28.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ស្នើ​លោក បៃដិន ជួយ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ រឿង​ចាំបាច់​ដែល​ពួកគេ​ត្រូវតែ​ធ្វើ គឺ​ត្រូវ​ពួត​ដៃ​គ្នា​ស្នើ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ជួយ​ជំរុញ​បើក​ផ្លូវ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​កម្ពុជា​នៅ​ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​បញ្ឈប់​ការ​ប្រទូសរ៉ាយ​គ្នា ក្នុង​នោះ​អ្នក​ដែល​ចូលចិត្ត​លេង​ល្បែង​នយោបាយ​បុគ្គល ក៏​គួរតែ​បញ្ចប់​ដែរ ដើម្បី​ងាក​មក​នាំគ្នា​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​វិញ ប្រសិនបើ​អ្នក​ទាំងនោះ​នៅតែ​គិត​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន និង​បក្សពួក​របស់​ពួកគេ​មែន​នោះ។

លោក គឹម សុខ លើកឡើង​ថា អាយុជីវិត​ប្រទេស​ជាតិ​ខ្មែរ​ទាំងមូល​ក្នុង​ការ​ធានា​នូវ​បូរណភាព​ទឹកដី ធានា​នូវ​ភាព​ឯករាជ្យ និង​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម គឺ​មាន​កត្តា​កំណត់​សំខាន់​លើ​ការ​ស្ដារ​ប្រជាធិបតេយ្យ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ តែ​មួយ​គត់ ដូច្នេះ​ក្រុម​អ្នក​នយោបាយ​ទាំងនោះ​គួរតែ​ស្រុះស្រួល​គ្នា​នៅ​ពេលនេះ ដើម្បី​សុភមង្គល​របស់​ជាតិ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ណាស់​តែ​ចេះ​ខ្មាស​ប្រទេស​វៀតណាម ព្រោះ​ថា​ទោះបី​ជនជាតិ​វៀតណាម​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ពី​ពួក​សេរី​ជាមួយ​នឹង​ពួក​កុម្មុយនីស្ត​ក្ដី ប៉ុន្តែ​ពួកគេ​អាច​សហការ​គ្នា​បាន​គ្រប់​ពេល ដើម្បី​ប្រយោជន៍​ជាតិ។ ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ និង​កូន​ខ្មែរ​គ្រប់​រូប គួរតែ​ភ្ញាក់​ខ្លួន​គិតគូរ​ពី​ប្រយោជន៍​ជាតិ​របស់​ខ្លួន ជាជាង​ការ​បង្អួត​បក្សពួក បង្ក​ជម្លោះ​ជាតិ​ឯង ដែល​ធ្វើ​ឲ្យ​បាក់បែក​សាមគ្គី​ជាតិ​ដែល​នឹង​នាំ​ទៅ​រក​ក្តី​វិនាស​អន្តរាយ​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែ​វិច្ឆិកា ខាងមុខ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខ​នេះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃដិន នៅ​ពេលនេះ គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អព្យាក្រឹតភាព​របស់​អាស៊ាន ដើម្បី​ពង្រឹង​បន្ថែម​លើ​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​អាមេរិក-អាស៊ាន កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ប្រភព​ដដែល​បញ្ជាក់ លោក ចូ បៃដិន នឹង​បញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អាមេរិក-អាស៊ាន​ក្នុង​ការ​ធានា​សន្តិសុខ និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​សុខមាលភាព​នៃ​ប្រជាជាតិ​ទូទាំង​សកលលោក​ផង​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា វប្បធម៌​នៃ​ការ​ព្យាបាទ​នយោបាយ​គ្នា​នៅ​កម្ពុជា កំពុង​នាំ​សង្គម និង​ប្រជាជាតិ​ខ្មែរ​វិល​ទៅ​រក​ភាព​អត្តាធិបតេយ្យ​នៅ​ពេល​ខាងមុខ ហើយ​អ្នក​ដែល​ឈឺចាប់​បំផុត​ពី​មេរោគ​សង្គម​នេះ គឺ​ពលរដ្ឋ​ខ្មែរ​តែម្តង។

លោក សេក សុជាតិ លើកឡើង​ថា វប្បធម៌​ព្យាបាទ​នយោបាយ​គ្នា​នេះ គឺជា​វប្បធម៌​បំផ្លាញ​នីតិរដ្ឋ និង​យុត្តិធម៌​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ជន​អវិជ្ជា​គឺជា​ជំពូក​មនុស្ស​ដែល​ស្អប់​ច្បាប់​ជាតិ​ជាទីបំផុត ដូច្នេះ​អ្នក​ដែល​យក​ច្បាប់​ធ្វើជា​ឧបករណ៍​នយោបាយ ច្រើន​តែ​យក​ច្បាប់​មក​ធ្វើជា​លេស​តាមរយៈ​នៃ​ការ​ប្រើ​តាម​នីតិមាត់​របស់​ខ្លួន​ជា​ប្រចាំ។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កម្ពុជា​ពិត​មែន​តែ​បាន​រំលត់​ជម្លោះ​ផ្ទៃក្នុង​ជាតិ​ដោយ​អាវុធ ប៉ុន្តែ​ជម្លោះ​បុគ្គល​ផ្ទាល់ខ្លួន​របស់​អ្នក​នយោបាយ​នៅតែ​បន្ត​មិន​ចេះ​ចប់ ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ធ្លាក់​ចុះ​ជា​លំដាប់ ដែល​បាន​បង្ក​ទៅ​ជា​វិបត្តិ​ជាប់​គាំង​នយោបាយ​ជាតិ​ដោះស្រាយ​មិន​ចេញ​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស