38 C
Phnom Penh

យុវជន​ខ្មែរ​ថាវរៈ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទោះបី​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន​ខ្មែរ​ថាវរៈ ១​នាក់​ក្នុង​ចំណោម ៥​នាក់ បាន​ដួល​សន្លប់​ក្រោយពី​បង្អត់​អាហារ​ចំនួន ៤​ថ្ងៃ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ដោយ​ការ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី និង​យុត្តិធម៌​សង្គម ខណៈ​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់ បើ​ពួកគេ​មិន​រើ​តង់​ចេញ។

នេះ​ជា​ថ្ងៃទី​៤ ហើយ​ដែល​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បាន​នាំគ្នា​បង្អត់​អាហារ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​កញ្ញា សេង ធារី ក៏​បង្អត់​អាហារ​នៅ​ពន្ធនាគារ​ដែរ ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​សង្គម។

ក្នុង​ចំណោម​យុវជន​ខ្មែរ​ថាវរៈ ៥​នាក់ គឺ​មាន​សមាជិក​ម្នាក់ កញ្ញា ឆែម ស្រីគា បាន​ដួល​សន្លប់​ក្រោយពី​បង្អត់​អាហារ​រយៈពេល ៤​ថ្ងៃ។

ការ​ប្រកាស​ប្ដេជ្ញា​របស់​យុវជន​ខ្មែរ​ថាវរៈ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ហៅ​ពួកគេ​ទៅ​ណែនាំ​ដោយ​ឲ្យ​រើ​តង់​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​កម្ពុជា​កំពុង​ដំណើរការ​កិច្ចប្រជុំ​អាស៊ាន។

អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ម្នាក់​ក្នុង​ចំណោម​អាជ្ញាធរ​ផ្សេង​ទៀត បាន​ឲ្យ​យុវជន​ខ្មែរ​ថាវរៈ​ទាំង ៥​នាក់​រើ​តង់​ចេញពី​ទីលាន​ប្រជាធិបតេយ្យ បើ​មិន​រុះរើ​ចេញ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​បន្ថែម​ទៀត។ អាជ្ញាធរ​រូប​នេះ​បាន​ចោទ​ក្រុម​យុវជន ៥​នាក់​ថា​ការ​ដែល​បោះតង់​ស្នាក់ និង​ការ​ធ្វើ​សមាធិ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​ប៉ះពាល់​ដល់​របៀប​រៀបរយ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ប៉ះពាល់​កិច្ចប្រជុំ​អាស៊ាន​ផង​ដែរ។

លោក ហ៊ុន វណ្ណៈ អះអាង​ថា យុវជន​ខ្មែរ​ថាវរៈ​អះអាង​ថា​ពួកគេ​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​បង្អត់​អាហារ​នេះ ដើម្បី​ទាមទារ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​មនសិការ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។ លោក​បន្ត​ថា ការ​តស៊ូ​មតិ​មិន​បរិភោគ​អាហារ និង​បោះ​តង់​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ មិន​បង្ក​ផល​ប៉ះពាល់​សង្គម​ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ទេ ខណៈ​ពួកគេ​ក៏​ធ្លាប់​រងគ្រោះ និង​រង​នូវ​អំពើ​អយុត្តិធម៌​ដោយ​ការ​ចាប់​ដាក់​ពន្ធនាគារ​ដែរ​នោះ។

យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ​ថា ពួកគេ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ មិន​បាន​ទៅ​លើក​បដា​នៅ​កន្លែង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​កំពុង​ប្រជុំ​អាស៊ាន​នោះ​ឡើយ ខណៈ​ទីតាំង​ប្រជុំ​ក៏​នៅ​ឆ្ងាយ ហើយ​ថែមទាំង​មាន​កម្លាំង​ការពារ​ជាច្រើន​រយ​នាក់​ថែម​ទៀត។

យ៉ាងណា ក្រុម​យុវជន​ទាំង ៥​នាក់​អះអាង​ថា ពួកគេ​នឹង​មិន​រើ​តង់​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ឡើយ ប៉ុន្តែ​បើ​អាជ្ញាធរ​មិន​អនុញ្ញាត និង​ធ្វើ​ទុក្ខបុកម្នេញ​ទៀត​នោះ ពួកគេ​នឹង​នាំគ្នា​ដើរ​ថ្មើរ​ជើង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ផ្សេងៗ​អំឡុង​ពេល​ដំណើរការ​កិច្ចប្រជុំ​អាស៊ាន។ ពួកគេ​ថា ការ​ដើរ​ដាក់​ញត្តិ​នេះ ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ឃើញ​ពី​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៥​នាក់ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​មិន​បរិភោគ​អាហារ​នៅ​ខេត្ត​ព្រះវិហារ ជា​ទី​ដែល​ឃុំ​ខ្លួន​កញ្ញា សេង ធារី។ ក្រោយពី​បង្អត់​អាហារ​បាន ២​ថ្ងៃ​នៅ​ខេត្ត​ព្រះវិហារ ពួកគេ​ក៏​បាន​នាំគ្នា​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ វិច្ឆិកា ដោយ​បន្ត​យុទ្ធនាការ​បង្អត់​អាហារ​ដោយ​បោះ​តង់​សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា ក្រុម​យុវជន​ថាវរៈ​មាន​តែ​ស្វែងរក​ភស្តុតាង​ដោះ​បន្ទុក និង​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ​ទេ ទើប​អាច​ជួយ​ការពារ​កញ្ញា សេង ធារី បាន។ ឯ​ការ​ធ្វើ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​នេះ មិន​អាច​ជួយ​ការពារ​តាម​ផ្លូវ​ច្បាប់​ដល់​កញ្ញា សេង ធារី ឡើយ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​រូប​នេះ​ថ្លែង​ថា យុទ្ធនាការ​បង្អត់​អាហារ​នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ និង​បិទបាំង​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​គ្មាន​ឥទ្ធិពល​អ្វី​លើ​តុលាការ​ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ទេ។

កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង និង​ជា​មេធាវី​អន្តរជាតិ​មួយ​រូប​ផង​នោះ ត្រូវ​បាន​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស