29 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​ថា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ដើម្បី​ធានា​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ចាប់ពី​ពេល​នេះ​តទៅ កម្ពុជា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ទាំងអស់ មិន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ ដើម្បី​ធានា​ការពារ​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ «ស» ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​ពុធ​កន្លងមក​ថា ការ​ធ្វើ​ទំនើបកម្ម​យោធា​មិនមែន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ តែ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ការពារ​អាកាស អាវុធ​ធុន​ធ្ងន់ ការ​សង្គ្រោះ ប្រតិបត្តិការ​រក្សា​សន្តិភាព ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​ទំនើបកម្ម​កងយោធពល​ខេមរភូមិន្ទ​នេះ គឺជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​កែទម្រង់​វិស័យ​យោធា​របស់​កម្ពុជា ព្រោះ​ថា​សមត្ថភាព​កងទ័ព​របស់​កម្ពុជា​នឹង​មិន​ត្រូវ​បន្ត​ឱ្យ​ស្ថិត​នៅ​ក្នុង​សភាព​ចាស់​គម្រិល​តោកយ៉ាក ឬ​ដើរ​ថយ​ក្រោយ​ឡើយ។

បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ការ​ធ្វើ​ទំនើបកម្ម​នេះ​មិនមែន​បង្ក​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការ​ការពារ​ខ្លួន និង​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​តែប៉ុណ្ណោះ ក្នុង​នោះ​ក៏​ដើម្បី​ថែរក្សា​ការពារ​ឱ្យ​បាន​ជាដាច់ខាត​ចំពោះ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌ និង​ដើម្បី​ភាព​សុខដុមរមនា និង​វិបុលភាព​របស់​ប្រជាជាតិ​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​រថយន្ត ១៥០​គ្រឿង និង​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​ចិន ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​យោធា​របស់​ខ្លួន ទោះ​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម​ក៏ដោយ ហើយ​ការ​ចោទប្រកាន់​ថា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស គឺជា​រឿង​មិន​ពិត​ទាំងអស់។

លោក ទៀ បាញ់ លើកឡើង​ថា ការ​កសាង​ទំនើបកម្ម​យោធា​របស់​កម្ពុជា គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ព​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​ទំនើបកម្ម​នេះ កម្ពុជា​បាន​ត្រៀម​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ទើប​តែ​នឹង​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់។

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​នៅ​ពេលនេះ ទោះ​ធ្វើ​ទំនើបកម្ម​យោធា ឬ​ធ្វើ​អ្វី​ផ្សេង​ក៏ដោយ គឺ​ត្រូវតែ​ស្ថិត​ក្នុង​គោល​បំណង​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ត្រូវការ​ការ​ពង្រឹង​ជា​ចាំបាច់​ជាទីបំផុត ដើម្បី​ធានា​នូវ​បូរណភាព​ទឹកដី​របស់​ខ្លួន ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ស្ដីពី​បូរណភាព​ទឹកដី អធិបតេយ្យភាព​ដែនដី​ដែល​មិន​អាច​រំលោភ​បាន​ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ឱ្យ​បាន​ម៉ឺងម៉ាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ជាមិនខាន ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ព្រម​ប្រើ​យន្តការ​អន្តរជាតិ ជាពិសេស​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន ត្បិត​កម្ពុជា​នៅ​ពេលនេះ​មិន​ត្រឹមតែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំងមូល​ថែម​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស