31 C
Phnom Penh

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ឥណ្ឌូនេស៊ី​គំរាម​អូស​សំណុំរឿង​ទៅ UN

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា របប​សឹក​ភូមា បាន​ដោះលែង​អ្នកទោស​ជិត ៦​ពាន់​នាក់​ដែល​ក្នុង​នោះ​មាន​អ្នកទោស​មនសិការ អ្នកទោស​នយោបាយ រួម​នឹង​អ្នកទោស​ជនបរទេស​មួយ​ចំនួន​ផង​ដែរ។

ប៉ុន្តែ​ទង្វើ​របស់​របប​សឹក​ភូមា មិន​ទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចំពោះ​មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ខែ​មេសា ឆ្នាំ​២០២១ នោះ​ទេ។

ក្នុង​ពេល​បើក​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​សប្ដាហ៍​កន្លងទៅ​នោះ គឺ​របៀបវារៈ​អំពី​បញ្ហា​ភូមា ជា​ចំណុច​ក្ដៅ​គគុក​ជាង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទៅទៀត។

យ៉ាងហោចណាស់ មេដឹកនាំ​ចំនួន ៥​ប្រទេស​បាន​បញ្ចេញ​ជំហរ​ប្រហាក់ប្រហែល​គ្នា​ស្នើ​ឱ្យ​ចាត់​វិធានការ​ទៅ​លើ​របប​សឹក​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​វិធានការ​តំបន់ ឬ​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​ក៏ដោយ​នោះ។

នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​ឆ្នាំ​ក្រោយ​នេះ​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន បាន​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ គឺ​លោក ហ៊ុន សែន។ លោក ចូកូ អះអាង​ថា របប​សឹក​ភូមា​មិន​អាច​ក្លាយ​ជា​តំណាង​ប្រជាជន​ភូមា​នៅ​លើ​វេទិកា​អាស៊ាន​បាន​នោះ​ទេ ហើយ​ចាំបាច់​ត្រូវ​រក​វិធានការ​ធ្ងន់ធ្ងរ​ដើម្បី​ចាប់​បង្ខំ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា ឲ្យ​ទទួល​កំហុស​ចំពោះ​ការ​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ភូមា។

នៅ​ក្នុង​នោះ​មាន​មេដឹកនាំ​ប្រទេស​ចំនួន ៤ ទៀត​បាន​បង្ហាញ​ការ​គាំទ្រ​លោក ចូកូ វីដូដូ គឺ​តំណាង​ប្រទេស​ម៉ាឡេស៊ី មេដឹកនាំ​សិង្ហបុរី មេដឹកនាំ​ហ្វីលីពីន និង​មេដឹកនាំ​នៃ​ប្រទេស​ប្រ៊ុយណេ ប៉ុន្តែ​កម្ពុជា​ដែល​ឆ្នាំ​២០២២ នេះ​ជា​ប្រធាន​អាស៊ាន បែរ​ជា​ជំទាស់​ជំហរ​របស់​មេដឹកនាំ​ឥណ្ឌូនេស៊ី ហើយ​ក្នុង​នោះ​មាន​អតីត​មេ​រដ្ឋប្រហារ​នៅ​រាជាណាចក្រ​ថៃ ប្រាយុទ្ធ ចាន់អូចា និង​មេដឹកនាំ​ឡាវ ក៏​ជំទាស់​នឹង​លោក ចូកូ ផង​ដែរ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ឆ្នាំ​២០២៣ នេះ របប​សឹក​ភូមា​ប្រាកដ​ជា​ដឹង​ថា ឥណ្ឌូនេស៊ី​មិន​មែន​ដូច​កម្ពុជា​ដែល​ទុក​ឱកាស​ឱ្យ​របប​សឹក​ភូមា​មាន​អំនួត​នឹង​អំណាច​ឆ្កួត​លីលា ដោយសារតែ​រដ្ឋប្រហារ​នោះ​ទេ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ប្រទេស​បួន​នៃ​សមាគម​អាស៊ាន​ដែល​មាន​ផែនការ​យក​សំណុំរឿង​ភូមា ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​សិង្ហបុរី។

សំណុំរឿង​របប​សឹក​នេះ ការពិត​វា​ធ្លាក់​ទៅ​ក្នុង​ការ​រក​ដំណោះស្រាយ​ចាត់​វិធានការ​ជាច្រើនលើក​មក​ហើយ​នៅ​មុន​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន គឺ​នៅ​ឯ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ពុំ​មាន​វិធានការ​ណា​ធ្ងន់ធ្ងរ​បំផុត​ដាក់​ទៅ​លើ​របប​សឹក​បាន​នោះ​ទេ ព្រោះតែ​ប្រទេស​ចិន និង​រុស្ស៊ី​បោះឆ្នោត​ជំទាស់។

ចូល​មក​ដល់​ឆ្នាំ​២០២៣ ខាងមុខ​នេះ ឥណ្ឌូនេស៊ី​បាន​ប្រកាន់​ជំហរ​រួច​ហើយ​ថា បើ​អាស៊ាន​ធ្វើ​មិន​បាន​ទៅ​លើ​របប​សឹក​ភូមា​ទេ គឺ​អាស៊ាន​ត្រូវតែ​មូលមតិ​គ្នា​រុញ​រឿង​ភូមា​នេះ​ទៅ​កាន់​មហាសន្និបាត​ជា​ថ្មី​ម្ដង​ទៀត មិនមែន​ត្រឹមតែ​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​នេះ​ទេ។

នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ដែល​ធ្លាប់​ថ្លែង​ដូចនេះ​ច្រើន​លើក​មក​ហើយ​នៅ​ឯ​វេទិកា​ធំៗ​ក្នុង​សមាគម​អាស៊ាន។

នៅ​ពេល​ដែល​ជំនួប​រវាង​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​អាមេរិក​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា របៀបវារៈ​អំពី​ប្រទេស​ភូមា ក៏​ត្រូវ​បាន​អាមេរិក​លើក​មក​ពិភាក្សា​ផង​ដែរ។

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា អាស៊ាន​មិន​ត្រូវ​ទុក​ឱកាស​ឱ្យ​របប​សឹក​ភូមា បន្ត​កាប់​សម្លាប់​ប្រជាជន​ភូមា​ជា​រៀង​រាល់​ថ្ងៃ​ទៀត​នោះ​ទេ។ លោក បៃដិន ទទូច​ថា អាស៊ាន​ត្រូវតែ​រួម​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាង​ណា​រុញ​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច គឺ​ដក​អំណាច​ពី​របប​សឹក​ទៅ​ឱ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ឡើងវិញ។

នៅ​ក្នុង​វេទិកា​អាស៊ាន​ជាមួយ​នឹង​ប្រទេស​នៃ​មេដឹកនាំ​សហភាព​អឺរ៉ុប ក៏​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ព្យាយាម​លើកឡើង​អំពី​ប្រទេស​ភូមា​ផង​ដែរ គឺ​មិន​ខុស​នឹង​លោក បៃដិន នោះ​ទេ។

ដូចនេះ ការ​ដែល​ភូមា​ដោះលែង​អ្នកទោស​ជិត ៦​ពាន់​នាក់​ដែល​មើល​ទៅ​ក៏​មាន​អ្នកទោស​មនសិការ និង​នយោបាយ​ផង​ដែរ​នោះ ទំនង​ពួក​យោធា​ដឹង​ខ្លួន​ឯង​ថា ឆ្នាំ​២០២៣ នេះ ប្រធាន​អាស៊ាន​មិនមែន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ដែល​ត្រូវ​អ្នកវិភាគ​ចាត់ទុក​ថា​ជា​អ្នក​សម្របសម្រួល​ស្ថានការណ៍​ឱ្យ​របប​សឹក​ភូមា​រក​មធ្យោបាយ​អូស​ពេលវេលា​ដើម្បី​កាន់​អំណាច​ទៅ​មុខ​ទៀត។

របប​សឹក​ភូមា​ច្បាស់​ណាស់​ដឹង​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​សមាគម​អាស៊ាន ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាងគេ ហើយ​មិន​ក្លែងក្លាយ។ ដូច្នេះ ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត គឺ​ប្រទេស​ទាំងនោះ​អាច​នឹង​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​សំណូមពរ ឬ​ក៏​ការ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា។ ក្នុង​ន័យ​នេះ កម្ពុជា​ជិត​មួយ​ឆ្នាំ​មក​នេះ រយីករយាក​មិន​បាន​ធ្វើ​អ្វី​លើ​ប្រទេស​ភូមា​ឱ្យ​មាន​លទ្ធផល​ជា​ដុំកំភួន​នោះ​ទេ ហើយ​គោលការណ៍​ប្រាំ​ចំណុច​ដែល​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង ចុះហត្ថលេខា​នៅ​ចំពោះ​មុខ​មេដឹកនាំ​អាស៊ាន​នៅ​ទីក្រុង​ចាកាតា កាលពី​ខែ​មេសា ក្នុង​នោះ​គ្មាន​ចំណុច​ណា​មួយ​ដែល​ក្លាយ​ជា​លទ្ធផល​ធ្វើ​ឱ្យ​ធូរស្រាល​វិបត្តិ​នយោបាយ​នៅ​ភូមា​នោះ​ទេ ជាពិសេស​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ។

បន្ថែម​លើ​នេះ អ្នក​នយោបាយ​ល្បីៗ​មិនទាន់​ដោះលែង​នោះ​ទេ​ក្នុង​នោះ​រួម​មាន ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី មីន ម្យីន និង​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​រាប់​រយ​នាក់​នៅ​បន្ត​ឃុំ​ខ្លួន​នៅឡើយ។

នៅ​ខណៈ​ដែល​ភូមា​ចាប់​អ្នក​ប្រឆាំង​នៃ​របប​របស់​ខ្លួន​ជាង ១​ម៉ឺន ៦​ពាន់​នាក់​ដាក់​ឃុំ​នៅឡើយ​នោះ របប​សឹក​នេះ​បាន​សម្លាប់​អ្នក​ប្រឆាំង​របស់​ខ្លួន​កើន​ដល់​ទៅ​ជាង ២៤០០​នាក់​ទៅ​ហើយ។ ក្នុង​ចំណោម​អ្នកទោស​ជិត ៦​ពាន់​នាក់​នេះ គឺ​តួលេខ​ដែល​បញ្ជាក់​ថា​អ្នកទោស​មនសិការ និង​នយោបាយ​ត្រូវ​ដោះលែង​នោះ គឺ​មាន​ចំនួន​តិចតួច​បំផុត។

ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី គេ​ពុំ​បាន​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​របប​សឹក​ដែល​ដោះលែង​អ្នកទោស​ដូចនេះ​ទេ លើកលែងតែ​ប្រទេស​កម្ពុជា គឺ​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន ជា​ប្រេសិត​របស់​កម្ពុជា​ឆ្នាំ​២០២២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្នុង​នាម​ប្រធាន​អាស៊ាន​អបអរ​សាទរ​របប​សឹក​ដោះលែង​អ្នកទោស ប៉ុន្តែ​សំណួរ​សួរ​ថា តើ​មាន​អ្នកទោស​នយោបាយ​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​អ្នកទោស​ជិត ៦​ពាន់​នាក់​ដែល​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស