31 C
Phnom Penh

តុលាការ​កំពូល​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក សុធារិន្ទ វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា វិញ ដោយ​សំអាង​ថា​ជនជាប់ចោទ​តែង​ចូលរួម​សហការ​ជាមួយ​តុលាការ​នៅ​គ្រប់​នីតិវិធី និង​ដើម្បី​ឱ្យ​រូបលោក​អាច​ទៅ​ជួប​មុខ​បងស្រី​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៅ​ស្រុក​កំណើត។

កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​សុំ​ដក​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​វិញ​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដោយ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​បន្ទប់​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គង់ ស្រ៊ីម បាន​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​ទៅ​លោក យាង សុធារិន្ទ កាន់កាប់​វិញ ដោយ​សំអាង​ថា ជនជាប់ចោទ​រូប​នេះ​តែង​ចូលរួម​សហការ​ជាមួយ​តុលាការ​នៅ​គ្រប់​នីតិវិធី ហើយ​ម្យ៉ាង​ទៀត បងស្រី​របស់​លោក​កំពុង​ឈឺ​ធ្ងន់​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ទឹកដី​កម្ពុជា​ក្រោម។ ជាង​នេះ​ទៅ​ទៀត លោក យាង សុធារិន្ទ សន្យា​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​គ្រប់​ពេល​កោះហៅ។

តែ​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក៏​បាន​ព្រមាន​ដែរ​ថា ក្នុង​ករណី​ដែល​ជនជាប់ចោទ​គេចវេះ​មិន​ចូល​ខ្លួន​ធ្វើ​តាម​ការ​សន្យា​នៅ​ពេល​តុលាការ​កោះហៅ លោក​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​សាជាថ្មី​ទៀត។

កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​របស់​លោក​តាម​ដីកា​តុលាការ​កំពូល ដែល​បាន​កោះហៅ​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ជុំវិញ​បណ្ដឹង​សាទុក្ខ​ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​ហៅថា បទ​ចារកម្ម តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ កន្លងទៅ។

ក្នុង​សវនាការ​នោះ លោក យាង សុធារិន្ទ បាន​ស្នើសុំ​ឯកសារ​សម្គាល់​ខ្លួន​របស់​លោក​មក​វិញ រួម​មាន​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន ជាដើម ដើម្បី​ឱ្យ​លោក​អាច​ឆ្លងដែន​ទៅ​ស្រុក​កំណើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម និង​ជួបជុំ​បងស្រី​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្នុង​ដំណាក់កាល​ចុងក្រោយ និង​បាន​ជួបជុំ​ឪពុក​ម្តាយ​ដែល​ខកខាន​ជួប​មុខ​គ្នា​ចាប់តាំងពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក។

លោក យាង សុធារិន្ទ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​លោក​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​លោក ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ និង​ឲ្យ​ទាន់​ដង្ហើម​ចុងក្រោយ​របស់​បងស្រី​របស់​លោក។ លោក​បន្ត​ថា នេះ​ជា​ជំហាន​វិជ្ជមាន​ទៅ​មុខ​សម្រាប់​លោក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក​នៅតែ​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​រូបលោក និង​លោក អ៊ួន ឈិន ដោយសារ​លោក​ទាំង​ពីរ​មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា វា​ជា​ដំណឹង​ល្អ​ដែល​តុលាការ​កំពូល​បាន​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ជូន​លោក យាង សុធារិន្ទ វិញ។

អ្នកស្រី ចក់ សុភាព អំពាវនាវ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​ពី​បុគ្គលិក​សារព័ត៌មាន​រូប​នេះ ដើម្បី​ឱ្យ​លោក​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​ដូច​ពលរដ្ឋ​ដទៃ​ដែរ ព្រោះ​ថា​តុលាការ​បាន​អូស​បន្លាយ​សំណុំរឿង​នេះ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ក្រោម​បទ​ចោទ ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​ហៅថា បទ​ចារកម្ម តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ក្រោយ​រូបលោក​បាន​បញ្ចប់​កិច្ចសន្យា​បម្រើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស