30 C
Phnom Penh

សហភាព​សហជីព​កម្ពុជា​ខក​ចិត្ត​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​សហជីព​កម្ពុជា សោកស្ដាយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ុង ឈុន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​សមាជ​លើក​ទី​៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC)។

ការ​សម្ដែង​ការ​សោកស្ដាយ​របស់​សហភាព​សហជីព​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ុង ឈុន បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បរទេស ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​សមាជ​លើក​ទី​៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ របស់​សហភាព​សហជីព​កម្ពុជា ឱ្យ​ដឹង​ថា ការ​សម្រេច​របស់​តុលាការ​ជា​ទង្វើ​គាប​សង្កត់​សេរីភាព​ការ​ធ្វើ​ដំណើរ​របស់​លោក រ៉ុង ឈុន យ៉ាង​ធ្ងន់ធ្ងរ និង​មិន​បាន​ផ្ដល់​តម្លៃ​ឲ្យ​ស្ថាប័ន ITUC ដែល​មាន​សមាជិក​ជាង ៤០០​លាន​នាក់ និង​អង្គការ​សហជីព​ជា​សមាជិក​ប្រមាណ ៣០០​អង្គការ​សហជីព​ទូទាំង​ពិភពលោក។ លើស​ពី​នេះ ITUC មាន​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​សំខាន់ៗ និង​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

សហភាព​សហជីព​កម្ពុជា ចាត់ទុក​ការ​មិន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​មហាសន្និបាត​លើក​ទី​៥ របស់ ITUC នេះ វា​គ្មាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ ផ្ទុយទៅវិញ​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខូច​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ពេល​ដែល ITUC លើក​ករណី​លោក រ៉ុង ឈុន នៅ​ក្នុង​មហាសន្និបាត​នោះ។

សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ចេញ​ទៅ​ក្រៅ​ប្រទេស បើ​ទោះបីជា​មាន​ការ​អញ្ជើញ​ពី ITUC និង​មាន​លិខិត​បញ្ជាក់ ព្រមទាំង​ការ​ធានា​អះអាង​ពី​មេធាវី​ការពារ​ក្ដី​ថា លោក រ៉ុង ឈុន នឹង​ត្រឡប់​មក​កម្ពុជា​នៅ​ពេល​ចប់​មហាសន្និបាត​ក្ដី ប៉ុន្តែ​តុលាការ​នៅតែ​មិន​អនុញ្ញាត។

ការ​មិន​អនុញ្ញាត​នេះ ដោយ​សហភាព​សហជីព​កម្ពុជា​ថា​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឡើយ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បដិសេធ​ការ​ស្នើសុំ​របស់​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ុង ឈុន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សមាជ​លើក​ទី​៥ របស់​សហភាព​សហជីព​អន្តរជាតិ ITUC ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​ម៉ែលប៊ន នៃ​ប្រទេស​អូស្ត្រាលី នា​ពេល​ខាងមុខ​នេះ។

ក្រៅពី​បង្ហាញ​ការ​សោកស្ដាយ សហភាព​សហជីព​កម្ពុជា​ទទូច​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​សេចក្ដី​សម្រេច​បដិសេធ​ឲ្យ​លោក រ៉ុង ឈុន ធ្វើ​ដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​របស់​សហភាព​សហជីព​អន្តរជាតិ ITUC។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ក្រោយពី​លោក​បាន​រិះគន់​លើ​បញ្ហា​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាង​ថា​អាជ្ញាធរ​វៀតណាម បាន​រំលោភ​យក​ដី​ពួកគាត់។

ក្រោយពី​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​លោក​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។ ក្រៅពី​ព្យួរ​ទោស​នៅ​សល់​ហើយ ប្រធាន​សហជីព និង​ជា​អ្នក​ឃ្លាំមើល​រឿង​ព្រំដែន​កម្ពុជា​ផង លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ​រយៈពេល ៣​ឆ្នាំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស