តិធម៌​ឱ្យ​ផង តើ​ពួកគេ​នឹង​ទៅ​រក​យុត្តិធម៌​សង្គម​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ម្តេច​នឹង​កើត។

គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក គង់ គាំ និង​លោក គង់ មុនីកា ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស សម រង្ស៊ី ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លងទៅ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧។

ក្រោយ​ការ​បង្កើត​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ ធ្លាប់​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ម្តង​រួច​មក​ហើយ តែ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ដែល​អាច​ឱ្យ​ខ្លួន​ទទួល​បាន​កៅអី​ក្នុង​រដ្ឋសភា​នោះ​ទេ។ រហូត​ដល់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ គណបក្ស​នេះ​ក៏​បាន​ចូលរួម​ការ​បោះឆ្នោត​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បរាជ័យ​ម្តង​ទៀត ព្រោះ​មិន​ទទួល​បាន​ក្រុមប្រឹក្សា​សូម្បី​តែ​ម្នាក់។

យ៉ាងណាក៏ដោយ គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​ធ្លាប់​ប្រកាស​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ ផង​ដែរ ប៉ុន្តែ​នៅ​ពេលនេះ គណបក្ស​នេះ​បែរ​ជា​សម្រេច​ចូល​ជ្រក​ក្រោម​ដំបូល​គណបក្ស​ភ្លើង​ទៀន​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស