31 C
Phnom Penh

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​សុំ​ការ​យោគយល់​ពី​តុលាការ​កំពូល​ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​លោក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុធាមេត្តា ស្នើសុំ​ការ​យោគយល់​ពី​តុលាការ​កំពូល ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​លោក​វិញ ដើម្បី​បាន​ទៅ​ស្រុក​កំណើត​នៅ​ឯ​កម្ពុជា​ក្រោម ដើម្បី​បាន​ជួប​បងស្រី​របស់​លោក​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ចុងក្រោយ។

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ថ្ងៃ​ពុធ នេះ លោក​ត្រូវ​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល ហើយ​លោក​នឹង​ស្នើសុំ​លិខិត​ឆ្លងដែន​តាម​បណ្តឹង​សាទុក្ខ​របស់​លោក​ក្រោយ​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ពេល​កន្លងទៅ ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ដោយ​គ្មាន​ការ​ហាមឃាត់​ឡើងវិញ ជាពិសេស​គឺ​ការ​ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​របស់​លោក​ដែល​កំពុង​មាន​ទុក្ខ​នៅ​ពេលនេះ។

លោក យាង សុធារិន្ទ អំពាវនាវ​ឱ្យ​តុលាការ​កំពូល​យោគយល់​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​ទៅ​រូបលោក​វិញ ដើម្បី​ឱ្យ​លោក​អាច​ទៅ​ស្រុក​កំណើត​ដែល​ស្ថិតនៅ​ភូមិ​កិង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះ​ត្រពាំង នៃ​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​បាន​ជួប​មុខ​បងស្រី​របស់​ខ្លួន​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្តឹង​តាំងពី​ឆ្នាំ​២០១៧ មក។

កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ក្រោម​បទ​ចោទ ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​ហៅថា បទ​ចារកម្ម តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ក្រោយពី​លោក​ទើប​បាន​បញ្ចប់​កិច្ចសន្យា​បម្រើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ទៅ​ហើយ​នោះ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៩​ខែ ប៉ុន្តែ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​រូប​នេះ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ក្រុង​ភ្នំពេញ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​ចេញ​ដីកា​កោះហៅ​លោក យាង សុធារិន្ទ ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ ជា​កំហិត ក្នុង​សំណុំរឿង​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​ហៅថា​បទ​ចារកម្ម តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ កន្លងទៅ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន លោក យាង សុធារិន្ទ គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចេតនា​របស់​តុលាការ​កម្ពុជា និង​រដ្ឋាភិបាល​ដែល​ស្ថិត​ក្នុង​បំណង​ដូច​គ្នា​ក្នុង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក សេក សុជាតិ លើកឡើង​ថា តុលាការ​គួរ​ពិចារណា​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​អតីត​បុគ្គលិក​សារព័ត៌មាន​រូប​នេះ​ឱ្យ​លោក​មាន​សិទ្ធិ​ដើរ​ហើរ​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​បញ្ចៀស​នូវ​ការ​រិះគន់​នានា​លើ​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ​ផង​ដែរ។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ថា អស់​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ​ដែល​ករណី​របស់​លោក យាង សុធារិន្ទ នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ ហើយ​អតីត​បុគ្គលិក​សារព័ត៌មាន​រូប​នេះ​មិន​គួរ​រង​នូវ​ការ​យាយី​តាម​ផ្លូវច្បាប់​បែប​នេះ​បន្ត​ទៀត​ឡើយ។

អ្នកស្រី ចក់ សុភាព រិះគន់​ថា លោក យាង សុធារិន្ទ មិន​ត្រឹមតែ​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​នោះ​ទេ តែ​ក៏​រង​នូវ​ទណ្ឌកម្ម​ខាង​ផ្លូវចិត្ត​គួរ​ឱ្យ​កត់សម្គាល់​ថែម​ទៀត ដោយសារ​តែ​លោក​មិន​អាច​ទៅ​សួរ​សុខទុក្ខ​ម្តាយ​ឪពុក​ចាស់ជរា​ដែល​កំពុង​មាន​ជំងឺ​ជា​ទម្ងន់​នៅ​ពេលនេះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​កំពូល​មាន​ការ​ថ្លឹងថ្លែង​លើ​ករណី​ចោទប្រកាន់​លើ​រូបលោក និង​អនុញ្ញាត​ឱ្យ​លោក​ទទួល​បាន​លិខិត​ឆ្លងដែន​ឡើងវិញ ព្រមទាំង​ទទួល​បាន​នូវ​ឱកាស​ទៅ​សួរ​សុខទុក្ខ​សាច់ញាតិ​របស់​គាត់​វិញ​នៅ​ពេលនេះ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ លើស​ពី​នេះ មាត្រា​៣៥ ក៏​បាន​ចែង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស