មន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុកការជំរុញឲ្យពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយងើបឡើងតវ៉ានៅទូទាំងប្រទេសរបស់ក្រុមវេទិកាពលរដ្ឋ ខណៈកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន ថាជាគំនិតរវើរវាយដែលគ្មានតម្លៃឲ្យមេដឹកនាំ និងប្រមុខការទូតអាស៊ានត្រូវចាប់បង្ខំរដ្ឋាភិបាលកម្ពុជាឲ្យគោរពនោះឡើយ។
អ្នកសារព័ត៌មានវីអូឌី (VOD) បានដកស្រង់សម្ដីរបស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចុះផ្សាយនៅថ្ងៃទី៨ វិច្ឆិកា នេះថា គំនិតរបស់ក្រុមលោក គឹម សុខ ជាគំនិតរវើរវាយកើតចេញពីបុគ្គលផ្ទាល់ខ្លួន។ លោកបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ បានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចអស់ទៅហើយ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា វេទិកាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យពលរដ្ឋចេញតវ៉ានៅទូទាំងប្រទេសចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា កាលៈទេសៈនេះគឺជាឱកាសល្អបំផុតក្នុងការចេញទាមទារយកភាពជាម្ចាស់ប្រទេសរបស់ខ្លួនមកវិញ មិនគួរនៅបន្តញញើតខ្លាចអំណាចនាយករដ្ឋមន្ត្រីហួសហេតុពេកទេ ពីព្រោះអំណាចនាយករដ្ឋមន្ត្រីមិនមានអ្វីហួសពីសេចក្ដីចែងក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញឡើយ គឺត្រូវទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋខ្មែរដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ជាដើម។
ការជំរុញរបស់វេទិកាពលរដ្ឋនេះ ធ្វើឡើងអំឡុងពេលដែលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសកលលើកទី២ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះនឹងមានប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីធានានូវការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទាំង ១៨ប្រទេស រួមមានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាន ៥ប្រទេស ដូចជាអាមេរិក អង់គ្លេស បារាំង ព្រមទាំងចិន និងសហភាពសូវៀតផងដែរ។
ចំណែកប្រទេសនៅអាស៊ីអាគ្នេយ៍ ៨ប្រទេសផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ លើកលែងតែភូមាប៉ុណ្ណោះ៕