ក្រុមសង្គមស៊ីវិលរិះគន់ថា ការប្រយុទ្ធប្រឆាំង និងការបង្ក្រាបអំពើជួញដូរមនុស្សនៅកម្ពុជាកន្លងមក ចាប់បានតែជនល្មើសតូចតាចប៉ុណ្ណោះ ចំណែកអ្នកនៅពីក្រោយខ្នងនៃអំពើជួញដូរខុសច្បាប់ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមិនទាន់ឃើញបើកការស៊ើបអង្កេតនៅឡើយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ វិច្ឆិកា នេះថា លោកទទួលស្គាល់ថារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះអំពើជួញដូរមនុស្សខុសច្បាប់នេះ ប៉ុន្តែជាលទ្ធផល គឺអាចបង្ក្រាបបានតែជនល្មើសតូចតាចប៉ុណ្ណោះ។
លោកបន្តថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់នេះ រដ្ឋាភិបាលគួរតែមានវិធានការត្រួតពិនិត្យរាល់អគារដែលមានការសង្ស័យ និងគ្រប់គ្រងដោយឈ្មួញជនជាតិចិន ដែលកំពុងរីកស្អេកស្កះនៅខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ជាដើម ដែលបានជាប់ចំណាត់ថ្នាក់ជាខេត្តមួយដែលរងនូវហានិភ័យនៃការកើតមានអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅពេលនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យតឹងរ៉ឹងជាទីបំផុត ដោយគ្មានករណីលើកលែងលើជនល្មើសណាមួយដាច់ខាត ព្រោះថាបើមានការលួចបន្ធូរបន្ថយការអនុវត្តច្បាប់លើជនល្មើសណាម្នាក់នោះ អ្នកដែលទទួលវាសនាដ៏អាក្រក់នេះ គឺមានតែកម្ពុជាខ្លួនឯងប៉ុណ្ណោះ។
លោក មឿន តុលា លើកឡើងថា អំពើជួញដូរមនុស្សបានកើតឡើងគ្រប់ទម្រង់ និងគ្រប់ប្រភេទទៅតាមវិធីសាស្ត្ររបស់ជនល្មើស ដោយឡែកជនរងគ្រោះដែលបានចាញ់បោកជនល្មើសទាំងនោះ មានករណីខ្លះ ពួកគេត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបកស្រាយ និងចោទប្រកាន់ថា ពួកគេបានឆ្លងដែនដោយខុសច្បាប់ទៅវិញ។
លោកបន្ថែមថា ការចោទប្រកាន់ក្នុងករណីបែបនេះ គឺមានភាពអយុត្តិធម៌សម្រាប់ជនរងគ្រោះពីអំពើជួញដូរខុសច្បាប់នេះយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងទៅកាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា លោក Jacques PELLET ថា អាជ្ញាធរកម្ពុជាកំពុងអនុវត្តការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សយ៉ាងសកម្មសព្វថ្ងៃនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់នេះផងដែរ។
អនុប្រធានបក្សកាន់អំណាច លោក ស ខេង លើកឡើងថា តាមរយៈលទ្ធផលដែលបានអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់ជាបន្តបន្ទាប់។
លោក ស ខេង បន្ថែមថា កិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងប្រទេសដែលមានជនរងគ្រោះត្រូវបានគេឆបោកមកកម្ពុជា ដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឫសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់ទាំងនោះ។
ផ្អែកតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាជុំវិញការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ត្រូវគេកត់សម្គាល់ឃើញថា ខេត្តព្រះសីហនុ បានធ្លាក់ចូលទៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានអំពើជួញដូរមនុស្សធ្ងន់ធ្ងរ។
ជាក់ស្តែង កាលពីចុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃបានអះអាងថា គិតត្រឹមថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរកម្ពុជាបានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះពីអំពើជួញដូរមនុស្សមានចំនួន ៨៧ករណី ដែលមានជនរងគ្រោះចំនួន ៨៦៥នាក់ ខណៈសំណុំរឿងដែលបានបញ្ជូនទៅតុលាការមានចំនួន ១៧ករណីដែលមានជនសង្ស័យសរុបចំនួន ៦០នាក់។
សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចេញផ្សាយជាវីដេអូរយៈពេលជាង ៤០នាទីដែលមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» ដោយក្នុងវីដេអូនោះបានរៀបរាប់យ៉ាងច្រើនពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជាជាប្រព័ន្ធ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ក៏បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្សរបស់ខ្លួនផងដែរ ដែលទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀតពីបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិត៣ (Tier 3 Watch List) ដែលធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន Taipei Times បានចុះផ្សាយថា នគរបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ នេះ បានសន្និដ្ឋានថា មានជនជាតិចិនតៃវ៉ាន់ចន្លោះពី ២ពាន់នាក់ទៅ ៥ពាន់នាក់ ត្រូវបានរងគ្រោះដោយសារអំពើជួញដូរនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិចិនតៃវ៉ាន់ដែលត្រូវបានជួយសង្គ្រោះពីការឃុំឃាំងនៅកម្ពុជា បានអះអាងថា ពួកគេបានរងការវាយធ្វើបាបតាមមធ្យោបាយផ្សេងៗដោយអ្នកជួញដូរមនុស្សនៅក្នុងសណ្ឋាគារមួយចំនួនក្នុងខេត្តព្រះសីហនុ៕