35 C
Phnom Penh

កម្ពុជា​បដិសេធ​ថា​បណ្តឹង​មួយ​ចំនួន​ជុំវិញ​ករណី​អំពើ​ជួញដូរ​មនុស្ស​មិន​មែន​ពិត​ទាំងអស់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ​ថា បណ្តឹង​មួយ​ចំនួន​ជុំវិញ​ករណី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មិនមែន​សុទ្ធតែ​ជា​ការពិត​នោះ​ទេ ព្រោះ​បណ្តឹង​ខ្លះ​កើត​ចេញពី​ការ​ព្រួយបារម្ភ​របស់​សាច់ញាតិ និង​ស្ថានទូត​តែប៉ុណ្ណោះ។

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បង្កើត​ផែនការ​សកម្មភាព​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៣ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា នៅ​កម្ពុជា​មិន​មាន​ការ​ជួញដូរ​មនុស្ស​ដល់​ទៅ​រាប់​ពាន់​ករណី​ដូច​ការ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​មួយ​ចំនួន​នោះ​ឡើយ។

អ្នកស្រី​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​អំពើ​ជួញដូរ​មនុស្ស​ប្រាកដ​មែន​ក្នុង​ចំណោម​ជនបរទេស​ដែល​ចូល​មក​កម្ពុជា ប៉ុន្តែ​អំពើ​ជួញដូរ​មនុស្ស​នេះ​ក៏​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

អ្នកស្រី​បន្ត​ថា ជនបរទេស​ភាគច្រើន​បាន​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​បន្លំ​ខ្លួន​ជា​អ្នក​ទេសចរ​ដើម្បី​មក​ធ្វើការ​នៅ​ទីនេះ។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​ដែល​ឱ្យ​ពួកគេ​ចេះ​តែ​ចេញ​ចូល​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ដូច្នេះ​អ្នក​ទាំងនោះ​នឹង​ត្រូវ​រង​នូវ​ការ​ផាក​ពិន័យ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត មុន​នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា ការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មិនមែន​ជា​ហេតុផល​គ្រប់គ្រាន់​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​មាន​ភស្តុតាង​ពេញលេញ ដើម្បី​ឱ្យ​អន្តរជាតិ​ដក​កម្ពុជា​ចេញពី​បញ្ជី​តាមដាន​កម្រិត​ធ្ងន់​នៃ​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា សហគមន៍​អន្តរជាតិ​មាន​ប្រព័ន្ធ​ស៊ើបអង្កេត និង​វាយតម្លៃ​ច្បាស់លាស់​ជុំវិញ​អំពើ​ជួញដូរ​មនុស្ស។ ដូច្នេះ បើ​កម្ពុជា​ពិត​ជា​ចង់​ឱ្យ​ខ្លួន​រួច​ផុត​ពី​បញ្ជី​តាមដាន​មែន​នោះ រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ដោយ​ស្មើភាព និង​តឹងរ៉ឹង​ជាទីបំផុត ទោះ​ជា​អ្នក​នោះ​ជា​សាច់ញាតិ ឬ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ​បើ​កម្ពុជា​គ្រាន់តែ​អនុវត្ត​តែ​ទៅ​លើ​ជនល្មើស​ដែល​ជា​ជនរងគ្រោះ​មិនមែន​ជា​ឧក្រិដ្ឋជន​ធំៗ នោះ​កម្ពុជា​នឹង​ត្រូវ​បន្ត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​គេ​ដដែល។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន ដោយ​ចាត់​កម្ពុជា​ចូល​ទៅ​ក្នុង​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​ក្នុង​កម្រិត​៣ (Tier 3 Watch List) នៃ​ការ​ជួញដូរ​មនុស្ស។ របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «រាជធានី-ខេត្ត​ទាំង ២៥ របស់​ប្រទេស​កម្ពុជា គឺជា​ប្រភព​នៃ​ការ​ជួញដូរ​មនុស្ស​ទាំងអស់»។

ក្រសួង​ការបរទេស​អាមេរិក បន្ត​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា រួម​ជាមួយ​ប្រទេស​ចិន ម៉ាកាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង ប្រ៊ុយណេ ស៊ីរី អាហ្វហ្គានីស្ថាន ស៊ូដង់​ខាងត្បូង និង​រដ្ឋ​ចំនួន ១២ ផ្សេង​ទៀត​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដូច​គ្នា។

នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ បែប​នេះ នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​ពី​បរទេស​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា កម្ពុជា​មិន​អាច​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស​បាន​ទេ ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ឬ​សាច់ញាតិ​របស់​លោក ហ៊ុន សែន មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។

សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស