30.7 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ចរន្ត​វិស័យ​កសិកម្ម​មិន​អាច​ងើប​ឡើង​បាន​ទេ បើ​នៅ​តែ​ពឹង​ដង្ហើម​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សម្ដែង​ការ​អស់​សង្ឃឹម​ចំពោះ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែល​មិន​អាច​ងើប​ឡើង​ដូចជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា នៅ​គ្រា​ដែល​កម្ពុជា​ពឹង​ផ្អែក​តែ​ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​ជិតខាង​សម្រាប់​ការ​នាំចូល និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​ទាំងស្រុង​ដូច​សព្វថ្ងៃ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ តុលា នេះ​ថា កន្លងមក​រដ្ឋាភិបាល​តែង​អួត​ពី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន ដែល​ក្នុង​នោះ​ក៏​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​ផង​ដែរ ប៉ុន្តែ​វិស័យ​នេះ​ជាក់ស្តែង​គឺ​មិន​មាន​ការ​ធានា​បាន​នូវ​ភាព​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ​នោះ​ទេ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង និង​តម្លៃ​កសិផល​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន។

លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​រំពឹង​លើ​ទឹកភ្លៀង​ដដែល បើ​ទោះបីជា​នៅ​ប្រទេស​ជិតខាង​បាន​ឈាន​ដល់​ដំណាក់កាល​តាម​បែប​កសិកម្ម​ទំនើប​ហើយ​ក៏ដោយ ដោយសារតែ​បែប​នេះ​ហើយ ទើប​ដំណាំ​កសិករ​ខ្មែរ​តែង​ជួប​បញ្ហា​ជា​ប្រចាំ ដូចជា​ជួប​គ្រោះ​រាំងស្ងួត ជួប​គ្រោះ​ទឹកជំនន់ និង​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មកពី​សត្វ​ល្អិត​បំផ្លាញ ជាដើម។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​មិន​ដែល​ធានា​បាន​នូវ​ទីផ្សារ​ស្ថិតស្ថេរ​សម្រាប់​កសិផល​របស់​កសិករ​ខ្មែរ​តាំង​ពី​ដើម​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក​ហាក់​គ្មាន​សង្ឃឹម​លើ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ ថា​នឹង​អាច​លើកស្ទួយ​ពី​ជីវភាព​កសិករ​ក្រោម​ផែនការ​អភិវឌ្ឍន៍​កសិកម្ម​របស់​កម្ពុជា​ឱ្យ​រីកចម្រើន​បាន​ទេ ព្រោះ​ថា​សេណារីយោ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​គ្រប់​វិស័យ​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បិចកល​នៃ​ការ​កេង​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ បើ​ទោះបីជា​មាន​ការ​រីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លះៗ ក៏​គ្រាន់តែ​ជា​វិធី​បន្លំ​ភ្នែក​ពលរដ្ឋ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២០ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា អះអាង​ក្នុង​ពេល​ចុះ​ចែក​ស្រូវពូជ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម ថា គោល​នយោបាយ​កសិកម្ម​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ​មិនមែន​ជា​ការ​ជំរុញ​ឲ្យ​ឡើង​ថ្លៃ​កសិផល​ដែល​នឹង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ អ្នក​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ឲ្យ​កសិករ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ទទួល​បាន​ការ​ចំណេញ​កាន់តែ​ខ្ពស់​លើ​វិស័យ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ប្រកាស​តែងតាំង​មន្ត្រី​ខុទ្ទកាល័យ​របស់​ខ្លួន​ដែល​មាន​សមាសភាព ៧​រូប​កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ជំរុញ​វិស័យ​នេះ​ឱ្យ​រីកចម្រើន​ទៅ​មុខ។

យ៉ាងណាក៏ដោយ គេ​មិនទាន់​មាន​ទំនុកចិត្ត​លើ​រដ្ឋមន្ត្រី​ថ្មី​នេះ​នៅឡើយ​ទេ ដោយសារតែ​លោក ឌិត ទីណា មិន​ធ្លាប់​មាន​ប្រវត្តិ និង​ស្នាដៃ​ក្នុង​ការ​ដឹកនាំ​វិស័យ​កសិកម្ម​កន្លងមក។ ជាង​នេះ​ទៀត ក៏​មាន​ការ​រិះគន់​ដែរ​ថា ការ​តែងតាំង​លោក​ឱ្យ​ឡើង​ជា​រដ្ឋមន្ត្រី​កសិកម្ម​នេះ គឺ​ធ្វើឡើង​ដោយ​យោង​តាម​ខ្សែ​បណ្ដាញ​បក្ខពួក​ដែល​ឪពុក​របស់​គាត់ គឺ​លោក ឌិត មុន្ទី ជា​ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

បច្ចុប្បន្ន​នេះ វិស័យ​កសិកម្ម​នៅ​កម្ពុជា​តែងតែ​ជួប​គ្រោះ​ធម្មជាតិ​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ​កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​គ្រប់គ្រង​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ថា ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់​ដោយសារ​គ្រោះ​រាំងស្ងួត​ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​ជាង ២៤​ម៉ឺន​ហិកតារ ខណៈ​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មាន​ចំនួន​ជាង ៧​ម៉ឺន​ហិកតារ​ផង​ដែរ។ ដោយឡែក​ដំណាំ​សាកវប្បកម្ម ក៏​ត្រូវ​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ គ្រោះ​រាំងស្ងួត និង​សត្វ​ល្អិត​បំផ្លាញ​ជាច្រើន​ម៉ឺន​ហិកតារ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ការ​ខូចខាត​ដំណាំ​កសិកម្ម​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ២២​ខេត្ត ៩៦​ស្រុក និង ៧៧០​ឃុំ ដែល​ធ្វើ​ឲ្យ​លិចលង់​ដំណាំ​ស្រូវ​ជាង ១​សែន ៥​ម៉ឺន​ហិកតារ និង​ដំណាំ​រួមផ្សំ​ជាង ១​ម៉ឺន ៤​ពាន់​ហិកតារ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស