38 C
Phnom Penh

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ល្បែងស៊ីសង​និង​សម្អាត​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ជា​បទឧក្រិដ្ឋ​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ហ្វឹកហាត់​អាវុធ​ខ្លី​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ជាទីបំផុត​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ដែរ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​លាង​លុយ​កខ្វក់ និង​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ត្រូវ​ឃ្លាំមើល​ឱ្យ​កាន់តែ​ហ្មត់ចត់​ក្នុង​ឆ្នាំ​២០២២ នេះ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ខៀវ សុភ័គ បាន​អះអាង​នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា សមត្ថកិច្ច​កម្ពុជា​បាន​ទទួល​សំណើ​ចំនួន ១៦​ករណី​ថែម​ទៀត​ដែល​ស្នើ​ឱ្យ​ជួយ​សង្គ្រោះ​ជនបរទេស​ចំនួន ៦២​នាក់ ដែល​មាន​ជនជាតិ​ចិន​ចំនួន ២៩​នាក់ ជនជាតិ​ចិន​តៃវ៉ាន់ ៣​នាក់ ជនជាតិ​ស្រីលង្កា ចំនួន ៤​នាក់ ជនជាតិ​ម៉ាឡេស៊ី ចំនួន ៤​នាក់ ជនជាតិ​វៀតណាម ចំនួន ២៣​នាក់ ជនជាតិ​ជប៉ុន ១​នាក់ និង​ជនជាតិ​បង់ក្លាដេស ១​នាក់​ផង​ដែរ។

លោក ខៀវ សុភ័គ អះអាង​ថា សព្វថ្ងៃ​នេះ សំណើ​ក្នុង​បញ្ជី​តាមដាន​របស់​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​សរុប ៤៧៦​ករណី​ហើយ​ដែល​មាន​មនុស្ស​ត្រូវ​ជួយ​សង្គ្រោះ​ជាង ១២៤០​នាក់ ប៉ុន្តែ​តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​អង្កេត​បឋម គឺ​បាន​ធ្វើ​ឡើង​ចំនួន ២៦១​សំណើ និង​បាន​បិទ​បញ្ចប់ ១៣៧​សំណើ​ផង​ដែរ។

ជុំវិញ​ករណី​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នេះ ធ្វើឡើង​បន្ទាប់ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់​កម្រិត​ពីរ​កាលពី​ឆ្នាំ​២០២១ មក​ចំណាត់ថ្នាក់​កម្រិត​បី ឬ​បញ្ជី​ខ្មៅ​នៅ​ឆ្នាំ​២០២២ ហើយ​ចំណាត់ថ្នាក់​សម្រាប់​ឆ្នាំ​នេះ របាយការណ៍​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អប្បបរមា​ក្នុង​ការ​ប្រឹងប្រែង​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ បាន​បង្ហាញ​ការ​តាំងចិត្ត​បន្ត​ស្វែងរក​មូលហេតុ​នៅ​ពីក្រោយ​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើការ​កែលំអ​ចំណុច​ដែល​នៅ​សេសសល់។

លោក ស ខេង បន្ថែម​ថា ចំណាត់ថ្នាក់​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ អាច​ជា​ការ​បើក​ផ្លូវ​មួយ​ឱ្យ​កម្ពុជា​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ផង​ដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ការ​កើតមាន​នូវ​អំពើ​ទាំងនេះ ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជា​មាន​សន្តិភាព ទើប​អ្នក​ទាំងនោះ​នាំគ្នា​សម្រុក​ចូល​ទៅ​កម្ពុជា​បែប​នេះ។

បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​គេ​ដឹង​ថា​ជា​មជ្ឈមណ្ឌល​នៃ​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត ក្នុង​នោះ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ​នេះ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។

បែប​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ធ្លាប់​បាន​ត្អូញត្អែរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​នេះ ក្រុម​ឧក្រិដ្ឋជន​មាន​សមត្ថភាព​ខ្ពស់​ជាង​សមត្ថកិច្ច ព្រោះ​ថា​ពួកគេ​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ ដូច្នេះ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ដើម្បី​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ​យ៉ាង​ខ្លាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស