វេទិកាពលរដ្ឋថ្កោលទោសអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចាប់ខ្លួនសកម្មជនសង្គម លោក ថែល ល ធីលែន យ៉ាងតក់ក្រហល់ គឺជាឧបាយកលក្នុងការបំផ្លាញទឹកចិត្តតស៊ូដើម្បីមាតុភូមិកម្ពុជារបស់កូនខ្មែរ ក្នុងគោលដៅជ្រោមជ្រែងយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាមតែប៉ុណ្ណោះ។
វេទិកាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ជុំវិញការចាប់ខ្លួនសកម្មជនសង្គម លោក ថែល ធីលែន កាលពីថ្ងៃអង្គារ ទី៤ តុលា ថា វាគឺជារឿងអកុសលបំផុតសម្រាប់ពូជសាសន៍ខ្មែរដែលមានលោក ហ៊ុន សែន ជាមេដឹកនាំដែលហ៊ានប្រើគ្រប់ឧបាយកលក្នុងការបំផ្លាញទឹកចិត្តតស៊ូដើម្បីមាតុភូមិកម្ពុជារបស់កូនខ្មែរ ក្នុងគោលដៅជ្រោមជ្រែងយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាមដែលកំពុងប្រព្រឹត្តយ៉ាងងងើលសព្វថ្ងៃនេះ។
ប្រភពដដែលលើកឡើងថា ការលេចចេញភ្លាមៗនូវដីកាបង្គាប់ឲ្យឃុំខ្លួនលោក ថែល ធីលែន ភ្ជាប់នឹងសាច់រឿងនៃការចោទប្រកាន់ថាបានលួចលក់អចលនវត្ថុរបស់អ្នកដទៃកាលពីអំឡុងឆ្នាំ២០១៦ នៅចំពេលដែលលោក ថែល ធីលែន ធ្វើសកម្មភាពតស៊ូមតិការពារពូជសាសន៍ខ្មែរនៅពេលនេះ គឺជាចេតនាបំបាក់ស្មារតីកូនខ្មែរដែលមានឆន្ទៈគិតគូរអាយុជីវិតជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ។
វេទិកាពលរដ្ឋសម្ដែងនូវការសោកស្ដាយដែលរដ្ឋាភិបាលលោក ហ៊ុន សែន យកវៀតណាមជាមិត្តដ៏ស៊ីជម្រៅ មិនលើកទឹកចិត្តពលរដ្ឋខ្មែរឱ្យនាំគ្នាការពារអធិបតេយ្យជាតិខ្លួនដូចមេដឹកនាំវៀតណាម ដែលបំបាក់ស្មារតីជាតិដល់ពលរដ្ឋរបស់គេ។
ប្រភពដដែលបន្ថែមថា បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនធ្វើជាឧបករណ៍ឈ្លានពានរបស់វៀតណាមទេ គួរណាស់លើកទឹកចិត្តដល់ពលរដ្ឋខ្មែរដែលចេញមុខការពារជាតិដូចមេដឹកនាំវៀតណាម ដែលលើកតម្កើងប្រជាជនដែលការពារទឹកដីរបស់គេដូច្នោះដែរ។
វេទិកាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បញ្ជាក់ថា លោក ថែល ធីលែន និងសកម្មជនសង្គមដទៃទៀតត្រូវតែទទួលបានការដោះលែងឲ្យមានសេរីភាពពីសកម្មភាពតស៊ូមតិដោយអហិង្សារបស់ពួកគេ ដើម្បីបុព្វហេតុជាតិនាពេលកន្លងមក បើមិនដូច្នោះទេ គឺបញ្ជាក់យ៉ាងច្បាស់ថា លោក ហ៊ុន សែន គឺជាភ្នាក់ងារបន្តសម្រួលការឈ្លានពានរបស់វៀតណាម ដែលមិនអាចប្រកែកបានឡើយ។
ការចេញលិខិតថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនសង្គម លោក ថែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ស្របពេលដែលយុវជនរូបនេះកំពុងធ្វើសកម្មភាពស្នើសុំឱ្យបញ្ឈប់ការផ្តល់ប័ណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានៅពេលនេះ។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សកម្មជនសង្គម លោក ថែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីយុវជនរូបនេះជួបជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមទៅធ្វើសន្និសីទសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបគម្រោងបង្កើតអគារសិក្សាភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែដំណើរការអនុវត្តនៅពេលនេះ។
ក្រោយការចាប់ខ្លួនភ្លាមៗ ក៏លេចចេញនូវដីការបស់សាលាដំបូងខេត្តកណ្តាល ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ថែល ធីលែន ក្រោមបទចោទលួចលក់អចលនវត្ថុអ្នកដទៃ តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល កាលពីអំឡុងឆ្នាំ២០១៦ ដែលធ្វើឡើងនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ លោក ថែល ធីលែន នៅពេលនេះកំពុងតែត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ក្នុងសង្គមខ្មែរបច្ចុប្បន្នដែលដឹកនាំដោយរដ្ឋាភិបាលឯកបក្សរបស់បុរសខ្លាំង តែងអនុវត្តនូវទ្រឹស្ដីលាបពណ៌លើសកម្មជនសង្គម ឬសកម្មជននយោបាយ ដើម្បីចាប់ខ្លួន និងបំបិទសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ៕