រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានច្រានចោលចំពោះការចោទប្រកាន់របស់រដ្ឋមន្ត្រីមួយចំនួនដែលថា ក្រសួងមហាផ្ទៃជាកន្លែងប្រមូលអំណាច និងចាត់ទុកអ្នកដែលចោទនេះថាបណ្ដាលមកពីរដ្ឋមន្ត្រីទាំងនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯង។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលផ្សេងៗនៅស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែតុលា លោក ស ខេង ថ្លែងថា មន្ត្រីមួយចំនួនបានចោទប្រកាន់ទាំងមិនយល់ និងក្ដាប់គោលការណ៍គតិយុត្តិមិនជាប់ ស្របពេលកន្លងមក លោកបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំកំណែទម្រង់រដ្ឋបាលក្រោមជាតិឲ្យខ្លាំង ដើម្បីចាត់ចែងផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
លោកចាត់ទុករដ្ឋមន្ត្រី និងមន្ត្រីមួយចំនួនដែលចោទប្រកាន់ក្រសួងមហាផ្ទៃនោះ ថាបណ្ដាលមកពីមន្ត្រីរូបនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯង ដោយមិនចង់ផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិ ព្រោះបាត់ផលប្រយោជន៍ខ្លួន ខណៈមន្ត្រីខ្លះបានកិបកេងថវិការដ្ឋជាច្រើនលានដុល្លារ។ លោកបញ្ជាក់ថា គម្រោងធ្វើផ្លូវមួយចំណាយប្រាក់អស់រហូតដល់ ១លានដុល្លារ ប៉ុន្តែតម្លៃដែលធ្វើជាក់ស្ដែង លោកថាអស់តែ ៤០ម៉ឺនដុល្លារប៉ុណ្ណោះ។
លោកថា មូលហេតុដែលលោកលើកឡើងដូច្នេះ មិនមែនជាការហែកផ្ទៃក្នុងខ្លួនឯងនោះទេ ប៉ុន្តែដោយសារលោកមិនអាចទ្រាំចំពោះទង្វើរបស់មន្ត្រីទាំងនោះបាន។
លោក ស ខេង អះអាងថា អំណាចដែលរូបលោកប្រមូលឲ្យមន្ត្រីថ្នាក់ក្រោមជាតិនោះ ដើម្បីទៅបម្រើពលរដ្ឋម្ចាស់ឆ្នោត មិនមែនយកអំណាចនោះបម្រើផលប្រយោជន៍ក្រសួងមហាផ្ទៃទេ។ លោកថា ការធ្វើគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន មិនមែនគ្រាន់តែឲ្យមន្ត្រីដើរលើកដៃសំពះពលរដ្ឋ ដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទាំងមិនបានដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះថា ការធ្វើគណនេយ្យភាពជាការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ពីព្រោះប្រសិនបើពលរដ្ឋមានទំនាស់ដីធ្លី ទឹកលិច និងជួបបញ្ហាផ្សេងៗនោះ មន្ត្រីទាំងនោះត្រូវចុះទៅឲ្យដល់ទីតាំងកើតហេតុ ដើម្បីដោះស្រាយបញ្ហាភ្លាមៗតែម្ដង។
លោក ស ខេង បន្តថា ប្រសិនបើមន្ត្រីបម្រើប្រជាពលរដ្ឋបានល្អនោះ គឺគណបក្សកាន់អំណាចនឹងមិនចាញ់ឆ្នោតឡើយ ហើយប្រទេសជាតិក៏បានសុខសប្បាយថែមទៀត។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ក្រសួងមហាផ្ទៃបាននិងកំពុងធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលការងារកំណែទម្រង់នេះគឺជាការងារថ្មីសម្រាប់កម្ពុជា និងទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់៕