ពលរដ្ឋដែលរងគ្រោះដីធ្លីប្រមាណ ៣០០នាក់នៅខេត្តចំនួន៣ បាននាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីជំរុញឲ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ។
ក្រុមពលរដ្ឋរងគ្រោះដីធ្លីឡើងមកដាក់ញត្តិជាថ្មី ក្នុងនោះរួមមានខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ពួកគេដាក់ញត្តិនៅក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
តំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំ លោក ផន សុផល បានលើកឡើងនៅខាងមុខក្រសួងមហាផ្ទៃថា ពួកគាត់ឡើងមកដាក់ញត្តិនៅក្រសួងស្ថាប័នទាំងនេះជាច្រើនដងហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយ ទើបពួកគាត់នាំគ្នាឡើងមកជាថ្មីទៀត។
លោកបន្តថា បញ្ហាដីធ្លីរបស់ពួកគាត់បានអូសបន្លាយជិត ១០ឆ្នាំមកហើយ បានធ្វើឲ្យពលរដ្ឋជួបការលំបាក និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។
ជុំវិញករណីវិវាទដីធ្លីនេះដែរ លោកអះអាងថាមានពលរដ្ឋជាង ១០០នាក់បានរងបណ្តឹងនៅតុលាការ និងតំណាងពលរដ្ឋ ៤នាក់បានជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទ «ញុះញង់ធ្វើឱ្យខូចខាតដោយចេតនា និងកំហែងយក» ជាដើម ក្នុងនោះរូបលោកក៏ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំពាក់ព័ន្ធនឹងបទ «ញុះញង់នៅលើបណ្ដាញសង្គម» ហើយលោកទើបនឹងត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញក្រោយអនុវត្តទោសចប់។
ចំណែកពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ បាននាំគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីស្ថាប័នក្រសួងដែនដី និងក្រសួងមហាផ្ទៃ ព្រមទាំងខុទ្ទកាល័យដែរ ក្រោយពីអាជ្ញាធរព្រំដែនបានយកដីស្រែពួកគេប្រមាណ ៨០ហិកតារទុកសម្រាប់ខ្លួនឯង បន្ទាប់ពីបោះបង្គោលព្រំដែនជាមួយវៀតណាមរួច។
ក្រុមពលរដ្ឋអះអាងថា អាជ្ញាធរព្រំដែនបានព្រមានចាប់ពួកគាត់ដាក់ពន្ធនាគារ និងគំរាមប្រើកាំភ្លើងបាញ់ ប្រសិនបើពួកគាត់ហ៊ានចូលធ្វើស្រែ និងចេញតវ៉ាទាមទារដីធ្លីនោះ។
បើតាមរបាយការណ៍របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឲ្យដឹងថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោទំហំ ៥៨០ហិកតារ ផ្ដើមមានជម្លោះជាមួយក្រុមហ៊ុនចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ និងដីទំហំ ២០០ហិកតារទៀតមានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន ខណៈពលរដ្ឋទាំងនោះប្រមាណ ២៥០គ្រួសារបានចូលមកកាន់កាប់ដីនៅតំបន់មានជម្លោះនេះតាំងពីឆ្នាំ២០០២។
ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC បង្ហាញក្ដីសង្ឃឹមតិចតួច ដោយថាពួកគាត់បានដាក់ញត្តិតាមក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ចំនួន ៥ដងហើយ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះស្រាយទៀត។ លោកបន្តថា ទោះបីជាមិនមានដំណោះស្រាយ ពួកគាត់នៅតែបន្តធ្វើការតវ៉ា ដោយថាពួកគាត់មិនទាន់ទទួលប្រាក់តាមអាជ្ញាធរខេត្ត និងក្រុមហ៊ុនកំណត់ក្នុង ១ម៉ែត្រការ៉េ ៨ដុល្លារបានឡើយ ខណៈតម្លៃដីធ្លីតាមទីផ្សារបច្ចុប្បន្នក្នុង ១ម៉ែត្រការ៉េជិត ១០០ដុល្លារ។
កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតមួយដោយលើកឡើងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ បើតាមក្រុមប្រជាពលរដ្ឋ បានអះអាងថា ក្រសួង និងស្ថាប័នទាំងនោះបានទទួលយកញត្តិរបស់ពួកគេ ប៉ុន្តែមិនបានសន្យានឹងដោះស្រាយបានពេលណាឡើយ។ ក្រុមប្រជាពលរដ្ឋអះអាងថា ប្រសិនវិវាទដីធ្លីរបស់ពួកគាត់មិនមានដំណោះស្រាយទេ ពួកគេនឹងឡើងមករាជធានីភ្នំពេញបន្តទៀត៕