33 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ថា​ការ​ដាក់​ភាសា​ចិន​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​គឺ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម​ពង្រីក​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ការ​ដាក់​ភាសា​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា គឺជា​ឱកាស​មួយ​នៃ​ការ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម ក្នុង​ការ​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ដែល​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ការ​ដាក់​បញ្ចូល​ភាសា​របស់​ប្រទេស​កុម្មុយនីស្ត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​បែប​នេះ ជា​ហានិភ័យ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ត្បិត​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​បញ្ហា​នេះ​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ថា តើ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​កម្ពុជា​កំពុង​បង្ហាញ​ពី​ជំហរ​រស់នៅ​ក្រោម​ចិន​ដោយ​ស្ម័គ្រចិត្ត ឬ​មួយ​ដោយសារតែ​ជំពាក់​បំណុល​ចិន ដែល​មិន​អាច​បដិសេធ​សំណើ​របស់​ចិន​បាន​ឬ​យ៉ាង​ណា។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​បញ្ចូល​ភាសា​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់​របស់​កម្ពុជា​នេះ ជា​បញ្ហា​ក្តៅ​គគុក​មួយ​ដែល​ធ្វើ​ឱ្យ​វៀតណាម​មិន​អាច​ទទួល​យក​បាន បន្ទាប់ពី​វៀតណាម​បាន​ស្នើ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​របស់​គេ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ពេល​កន្លងទៅ តែ​ត្រូវ​រង​នូវ​ភាព​ចម្រូងចម្រាស​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ភាសា​ចិន គឺ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា​តែម្តង ដែល​កម្ពុជា​នឹង​ក្លាយ​ជា​ទីតាំង​ទំនាស់​បង្ក​ទុក្ខ​ដាក់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​លើ​បញ្ហា​នេះ ស្រប​ពេល​ខ្លួន​មិន​ទាន់​អាច​ធានា​នូវ​ភាព​រឹងមាំ​លើ​អធិបតេយ្យ​ជាតិ​ខ្លួន​ដូច​សព្វថ្ងៃ​នេះ គឺជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​កម្ពុជា ព្រោះ​ថា​បន្ទាប់ពី​ចិន​ស្នើ​ដាក់​ភាសា​របស់​គេ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​រួច​ហើយ​នោះ តើ​គេ​នឹង​ស្នើ​អ្វី​បន្ត​ទៀត ស្រប​ពេល​ដែល​កម្ពុជា​នៅ​ពេលនេះ​កំពុង​ជាប់​ខ្លួន​ជា​កូនបំណុល​ចិន ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ការ​អភិវឌ្ឍ​រួម​គ្នា​បង្កើត​កម្មវិធី​រៀន​ភាសា​ចិន​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ ឬ​សាលា​រដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ ក្នុង​ចំណោម​កិច្ចព្រមព្រៀង ១៧ ផ្សេង​ទៀត​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ដាក់​ភាសា​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា គឺ​លោក ហ៊ុន សែន មាន​ចេតនា​ផ្គើន​ទៅ​កាន់​អ្នក​ជំទាស់​ពី​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ផង និង​ចង់​លាង​ខ្លួន​ពី​ការ​ចោទ​ថា ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម គឺ​មិនមែន​ដោយសារតែ​គាត់​បម្រើ​វៀតណាម​នោះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន បែប​នេះ នឹង​នាំ​ភាព​ស្មុគស្មាញ​ដល់​កម្ពុជា​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បើក​ផ្លូវ​ទៅ​ថ្ងៃ​ក្រោយ​សម្រាប់​ឱ្យ​វៀតណាម ក៏​អាច​ស្នើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ការ​បង្កើត​ដេប៉ាតឺម៉ង់​ទៅ​ជា​ការ​ពង្រីក​ភាសា​វៀតណាម ក្នុង​កម្រិត​ខ្ពស់​ណា​មួយ​ក្នុង​ផែនការ​ឈ្លានពាន​របស់​ពួកគេ បន្ទាប់ពី​នយោបាយ​ប្រជាសាស្ត្រ​របស់​រដ្ឋការ​ក្រុង​ហាណូយ បាន​ជោគជ័យ​ក្នុង​ដំណាក់កាល​ណា​មួយ​នោះ។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវិចា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​អភិវឌ្ឍ​កម្មវិធី​អប់រំ​ភាសា​ចិន​រួម​គ្នា​នៅ​តាម​សាលា​មធ្យម​សិក្សា​រដ្ឋ បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង បន្ទាប់ពី​កម្ពុជា និង​ចិន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​កម្មវិធី​រៀន​ភាសា​ចិន នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ​នៅ​កម្ពុជា។

លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​សាកល្បង​នេះ កម្ពុជា​នឹង​អនុវត្ត​កម្មវិធី​អប់រំ​ភាសា​ចិន នៅ​តាម​វិទ្យាល័យ​ចំនួន ២០ នៅ​ក្នុង​ខេត្ត​ចំនួន ២ ទៅ ៣ ប៉ុណ្ណោះ។ ចំពោះ​កិច្ចការ​បច្ចេកទេស ក្រសួង​អប់រំ នឹង​បង្កើត​គណៈកម្មការ​ដើម្បី​បន្ត​កិច្ចការ​ជាមួយ​ភាគី​ចិន។

ចំណែក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​រៀន​ភាសា​ចិន​នៅ​គ្រឹះស្ថាន​សាធារណៈ​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា ប៉ុន្តែ​ការ​ដាក់​បញ្ចូល​ភាសា​ចិន​ក្នុង​កម្មវិធី​សិក្សា អាច​នឹង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ជាពិសេស​អាច​មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​ពី​សាធារណជន ដោយសារ​ការ​មិន​បាន​យល់ដឹង​ពី​សារសំខាន់​នៃ​ការ​សិក្សា​ភាសា​បរទេស។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​អប់រំ​កម្ពុជា ក៏​បាន​ឯកភាព​ឱ្យ​មាន​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​ថ្នាក់​មូលដ្ឋាន​ភាសា​វៀតណាម ក្នុង​វិស័យ​អប់រំ​របស់​ខ្លួន​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​វៀតណាម បាន​ស្នើសុំ​នា​ពេល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស