36.2 C
Phnom Penh

លោក សួន រីដា អំពាវនាវ​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​គ្នា​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា អំពាវនាវ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​ជា​ធ្លុង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បែកខ្ញែក​ជិត ១០​ឆ្នាំ។

លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ អ្នក​ប្រជាធិបតេយ្យ​បាន​បែកបាក់​គ្នា​ជា​ចម្រៀកៗ ដោយ​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន។

លោក​លើកឡើង​ថា មក​ដល់​ពេលនេះ អ្នក​ប្រជាធិបតេយ្យ​ភាគច្រើន​ចង់​ឃើញ​ការ​រួបរួម​ឡើងវិញ ដើម្បី​បង្កើត​ជា​ប៉ូល​នយោបាយ​តែ​មួយ​ស្រប​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត ប៉ុន្តែ​ការ​រួបរួម​ហាក់​ពិបាក​រក​ចំណុច​រួម​មួយ​សម្រាប់​ពួកគេ។

លោក​អះអាង​ថា សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ប្រកាន់​ជំហរ​រួបរួម​ដោយ​យក​បក្ស​តែ​មួយ​ជា​តំណាង ដែល​មាន​ន័យ​ថា បក្ស​ណា​ក៏បាន ដោយ​រៀប​បញ្ជី​បេក្ខជន​បោះឆ្នោត​តែ​មួយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​ចាប់ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន។

លោក​ថា យ៉ាងណាក៏ដោយ សម្រាប់​គណបក្ស​ផ្សេង​វិញ ដូចជា​គណបក្ស​កម្លាំង​ជាតិ ជាដើម បាន​ប្រកាន់​ជំហរ​នយោបាយ​ឱ្យ​គេ​ចូលរួម​ជាមួយ​ខ្លួន ដែល​មាន​ន័យ​ថា គណបក្ស​ដទៃ​ត្រូវ​ចុះចូល​ជាមួយ​ខ្លួន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​ការ​រួបរួម​នោះ​ទេ។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន វិញ បាន​ប្រកាន់​ជំហរ «រួបរួម​តាម​បែប​សហការ ដោយ​ការ​ចែក​ឃុំ-សង្កាត់​រវាង​គណបក្ស​សម្ព័ន្ធភាព​នីមួយៗ​ឈរ​ជា​តំណាង​ក្នុង​ការ​បោះឆ្នោត»។ ដោយឡែក​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រកាន់​ជំហរ​រួបរួម​ដោយ​យក​គណបក្ស​ដទៃ​ទៅ​ឈរឈ្មោះ​នៅ​ខេត្ត​តូចៗ ឬ​ខេត្ត​ដែល​ខ្លួន​ពុំ​មាន​សមាជិក​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ទាំង​ពីរ​នេះ ដូច្នេះ​ជំហរ​នេះ​មាន​ន័យ​ថា​គ្រាន់តែ​ជា​ការ​រួបរួម​បំពេញ​ចន្លោះ​ឱ្យ​ខ្លួន​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ដដែល​នេះ សួរ​ថា តើ​ជម្រើស​ទាំងនេះ អ្នក​ប្រជាធិបតេយ្យ​គួរ​ជ្រើសរើស​វិធី​មួយ​ណា​សម្រាប់​ការ​រួបរួម​ដើម្បី​កសាង​កម្លាំង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​ដូច​កម្លាំង​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ជិត ១០​ឆ្នាំ​មុន​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នក​នយោបាយ​ជាច្រើន​ដែល​ចេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន​ក្នុង​ពេលនេះ។

ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ មក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បាន​បែក​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង​រៀងៗ​ខ្លួន ខណៈ​មេដឹកនាំ​កំពូល​បក្ស​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជិត ៣០​ឆ្នាំ និង​ដកហូត​សិទ្ធិ​នយោបាយ​ទាំងស្រុង។

គណបក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៧​គណបក្ស​ហើយ​គិត​មក​ទល់​នឹង​ពេលនេះ រួម​មាន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ជីវ កត្តា ប៉ុន្តែ​ក្រោយ​ដំណើរការ​មួយ​រយៈ ក៏បាន​ប្រកាស​រំលាយ​ដោយ​ខ្លួនឯង ខណៈ​មន្ត្រី​បក្ស​នេះ​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ។

ចំណែក​គណបក្ស​ខ្មែរ​អភិរក្ស ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក រៀល ខេមរិន្ទ្រ គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក គង់ មុនីកា គណបក្ស​កែទម្រង់​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក អ៊ូ ច័ន្ទរ័ត្ន ខណៈ​គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ ស៊ុន ចន្ធី។

ដោយឡែក​គណបក្ស​កម្ពុជា​និយម ដែល​ពេលនេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ និង​គណបក្ស​ជំនាន់​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក មាជ សុវណ្ណារ៉ា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គណបក្ស​ភ្លើងទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ដើម​ខែ​មេសា នេះ​ថា ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​សម្ព័ន្ធភាព​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ខ្លួន​មាន​បំណង​ពង្រីក​មហា​សាមគ្គី​ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ជាមួយ​គ្នា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស