29 C
Phnom Penh

ក្រសួង​រ៉ែ​ថា​កម្ពុជា​នឹង​បាន​ចំណូល​ជាង​១៤​លាន​ដុល្លារ​ពី​ការ​លក់​ប្រេងឆៅ​ដែល​បាត់​កន្លងទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប្រេងឆៅ​ជាង ១៤​លាន​ដុល្លារ​ក្រោយពី​តស៊ូ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ស្វិតស្វាញ​រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​នេះ ខណៈ​មតិ​ភាគច្រើន​ចាត់ទុក​ថា​ជា​ការ​បរាជ័យ​របស់​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ការ​ប្រកាស​ក្ស័យ​ធន​របស់​ក្រុមហ៊ុន KrisEnergy និង​ការ​ចាកចេញ​របស់​កប៉ាល់​ផ្ទុក​ប្រេង​ពី​កម្ពុជា​កាលពី​ឆ្នាំ​មុន​នេះ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​មតិ​ភាគច្រើន​ចាត់ទុក​ថា​ជា​ការ​បរាជ័យ​របស់​កម្ពុជា នៅ​ក្នុង​ដំណើរ​ផលិតកម្ម​ប្រេង​របស់​ខ្លួន ហើយ​បាន​បាត់បង់​ធនធាន​ទាំងនេះ​ទាំងស្រុង ប៉ុន្តែ​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​តស៊ូ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​ការ​ចរចា​ពាណិជ្ជកម្ម​ដ៏​ស្វិតស្វាញ​មក លោក​ថា​កម្ពុជា​បាន​រក្សា​ការពារ​កម្មសិទ្ធិ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​យ៉ាង​ពេញលេញ​ក្នុង​នាម​ជា​ម្ចាស់​ធនធាន​ដោយ​រក​ឃើញ​ប្រេងឆៅ​ដែល​បាន​បាត់​ជិត ៣០​ម៉ឺន​បារ៉ែល​ត្រឡប់​មកវិញ។

លោក​បញ្ជាក់​ថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ កម្ពុជា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការ​លក់​ប្រេងឆៅ​របស់​កម្ពុជា​បាន​ទឹកប្រាក់​ជាង ២៥​លាន​ដុល្លារ ដោយ​ទឹកប្រាក់​ដែល​បាន​នេះ​ត្រូវ​កាត់កង​ថ្លៃឈ្នួល​ទីផ្សារ និង​ការ​បញ្ចុះ​ថ្លៃ​តាម​គុណភាព​ប្រេង ១១,៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ស្មើ​នឹង​ជាង ៣​លាន​ដុល្លារ។

ចំពោះ​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន ការ​បង់​ថ្លៃ​ធានារ៉ាប់រង ថ្លៃ​សេវា​ផ្ទេរ​ផ្ទុក និង​សេវា​ជំនាញការ​អន្តរជាតិ​ផ្សេងៗ​ជិត ២​លាន​ដុល្លារ។

ក្រោយពី​ការ​ទូទាត់​ថ្លៃ​ទាំងអស់​នេះ លោក ម៉េង សក្តិធារ៉ា អះអាង​ថា ចំណូល​ដែល​កម្ពុជា​លក់​ប្រេងឆៅ​នៅ​សល់​សម្រាប់​ការ​បែងចែក​ដល់​ភាគី​ពាក់ព័ន្ធ​ជាង ២០​លាន​ដុល្លារ ក្នុង​នោះ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​បាន ៧០% នៃ​ចំណូល​លក់​នៅ​សល់​ជាង ២០​លាន​ដុល្លារ​នេះ ឬ​ស្មើ​នឹង​ជាង ១៤​លាន​ដុល្លារ។

ក្រៅពី​ប្រាក់​បាន​ទទួល​លក់​ប្រេងឆៅ​ហើយ មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​រូប​នេះ​ថា ភាគី​រដ្ឋាភិបាល​ក៏​ទទួល​បាន​បន្ថែម​នូវ​ចំណូល​ថវិកា​ចំនួន ៥​លាន​ដុល្លារ​ដែល​រឹបអូស​ពី​ប្រាក់​តម្កល់​ធានា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន KrisEnergy ដែល​បាន​តម្កល់​នៅ​មុន​ពេល​ប្រកាស​ក្ស័យធន និង​ស្ថាប័ន​ភណ្ឌ និង​កប៉ាល់​ផលិតកម្ម​ប្រេង​ដែល​មាន​ស្រាប់​នៅ​ទីតាំង​ផលិតកម្ម ស្ថិត​ក្នុង​តំបន់​ផ្លាតហ្វម A នៅ​ប្លុក A ផង​ដែរ។

លោក ម៉េង សក្តិធារ៉ា អះអាង​ថា​ដំណើរ​ផលិតកម្ម​ប្រេង​របស់​កម្ពុជា​មិន​បញ្ចប់​ដោយ​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន KrisEnergy នោះ​ទេ។ ជាមួយ​ប្រព័ន្ធ​ស្ថាប័ន​ភណ្ឌ​ដែល​មាន​រួច​ហើយ និង​ទុន​ដំបូង​ដែល​បាន​ពី​ការ​លក់​ប្រេង​នេះ រដ្ឋ​អាច​បន្ត​ដំណើរការ​ផលិត​ប្រេង​ដែល​នៅ​សល់​តាម​អណ្ដូងប្រេង​ទាំង​៥ ប្រមាណ​ជាង ១០​ម៉ឺន​បារ៉ែល​បន្ត​ទៀត និង​អាច​ខួង​អណ្ដូង​ប្រេងកាត​បន្ថែម​ដើម្បី​ផលិត​ប្រេង​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្រៅពី​តំបន់​ផ្លាតហ្វម A នោះ​ផង​ដែរ។

ស្ថាបនិក​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ប្រេងឆៅ​ដែល​បាត់ និង​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប្រេងឆៅ​នេះ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​ចាត់ចែង​ថវិកា​ដែល​ប្រមូល​បាន​នោះ​ឱ្យ​មាន​តម្លាភាព ឬ​យក​ទៅ​ចំណាយ​ទៅ​លើ​ផ្នែក​ណា​មួយ ត្រូវ​បង្ហាញ​ជា​សាធារណៈ​ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​លើ​ការ​ចាត់ចែង​ថវិកា​នោះ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ថា​មាន​អំពើពុករលួយ ជាដើម។

តំណក់​ប្រេងឆៅ​ដែល​បូម​ចេញពី​ប្លុក A ត្រូវ​បាន​ក្រុមហ៊ុន គ្រីសអិនណឺជី (KrisEnergy) ចេញពី​ដែន​សមុទ្រ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោយពី​ប្រកាស​ក្ស័យធន​អំឡុង​ពេល​ប្រតិបត្តិការ​ដោយ​មិន​អាច​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន​ដូច​ផែនការ​ដែល​បាន​គ្រោងទុក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស