33.8 C
Phnom Penh

អ្នក​ឃ្លាំមើល​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ឃ្លាំង​ស្តុក​ថាមពល​ផ្ទាល់ខ្លួន ដើម្បី​ធានា​សន្តិសុខ​ថាមពល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​ភាព​ផុយ​ស្រួយ​នៃ​សន្តិសុខ​ថាមពល​រដ្ឋ​របស់​កម្ពុជា កំពុង​ប្រឈម​ជុំវិញ​សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​មជ្ឈិមបូព៌ា​នា​ពេលនេះ។

លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២ ខែ​មីនា នេះ​ថា ដើម្បី​រក្សា​តម្លៃ​ថាមពល​ឱ្យ​ស្ថិតនៅ​តម្លៃ​សមរម្យ រដ្ឋាភិបាល​គួរ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​មួយ​ចំនួន រួម​មាន ក្រសួង​រ៉ែ និង​ថាមពល គួរតែ​លុបចោល​នីតិវិធី​ស្មុគស្មាញ និង​ពន្ធ ដែល​រារាំង​ដល់​ការ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ឱ្យ​ទីផ្សារ​អគ្គិសនី​កាន់តែ​មាន​ភាព​បត់បែន។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​គួរតែ​បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ជាជាង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ឯកជន​តែ​ម្យ៉ាង ព្រោះ​ក្រុមហ៊ុន​ឯកជន​អាច​ស្តុក​ទុក​ប្រេង​ប្រើប្រាស់​បាន​ត្រឹមតែ ១៥​ថ្ងៃ​ទៅ ២០​ថ្ងៃ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថា​រដ្ឋាភិបាល​ក៏​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​តម្លៃ​អគ្គិសនី​ឱ្យ​ស្រប​តាម​តម្លៃ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាច​ធ្វើ​ឱ្យ​តម្លៃ​កាន់តែ​ទាប​ផង​ដែរ។

លោក​បញ្ជាក់​ថា សង្គ្រាម​លើ​អ៊ីរ៉ង់ ជាមួយ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នា​ពេលនេះ គឺជា​ការ​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពង្រឹង​ឯករាជភាព​ផ្នែក​ថាមពល តាមរយៈ​ការ​គ្រប់គ្រង​ទុន​បម្រុង​ប្រេង និង​ពង្រីក​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​ចាប់ពី​ពេលនេះ​តទៅ​ថ្ងៃ​មុខ។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​រាយការណ៍​កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ថា សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ខណៈ​អ៊ីរ៉ង់​ក៏បាន​បើក​ការ​វាយប្រហារ​លើ​ប្រទេស​ចំនួន ៨ ក្នុង​តំបន់​ដែល​មាន​ទីតាំង​យោធា​អាមេរិក​វិញ​ដែរ ដូចជា បារ៉ែន អ៊ីរ៉ាក់ ហ្សកដានី គុយវ៉ែត អូម៉ង់ កាតារ អារ៉ាប៊ីសាអ៊ូឌីត និង​សហភាព​អារ៉ាប់អេមីរ៉ាត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ច្រក​ដឹកជញ្ជូន​ប្រេង​ទៅ​កាន់​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេលនេះ។

ច្រក​សមុទ្រ​ហ័រមូស (Hormuz) គឺជា​ផ្លូវ​នាំ​ចេញចូល​ប្រេង​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក ដែល​តភ្ជាប់​បណ្ដា​ប្រទេស​ផលិត​ប្រេង​ធំៗ​បំផុត​នៅ​តំបន់​ឈូងសមុទ្រ រួម​មាន អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​អារ៉ាប់រួម ទៅ​កាន់​ឈូងសមុទ្រ​អូម៉ង់ (Gulf of Oman) និង​សមុទ្រ​អារ៉ាប់។

ទីភ្នាក់ងារ​សារព័ត៌មាន CAN បាន​រាយការណ៍​នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អគ្គមេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក Ebrahim Jabari បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា ថា ច្រក​សមុទ្រ Hormuz ត្រូវ​បាន​បិទ​ហើយ ខណៈ​អ៊ីរ៉ង់ ក៏​នឹង​បាញ់​ប្រហារ​ទៅ​លើ​នាវា​ទាំងឡាយ​ណា​ដែល​ព្យាយាម​ឆ្លងកាត់​ច្រក​មួយ​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​លើកឡើង​ថា ច្រក​សមុទ្រ​ហ័រមូស (Hormuz) គឺជា​ផ្លូវទឹក​តែ​មួយ​គត់​ដែល​តភ្ជាប់​រវាង «ឃ្លាំង​ប្រេង​មហាសាល» នៅ​មជ្ឈិមបូព៌ា ទៅ​កាន់​ទីផ្សារ​ពិភពលោក ដែល​ក្នុង​នោះ ២០% នៃ​ប្រេង​ឆៅ និង ២៥% នៃ​ឧស្ម័ន LNG ត្រូវ​បាន​នាំចេញ​សម្រាប់​មនុស្ស​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

ចំណែក​តំបន់​អាស៊ីអាគ្នេយ៍ បាន​ពឹង​ផ្អែក​លើ​ច្រក​នេះ​ខ្លាំង​បំផុត ព្រោះ​ប្រេង​ជាង ៨០% ដែល​ចេញពី​ច្រក​នេះ ត្រូវ​ដឹកជញ្ជូន​មក​ផ្គត់ផ្គង់​រោងចក្រ និង​យានយន្ត​នៅ​អាស៊ី​ទាំងអស់ ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េ និង​តៃវ៉ាន់ ជាដើម។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស