26.8 C
Phnom Penh

ជំនួយការ​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​តែងតាំង​លោក អ៊ុក គឹមសាន ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ព្រៃឈើ និង​ជា​អ្នក​សម្របសម្រួល​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​នាំចេញ​ឈើ​ប្រណីត​ពី​អាង​ទំនប់​វារីអគ្គិសនី​ស្ទឹងអាតៃ នោះ ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២។

យោង​តាម​អនុក្រឹត្យ​លេខ​៦២៦ អនក្រ.តក ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល សម្រេច​តែងតាំង​មន្ត្រី​រាជការ ៤​រូប គឺ​លោក មិន ស៊ីថា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៥ លោក អ៊ុក គឹមសាន ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៦ លោក សុខ សាន្តតារ៉ា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ និង​លោក យឹម បញ្ញា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ។

អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា បទបញ្ញត្តិ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុក​ជា​និរាករណ៍។

លោក អ៊ុក គឹមសាន កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់តាំង​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ ផង​ដែរ។

លោក អ៊ុក គឹមសាន កំពុង​រង​នូវ​ការ​ចោទ​ពី​សំណាក់​ប្រជា​សហគមន៍​ថា ជា​មេខ្លោង​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជីអោក ដែល​ជនជាតិ​ដើម​ភាគតិច​កួយ ខំ​អភិរក្ស​ជាច្រើន​ឆ្នាំ​មក​ហើយ។ ប្រជា​សហគមន៍​នៅ​ទីនោះ​អះអាង​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន គ្រោង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នេះ​ឱ្យ​អស់​ប្រមាណ ៣០០​ហិកតារ ប៉ះពាល់​ទីកន្លែង​រក​អនុផល​ព្រៃឈើ​យ៉ាង​សំខាន់​របស់​អ្នក​ភូមិ។

ពលរដ្ឋ​ជាង ៣០០​គ្រួសារ ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង។

ឧកញ៉ា​ឈ្មោះ អ៊ុក គឹមសាន មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ មាន​មហិច្ឆតា​ច្បាម​យក​ដី​ព្រៃ​នៅ​តំបន់​នោះ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​អស់​រាប់​រយ​ហិកតារ​ដោយសារតែ​ទីផ្សារ​ដីធ្លី​ហក់​ឡើង​ថ្លៃ។ លោក អ៊ុក គឹមសាន បាន​ជាប់​ឈ្មោះ​ជា​អ្នក​ដែល​រកស៊ី​ឈើ​ល្បីល្បាញ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ នៅ​ឯ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។

ខេត្ត​ចំនួន​៣ ដែល​រូបលោក​ប្រមូល​ឈើ​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស មាន​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ហើយ​រហូត​មក​ទល់​ពេលនេះ លោក​នៅតែ​បន្ត​មុខ​ជំនួញ​រកស៊ី​ឈើ​របស់​លោក​ដដែល។

របាយការណ៍​អង្កេត​របស់​ប្រជា​សហគមន៍​ជីអោក រក​ឃើញ​ថា ឧកញ៉ា អ៊ុក គឹមសាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) កំពុង​ប្រើ​លេស​កាប់​រំលំ​ដើមឈើ​ធំៗ និង​ឈូស​ឆាយ​ព្រៃ​អភិរក្ស​ដែល​មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ (២០៦០​ហិកតារ) មិន​ខ្វល់​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​នោះ​ឡើយ។ ព្រៃ​សហគមន៍​នេះ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​បរិស្ថាន នៅ​ឆ្នាំ​២០០៣ ឋិត​នៅ​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

តាម​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ឆ្នាំ​២០១៤ ថា លោក អ៊ុក គឹមសាន បាន​ធ្វើការ​ឲ្យ​អង្គការ​អភិរក្ស​អន្តរជាតិ និង​រដ្ឋបាល​ព្រៃឈើ និង​បាន​សម្រួល​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​នាំចេញ​ឈើ​ប្រណីត​ពី​អាង​ទំនប់​វារីអគ្គិសនី​ស្ទឹងអាតៃ ដែល​ក្រុមហ៊ុន MDS មាន​កិច្ចសន្យា​ឈូស​ឆាយ។ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង រហូត​ដល់​ឆ្នាំ​២០១៤ ទើប​លោក​មាន​សេរីភាព ហើយ​ក្រោយ​មក លោក​បាន​ធ្វើការ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន MDS Export and Import។

របាយការណ៍​របស់​សកម្មជន​បរិស្ថាន បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៦ ឧកញ៉ា​រូប​នេះ​បាន​ប្រើ​រថយន្ត​យីឌុប ៣០​គ្រឿង ដឹក​ឈើ​ប្រណិត​ពី​ស្រុក​សៀមប៉ាង យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​កៀរគរ​ពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​អភិរក្ស​កាប់​ឈើ​លក់​ឱ្យ​ខ្លួន​ថែម​ទៀត​ផង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស