29.3 C
Phnom Penh

អភិបាល​ខេត្ត​ព្រះសីហនុ​ថា​ពិបាក​ស្វែងរក​ភស្តុតាង​បទល្មើស​ជួញដូរ​មនុស្ស​ព្រោះ​ពួកគេ​ឆ្លាតវៃ​ជាង​សមត្ថកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កម្លាំង​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ចោទ​ប្រកាន់​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នៅ​លើ​ទឹកដី​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​ពួក​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ។

លោក គួច ចំរើន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​អង្គការ វីនរ៉ក់​អន្តរជាតិ លោក ម៉ាក ថេយ៍លឺរ៍ កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា មិន​ទាន់​មាន​បណ្តឹង​ថ្មី​ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅឡើយ​ទេ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​រយៈពេល ៤៥​ថ្ងៃ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

លោក គួច ចំរើន លើកឡើង​ថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដោយ​មាន​ការ​ចូលរួម​ពី​កងកម្លាំង​ប្រដាប់​អាវុធ និង​អយ្យការ​អម​សាលាដំបូង ចាប់តាំងពី​ខែ​មករា រហូត​ដល់​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ​នេះ គឺ​បង្ក្រាប​បាន​ចំនួន ១៣៥​ករណី។

លោក​បន្ត​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ចោទ​ប្រកាន់​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នៅ​លើ​ទឹកដី​របស់​ខ្លួន ដោយសារ​ពួក​ឧក្រិដ្ឋជន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ។ លោក​ក៏​ចង់​បាន​អ្នក​ដែល​មាន​បច្ចេកវិទ្យា​ក្នុង​ការ​គ្រប់គ្រង​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់ និង​អ្នក​មាន​បច្ចេកវិទ្យា​ផង​ដែរ។

អភិបាល​ខេត្ត​ព្រះសីហនុ​រូប​នេះ​បញ្ជាក់​ថា ចាប់​តាំងពី​ពាក់កណ្តាល​ខែ​សីហា រហូត​ដល់​ដើម​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ ក្រសួង​មហាផ្ទៃ​ទទួល​បាន​បណ្តឹង ២៥៣​ករណី​បន្ថែម​ទៀត ដែល​បាន​កើតមាន​នៅ​ក្នុង​ខេត្ត​នេះ ទាក់ទង​នឹង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស និង​ការ​ប្រព្រឹត្ត​អាជីវកម្ម​ផ្លូវភេទ ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​កំពុង​កើតមាន​នូវ​អំពើ​ខុស​ច្បាប់​នានា​យ៉ាង​អនាធិបតេយ្យ ដូចជា​អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ និង​អំពើ​ទុច្ចរិត​ផ្សេង​ទៀត​យ៉ាង​ធ្ងន់ធ្ងរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ តុលា នេះ​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ដែល​កំពុង​កើតមាន​ព្រោងព្រាត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​គឺ​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់​តែម្តង លោក គួច ចំរើន មិន​អាច​ពឹង​តែ​លើ​សមត្ថភាព​បង្ក្រាប​នៃ​អង្គភាព​តែ​មួយ​ផ្នែក​របស់​ខ្លួន​បាន​ទេ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ស្នើសុំ​ការ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់ មិន​អាច​ដោះសា​យក​រួច​ខ្លួន​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ខ្លួន​ជា​អ្នក​គ្រប់គ្រង​នោះ​ទេ។ បន្ថែម​ពី​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​អាច​សុំ​ជំនួយ​ពី​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវតែ​បើក​ទូលាយ​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែល​គ្មាន​សមត្ថភាព​នឹង​បង្ក្រាប​ឧក្រិដ្ឋជន ដើម្បី​ទទួល​យក​ធាតុ​ចូល​ពី​សាកលវិទ្យាល័យ​ឯកជន​នានា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ។

ជុំវិញ​បញ្ហា​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ខ្លួន​បាន​រក​ឃើញ​ជនបរទេស​ដែល​បាន​ចូល​មក​បម្រើការ​នៅ​កម្ពុជា​ចំនួន ១០​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន​ជាង ២៧០០​នាក់ ក្នុង​នោះ​ជនបរទេស​ដែល​មាន​លិខិត​ឆ្លងដែន​ចំនួន​ជាង ១៩០០​នាក់ និង​ជនបរទេស​ដែល​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​ជាង ១៥០០​នាក់​ផង​ដែរ។

គណៈកម្មាធិការ​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ជនបរទេស​ខុស​ច្បាប់​ដែល​ក្រសួង​បាន​រៀបចំ​បែបបទ​បណ្តេញ​ចេញពី​កម្ពុជា​មាន​ចំនួន ៦៨៥​នាក់ និង​អ្នក​ដែល​កំពុង​ត្រូវ​បាន​ត្រៀម​បណ្តេញ​ចេញពី​កម្ពុជា ហើយ​កំពុងតែ​ស្នាក់នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន ៩២០​បន្ថែម​ទៀត។

កាលពី​ដើម​ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​ពីរ គឺ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​ដែល​ពិភពលោក​បង្កើន​ការ​តាមដាន​សម្រាប់​ឆ្នាំ​២០២២ នេះ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ ដែល​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស