33 C
Phnom Penh

ចំណូល​ពន្ធ​គយ​ប្រឈម​នឹង​ការ​បាត់​ចន្លោះ ៣៧០-៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ពន្ធ​គយ​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​ខាងមុខ​នេះ។

លោក គុណ ញឹម រៀបរាប់​ថា ការ​នាំចូល​ទៅ​កម្ពុជា​ក្រោម​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ឬ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​មាន​អត្រា​ពន្ធ​គយ ៣៥% នឹង​ត្រូវ​កាត់បន្ថយ​ចុះ​មក​ត្រឹម ១៥% ឬ​មក​ត្រឹម ៧% និង​មក​ដល់ ០% ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​គយ​ដោយ​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​រូប​នេះ​បញ្ជាក់​ថា បើ​មើល​តែ​មួយ​ជ្រុង កម្ពុជា​នឹង​រង​ការ​ខាតបង់​លើ​ការ​ប្រមូល​ពន្ធ​គយ ប៉ុន្តែ​បើ​មើល​ពី​ជ្រុង​មួយ​ទៀត​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​តាម​រយៈ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក កម្ពុជា​នៅតែ​អាច​ជំរុញ​ដល់​ការ​នាំចេញ​កាន់តែ​កើនឡើង​ទៅ​ថ្ងៃ​មុខ​ដដែល ដែល​ជា​កត្តា​ប៉ះប៉ូវ​លើ​ការ​បាត់បង់​នៃ​ការ​ប្រមូល​ពន្ធ​គយ​នេះ​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់​ចំណូល​តាមរយៈ​នៃ​ការ​ប្រមូល​ពន្ធ​គយ​កាន់តែ​ធំ​ឡើងៗ​ទៅ​ថ្ងៃ​មុខ នៅ​ពេល​ដែល​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកលែង​ពន្ធ​នាំចូល​កាន់តែ​ច្រើន។

លោក គុណ ញឹម បាន​អះអាង​ថា ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ រយៈពេល ៩​ខែ​ឆ្នាំ​២០២២ នេះ ដោយ​គិត​ចាប់ពី​ខែ​មករា រហូត​ដល់​ខែ​កញ្ញា នេះ ខ្លួន​បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​បាន​ចំនួន​ជាង ២០២២​លាន​ដុល្លារ​អាមេរិក​ហើយ ដែល​ស្មើ​នឹង ៧៨,៦១% នៃ​ផែនការ​ច្បាប់​ថវិកា​ជាតិ​ដែល​បាន​អនុម័ត​កាលពី​ពេល​កន្លងទៅ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ តុលា នេះ​ថា ការ​លើកឡើង​របស់​លោក គុណ ញឹម ជា​ចំណុច​គន្លឹះ​មួយ​ដែល​បុរស​ខ្លាំង​លោក ហ៊ុន សែន គួរតែ​គិតគូរ​ពិចារណា​ឡើងវិញ​នូវ​ការ​កែលំអ​ការ​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ ដើម្បី​ទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បន្ត​ទៀត ដែល​ជា​អត្ថប្រយោជន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។

លោក ម៉ែន ណាត លើកឡើង​ថា តាមរយៈ​នៃ​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កូរ៉េ និង​ចិន ជាដើម នា​ពេល​កន្លងមក កម្ពុជា​មិន​អាច​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ចព្រមព្រៀង​នេះ​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ជា​ឱកាស​សម្រាប់​ប្រទេស​ដៃគូ​ទាំងនោះ​បង្កើត​នូវ​ប្រាក់​ចំណេញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ច្រើន​ទៅវិញ ត្បិត​ទំនិញ​ដែល​គេ​នាំចូល​ទៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ ហើយ​ការ​បង់​ពន្ធ​ត្រូវ​បាន​លុប​ចោល​ថែម​ទៀត។

លោក​បន្ត​ថា ចំណែក​កម្ពុជា​នាំចេញ​បាន​តែ​បន្តិចបន្តួច ដូច្នេះ​ការ​ព្រួយបារម្ភ​របស់​លោក គុណ ញឹម លើ​បញ្ហា​នេះ គឺជា​រឿង​សមហេតុ​សមផល។

របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា ទំហំ​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ សម្រេច​បាន​ដល់​ប្រមាណ ៦​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​នាំចេញ​ជាក់ស្តែង​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​តែ​ជាង ៦០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈ​សម្រាប់​ការ​នាំចេញ​របស់​ចិន​មក​កាន់​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ប្រមាណ​ជាង ៤៣០០​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស