38 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​ចំនួន​បី​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ប្រមាណ ៣០០​នាក់​នៅ​ខេត្ត​ចំនួន​៣ បាន​នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគេ។

ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើង​មក​ដាក់​ញត្តិ​ជា​ថ្មី ក្នុង​នោះ​រួម​មាន​ខេត្ត​ត្បូងឃ្មុំ ខេត្ត​កណ្តាល និង​ខេត្ត​ស្វាយរៀង។ ពួកគេ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ លោក ផន សុផល បាន​លើក​ឡើង​នៅ​ខាងមុខ​ក្រសួង​មហាផ្ទៃ​ថា ពួកគាត់​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ស្ថាប័ន​ទាំងនេះ​ជាច្រើន​ដង​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ ទើប​ពួកគាត់​នាំគ្នា​ឡើង​មក​ជា​ថ្មី​ទៀត។

លោក​បន្ត​ថា បញ្ហា​ដីធ្លី​របស់​ពួកគាត់​បាន​អូស​បន្លាយ​ជិត ១០​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ។

ជុំវិញ​ករណី​វិវាទ​ដីធ្លី​នេះ​ដែរ លោក​អះអាង​ថា​មាន​ពលរដ្ឋ​ជាង ១០០​នាក់​បាន​រង​បណ្តឹង​នៅ​តុលាការ និង​តំណាង​ពលរដ្ឋ ៤​នាក់​បាន​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ «ញុះញង់​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​កំហែង​យក» ជាដើម ក្នុង​នោះ​រូបលោក​ក៏​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ «ញុះញង់​នៅ​លើ​បណ្ដាញ​សង្គម» ហើយ​លោក​ទើប​នឹង​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ក្រោយ​អនុវត្ត​ទោស​ចប់។

ចំណែក​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​មេមត់ បាន​នាំគ្នា​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួង​ដែនដី និង​ក្រសួង​មហាផ្ទៃ ព្រមទាំង​ខុទ្ទកាល័យ​ដែរ ក្រោយពី​អាជ្ញាធរ​ព្រំដែន​បាន​យក​ដី​ស្រែ​ពួកគេ​ប្រមាណ ៨០​ហិកតារ​ទុក​សម្រាប់​ខ្លួនឯង បន្ទាប់ពី​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​រួច។

ក្រុម​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ព្រំដែន​បាន​ព្រមាន​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ និង​គំរាម​ប្រើ​កាំភ្លើង​បាញ់ ប្រសិនបើ​ពួកគាត់​ហ៊ាន​ចូល​ធ្វើ​ស្រែ និង​ចេញ​តវ៉ា​ទាមទារ​ដីធ្លី​នោះ។

បើ​តាម​របាយការណ៍​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​របស់​សហគមន៍​ស្រែ​ប្រាំង និង​សហគមន៍​បុស្សស្នោ​ទំហំ ៥៨០​ហិកតារ ផ្ដើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពី​ឆ្នាំ​២០១៤ និង​ដី​ទំហំ ២០០​ហិកតារ​ទៀត​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែន ចាន់ធឿន ខណៈ​ពលរដ្ឋ​ទាំងនោះ​ប្រមាណ ២៥០​គ្រួសារ​បាន​ចូល​មក​កាន់កាប់​ដី​នៅ​តំបន់​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ​២០០២។

ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC បង្ហាញ​ក្ដី​សង្ឃឹម​តិចតួច ដោយ​ថា​ពួកគាត់​បាន​ដាក់​ញត្តិ​តាម​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍​ចំនួន ៥​ដង​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ទៀត។ លោក​បន្ត​ថា ទោះបីជា​មិន​មាន​ដំណោះស្រាយ ពួកគាត់​នៅតែ​បន្ត​ធ្វើ​ការ​តវ៉ា ដោយ​ថា​ពួកគាត់​មិន​ទាន់​ទទួល​ប្រាក់​តាម​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​កំណត់​ក្នុង ១​ម៉ែត្រ​ការ៉េ ៨​ដុល្លារ​បាន​ឡើយ ខណៈ​តម្លៃ​ដីធ្លី​តាម​ទីផ្សារ​បច្ចុប្បន្ន​ក្នុង ១​ម៉ែត្រ​ការ៉េ​ជិត ១០០​ដុល្លារ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​ពលរដ្ឋ​បាន​ចេញ​លិខិត​មួយ​ដោយ​លើកឡើង​ថា គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ៣៣០​គ្រួសារ​មកពី​ឃុំ​ចំនួន​៤ រួម​មាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ឃុំ​ពត់សរ នៅ​ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្បាលដី​ទំហំ​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

យ៉ាងណាក៏ដោយ បើ​តាម​ក្រុម​ប្រជាពលរដ្ឋ បាន​អះអាង​ថា ក្រសួង និង​ស្ថាប័ន​ទាំងនោះ​បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ ប៉ុន្តែ​មិន​បាន​សន្យា​នឹង​ដោះស្រាយ​បាន​ពេល​ណា​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិន​វិវាទ​ដីធ្លី​របស់​ពួកគាត់​មិន​មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​ឡើង​មក​រាជធានី​ភ្នំពេញ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស