27 C
Phnom Penh

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​ជាប់​ទោស​១៤៥​ឆ្នាំ​ករណី​ជួញដូរ​សត្វ​ស្វា​ចូល​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​នឹង​ការ​កាត់ទោស​រយៈពេល ១៤៥​ឆ្នាំ​ក្នុង​ពន្ធនាគារ ចំពោះ​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ទៅ​សហរដ្ឋ​អាមេរិក។

ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​អាមេរិក បាន​ចោទប្រកាន់​មនុស្ស ៨​រូប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វ​ស្វា​ប្រភេទ​ជិត​ផុត​ពូជ ដោយ​ចេញពី​ប្រទេស​កម្ពុជា។ មនុស្ស​ប្រាំ​បី​នាក់​នោះ​រួម​មាន មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាមេរិក​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ពូជ​សត្វ​ជិត​ផុត​ពូជ។

មន្ត្រី​រូប​នោះ រួម​នឹង​សហសេវិក​នៅ​ក្នុង​ក្រុម​ភ្នាក់ងារ​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា និង​មនុស្ស ៦​នាក់​ទៀត​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​សព្វ​ព្រៃ។ ក្រុមហ៊ុន​ហុងកុង​មួយ​នោះ ត្រូវ​គេ​រក​ឃើញ​ថា បាន​ចិញ្ចឹម​សត្វ​ស្វា​កន្ទុយ​វែង ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិក្សា​ខាង​ផ្នែក​ជីវសាស្ត្រ រួច​ផ្គត់ផ្គង់​បន្ត​ឱ្យ​មន្ទីរពិសោធន៍​មួយ​នៅ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ហ្វ្លរីដា ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ការ​ទិញ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​សម្រាប់​ធ្វើ​ជំនួញ ព្រោះ​ពួកគេ​ខ្វះ​ការ​ផ្គត់ផ្គង់​ពី​ប្រតិបត្តិការ​ចិញ្ចឹម​សត្វ។ នេះ​បើ​តាម​សារព័ត៌មាន South China Morning Post ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា នេះ។

សត្វ​ស្វា​ព្រៃ​កន្ទុយ​វែង គឺ​ត្រូវ​បាន​ការពារ​ក្រោម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការ​អនុញ្ញាត​ពិសេស​ដែល​តម្រូវ​ក្នុង​ការ​នាំចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក Kry Masphal អាយុ ៤៦​ឆ្នាំ​ជា​នាយករង​នៃ​នាយកដ្ឋាន​ជីវចម្រុះ និង​សត្វ​ព្រៃ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ប្រទេស​កម្ពុជា។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ John F.Kennedy ក្នុង​ទីក្រុង​ញ៉ូវយ៉ក។

លោក ម៉ាស់ផល ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាណាម៉ា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ក្នុង​ប្រទេស​នេះ​ពាក់ព័ន្ធ​ការ​កំណត់​គោលការណ៍ ក្នុង​ការ​ជួយ​អភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ។ នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ដំណើរការ​ស៊ើបអង្កេត​កំពុង​ប្រព្រឹត្ត​ទៅ។

ចំណែក​លោក កែវ អូម៉ាលីស អាយុ ៥៨​ឆ្នាំ គឺជា​អគ្គនាយក​នៃ​រដ្ឋបាល​ព្រៃឈើ ក៏​ត្រូវ​បាន​ស្ថិត​ក្នុង​បទ​ចោទ​ក្នុង​ចំណោម​មនុស្ស ៨​នាក់​នេះ​ដែរ។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មិន​អាច​និយាយ​បាន​ថា តើ​អ្នក​ផ្សេងៗ​ក្រៅពី​លោក គ្រី ម៉ាស់ផល កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ក្រៅពី​ដឹង​ថា បើ​ពួកគេ​មាន​ទោស គឺ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១៤៥​ឆ្នាំ។

មន្ត្រី​សហរដ្ឋ​អាមេរិក​អះអាង​ថា ស្វា​កន្ទុយ​វែង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហភាព​អន្តរជាតិ​នៃ​អភិរក្ស​ធម្មជាតិ ថា​ជា​ពូជ​សត្វ​ដ៏​កម្រ។

បើ​យោង​តាម​ការ​ចោទប្រកាន់ គឺ​អ្នក​ទាំងនោះ​ដូចជា​លោក James Man Sang Lau អាយុ ៦៤​ឆ្នាំ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន និង​លោក Dickson Lau អាយុ ២៩​ឆ្នាំ​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធនធាន វ៉ាន់នី នៅ​ហុងកុង។ ពួកគេ​ត្រូវ​បាន​គេ​ចោទ​ថា​ប្រមូល​ទិញ​ស្វា​ពី​ទីផ្សារ​ងងឹត ដោយ​សហការ​ជាមួយ​មន្ត្រី​កម្ពុជា ដើម្បី​នាំចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​ស្វា​កន្ទុយ​វែង​នោះ​ត្រូវ​បាន​យក​ចេញពី​សួន​ជាតិ​អភិរក្ស និង​តំបន់​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា ដើម្បី​យក​ទៅ​ដាក់​នៅ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​សត្វ​ស្វា​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ក្លែងក្លាយ។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួល​លក់​សត្វ​ស្វា​តម្លៃ ២២០​ដុល្លារ​ក្នុង​មួយ​ក្បាល ហើយ​ក្នុង​ការ​ប្រមូល​សត្វ​ស្វា​ឲ្យ​បាន​ដល់ ៣០០០​ក្បាល​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៦​សែន ៦​ម៉ឺន​ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស