26 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ផែនការ​រួបរួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​ រដ្ឋាភិបាល​ដែល​ប្រកាស​ចង​សម្ពន្ធភាព​រួបរួម​កម្លាំង ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ប្រវត្តិ​ជា​ដៃគូ​សហការ​មិន​ស្មោះត្រង់។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ថា ប្រសិនបើ​ការ​ចង​សម្ព័ន្ធ​នេះ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ដោយ​មិន​មាន​គណបក្ស​ណា​មួយ​ក្បត់​ដៃគូ​របស់​ខ្លួន នោះ​ផែនការ​នៃ​ការ​រួបរួម​ប្រាកដជា​នឹង​មាន​លទ្ធផល​ល្អ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​រហូត​ដល់​ទៅ ៣០ ឬ ៤០​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ជាតិ ដែល​អាច​លើកស្ទួយ​ឡើងវិញ​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ទៅ​ថ្ងៃ​ខាងមុខ។

លោក ម៉ែន ណាត អះអាង​ថា រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ គឺ​អត្តចរិត​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មិន​អាច​កែ​បាន​តាំងពី​មិនទាន់​កែ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី មក​ម្ល៉េះ ដែល​បក្ស​មួយ​នេះ​តែង​អនុវត្ត​នូវ​ការ​ដឹកនាំ​នយោបាយ​គិតតែ​ពី​ផលប្រយោជន៍​បក្ខពួក​ខ្លួនឯង ជាជាង​ការ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ ក្នុង​នោះ​ភាព​ទុច្ចរិត​នៅ​ផ្ទៃក្នុង​បក្ស​នេះ​ក៏​កើតមាន​មិន​តិច​នោះ​ដែរ ដូច្នេះ​ការ​ចង​សម្ពន្ធភាព​មួយ​ដែល​ទាមទារ​ឱ្យ​មាន​តម្លាភាព​ពី​គណបក្ស​ដែល​ចូលរួម​ការ​សហការ​នេះ គឺជា​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​ប្រឈមមុខ​ធ្វើ​កិច្ចការ​ក្នុង​ភាព​ស្អាតស្អំ​ក្នុង​សម្ពន្ធភាព​មួយ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​ភ្លើង​ទៀន មិន​ទទួល​ការ​បញ្ជា​ដឹកនាំ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដូច​ដែល​សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​លើកឡើង​កន្លងមក​នោះ​ទេ នោះ​ការ​រួបរួម​នេះ​ទំនង​ជា​អាច​ដំណើរការ​ទៅ​មុខ​បាន​ល្អ ដែល​អាច​ក្លាយ​ជា​កម្លាំង​រួបរួម​ដ៏​ធំ​មួយ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​សកម្មភាព​រំលោភ​ច្បាប់​យ៉ាង​អនាធិបតេយ្យ​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន​ហាក់​មិន​មាន​ចេតនា​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដទៃ​ទៀត​នោះ​ទេ ប៉ុន្តែ​បក្ស​នេះ​បែរ​ជា​ចង់​ឱ្យ​បក្ស​ដទៃ​ចូល​ជ្រក​ក្រោម​ដំបូល​របស់​ខ្លួន​ទៅវិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ការ​សហការ​គ្នា​ដែល​អាច​ក្លាយ​ជា​កម្លាំង​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​មាន​ជម្រើស​មួយ​ចំនួន ដូចជា​ការ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ ឬ​ការ​ចូលរួម​ក្រោម​ឆត្រ​របស់​គណបក្ស​ណា​មួយ និង​ការ​ចង​សម្ពន្ធភាព​ដោយ​ការ​ចែក​មណ្ឌល​បោះឆ្នោត​ឈរ​ឈ្មោះ ជាដើម។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដោយ​មិន​មាន​ការ​រួបរួម​គ្នា នោះ​គឺជា​ការ​ជួយ​កំដរ​បក្ស​កាន់​អំណាច​ឱ្យ​ដឹកនាំ​ប្រទេស​តាម​របៀប​ដឹកនាំ​ដែល​ពលរដ្ឋ​មិន​ពេញចិត្ត​សព្វថ្ងៃ​នេះ​ដោយ​ស្រប​ច្បាប់​យ៉ាង​ពិតប្រាកដ ហើយ​បក្ស​ទាំងនោះ​គឺ​មាន​តែ​ពាក្យ​ថា​ចាញ់​តែប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​នឹង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ​ដូច​សព្វថ្ងៃ​នេះ​តទៅ​ថ្ងៃ​មុខ​ទៀត​យ៉ាង​ពិតប្រាកដ។

ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ដើម្បី​រួបរួម​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ចូលរួម​ការ​បោះឆ្នោត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​នេះ ប៉ុន្តែ​សម្ពន្ធភាព​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ប្រៀប​ដូច​ទឹក​កំពុង​ស្ថិត​នៅ​លើ​ស្លឹក​ឈូក​នៅឡើយ។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ បាន​សម្រេច​ដាក់​ផែនការ​បង្កើន​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន ៧​គណបក្ស សម្រាប់​សម្ពន្ធភាព​នេះ ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ ប៉ុន្តែ​ផែនការ​នេះ​ក៏​មិនទាន់​ឃើញ​មាន​ពន្លឺ​ជា​ដុំកំភួន​នៅឡើយ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស